ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដកហូតដីពីគម្រោងវិនិយោគទេសចរណ៍ មិនដំណើរការ ដើម្បីដាំស្តារព្រៃឡើងវិញ

២៦ មីនា ២០២៤ | ព័ត៌មានជាតិ


ក្រសួងបរិស្ថាន បានដកហូតដីជាង ៤០ហិកតា ពីគម្រោងអភិវឌ្ឍទេសចរណ៍ធម្មជាតិ ចំនួន ៥ ដែលមិនដំណើរការជាច្រើនឆ្នាំកន្លងមក។ ដីដែលត្រូវបានដកហូតនេះ ក្រសួងបរិស្ថាន នឹងដាំព្រៃឈើឡើងវិញ។ក្រសួងបរិស្ថាន បានឲ្យដឹងនៅថ្ងៃទី២៥ ខែមីនានេះថា ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថានកាលពីចុងសប្តាហ៍នេះ បានចុះពិនិត្យនិងវាយតម្លៃដោយផ្ទាល់ លើគម្រោងវិនិយោគទេសចរណ៍ចំនួន១៣ កន្លែងនៅក្នុងតំបន់ការពារធម្មជាតិ នៅក្នុងខេត្តពោធិ៍សាត់  ដែលមានផ្ទៃដីប្រមាណជាង ៦០ហិកតា ។ 

 


ទន្ទឹមនេះ ក្នុងពេលចុះពិនិត្យដោយផ្ទាល់នៅលើទីតាំងក្រុមហ៊ុនវិនិយោគចំនួន៥ ដែលមាន៣ទីតាំក្នុងតំបន់ស្នូល និង២ទីតាំងនៅក្រៅតំបន់ សរុបទំហំជាង៤៣ហិកតា ត្រង់ចំណុចភ្នំ១៥០០ នៃភូមិសាស្រ្តដែនជម្រកសត្វព្រៃភ្នំសំកុស ក្រសួងបរិស្ថានសម្រេចធ្វើការដាំស្តារព្រៃឈើឡើងវិញ បន្ទាប់ពីបានវាយតម្លៃថា គម្រោងមិនបានអនុវត្តតាមគោការណ៍របស់រាជរដ្ឋាភិបាល និងមិនបានដំណើរការជាច្រើនឆ្នាំកន្លងមក ព្រមទាំងការដាំស្តារព្រៃដែលរិចរឹលនៅកន្លែងមួយចំនួនទៀត នៅក្នុងតំបន់ការពារធម្មជាតិនោះផងដែរ។

 


ឯកឧត្ដម អ៊ាង សុផល្លែត បានបញ្ជាក់ថា តំបន់វិនិយោគអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដែលមិនបានអនុវត្តតាមកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាល គឺត្រូវបានដកហូតមកវិញ ដោយឃ្លុំទុក ដើម្បីដាំស្តារព្រៃឡើងវិញ។ ជាមួយគ្នានេះ ចំពោះតំបន់ព្រៃ ដែលបានពីការដកហូតត្រឡប់មកវិញពីការកាប់ទន្រ្ទាន និងព្រៃរិចរិលដោយធម្មជាតិ ក៏នឹងត្រូវដាំស្តារព្រៃឈើឡើងវិញផងដែរ ហើយការអនុវត្តដាំស្តារ គឺធ្វើឡើងទូទាំងប្រទេសតែម្តង ដើម្បីបង្កើនគម្របព្រៃ៦០% នៅឆ្នាំ២០៥០។

 


បើតាមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ការដាំស្តារព្រៃឈើឡើងវិញនេះ គឺស្របទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតម្រូវឲ្យក្រសួងបរិស្ថាន និងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លើការគ្រប់គ្រងធនធានធម្មជាតិ ឲ្យបានម៉ឺងម៉ាត់នៅទូទាំងប្រទេស។ ជាមួយនឹងការចុះពិនិត្យដល់មូលដ្ឋានតំបន់ការពារនេះ ឯកឧត្តមបានសំណូមពរ ដល់ប្រជាពលរដ្ឋចូលរួមដាំកូនឈើឱ្យបានច្រើន និងបន្តចូលរួមសហការជាមួយក្រសួងបរិស្ថាន និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការបង្ក្រាបនិងទប់ស្កាត់បទល្មើលធនធានធម្មជាតិ។

 


សូមជម្រាបថា ក្រសួងបរិស្ថានបានត្រៀមលក្ខណៈ ក្នុងការដាំស្តារព្រៃឈើជាង១លានដើម ចាប់ពីរដូវវស្សា ឆ្នាំ២០២៤នេះតទៅ។ ក្រសួងបានឲ្យដឹងថា គិតមកដល់ពេលនេះ មន្ទីរបរិស្ថានរាជធានីខេត្តនានា បានរៀបចំបណ្តុះកូនឈើ បានគ្រប់ផែនការមានចំនួនជាង ១លានដើមហើយ សម្រាប់ការដាំស្តារព្រៃឈើ ក្នុងនោះ មន្ទីរបណ្តុះកូនឈើបានចំនួនជាង ៧០ម៉ឺនដើម និងបានចែកជូនប្រជាពលរដ្ឋជាបណ្តើរៗយលទៅដាំតាមផ្ទះ សាលារៀន វតត្តអារាម និងនភតាមសហគមន៍។ នដោយឡែក ឯកឧត្តម អ៊ាង សុផល្លែត បានផ្តល់កូនត្នោតចំនួនជាង ៣០ម៉ឺន ដើមថែមទៀត សម្រាប់យុទ្ធនាការចែកជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ៕
 

 

 


អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ផ្តល់ដោយជំនាញ និងឯកសារ 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024