ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥
ការរីកចំរើនរបស់សង្គម និងរបៀបរបបនៃការរស់នៅរបស់ពលរដ្ឋនៅក្នុងទីក្រុង បានជំរុញឱ្យមានការបើកហាងសំលៀកបំពាក់ម៉ាកថ្លៃៗ កាន់តែច្រើន។ ប៉ុន្តែទន្ទឹមគ្នានោះ ក៏ស្រាប់តែហាងលក់ខោអាវជជុះក៏រីកដុះដាលដូចផ្សិតដូចគ្នាផងដែរ។ ទាំងអ្នកលក់ខោអាវជជុះ និងអតិថិជន ទាំងអស់គ្នាបានអះអាងថា ខោអាវជជុះឥឡូវស្អាតៗ និងមានម៉ូតច្រើនដូចសំលៀកបំពាក់ថ្មីដែរ ហើយថែមទាំងមានតម្លៃសមរម្យទៀតផង ។ ហេតុដូច្នេះហើយបានជាអតិថិជនប្តូររបត់ចូលចិត្តស្វែងរកខោអាវជជុះវិញម្តង។ហាងលក់ទំនិញ ឬសម្លៀកបំពាក់ជជុះ នាពេលបច្ចុប្បន្នដោយសង្កេតឃើញថា មានការកើនឡើងបើប្រៀបធៀបទៅនឹងកាលពីពេលកន្លងទៅ។ ទោះយ៉ាងណានៅពេលដែលតម្រូវការរបស់អតិថិជននៅតែបន្តផ្លាស់ប្តូរ កត្តារួមបញ្ចូលគ្នាបានធ្វើឱ្យទីផ្សារទំនិញដែលប្រើប្រាស់រួចមានការកើនឡើងជាលំដាប់។
ជាក់ស្តែងបើនិយាយពីទំនិញជជុះ គេប្រាកដជានឹកទៅដល់មុនគេនោះ គឺផ្សារបឹងកេងកង ដែលសំបូរទៅដោយអាវជជុះបុរស នារី ស្បែកជើងជជុះ និងអាវជជុះកូនក្មេងជាដើម មានគ្រប់ប្រភេទ និងគ្រប់ជម្រើសទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជន។ អាជីវករលក់ដូរខោអាវជជុះក្បាលគីប នៅផ្សារបឹងកេងកង បានលើកឡើងថា បច្ចុប្បន្ននេះ ខោអាវជជុះក្បាលគីប នៅតែជាទីពេញនិយមសម្រាប់យុវវ័យទាំងប្រុសទាំងស្រី មិនថាអ្នកមានជីវភាពធូធារ ឬអ្នកមានជីវភាពមធ្យម ក៏នៅតែបន្តមកទិញសម្លៀកបំពាក់នៅទីនេះដែរ។ ការជ្រើសរើសទិញសម្លៀកបំពាក់មួយទឹកបែបនេះ មិនត្រឹមតែកាន់បន្ថយការចំណាយប៉ុណ្ណោះទេ តែគុណភាពវិញក៏មិនចាញ់ខោអាវដែលលក់នៅបណ្ដាហាងមួយចំនួនធំនោះឡើយ។
កញ្ញា វណ្ណ លីដា ជាអាជីវករលក់ខោអាវក្បាលគីប នៅផ្សារបឹងកេងកង បានប្រាប់ក្រុមការងារសេដ្ឋកិច្ចភីអិនអិន ឲ្យដឹងថា គ្រប់តូបលក់ខោអាវជជុះក្បាលគីប នៅផ្សារបឹងកេងកង សុទ្ធតែទទួលបានអតិថិជនមកពីគ្រប់ទិសទី មិនថាតែភ្ញៀវខ្មែរ និងភ្ញៀវបរទេស ក៏និយមមកទិញសម្លៀកបំពាក់មួយទឹកនៅតូបរបស់កញ្ញា និងតូបផ្សេងៗទៀត ក្នុងផ្សារបឹងកេងកងនេះដែរ។
ចំនែកឯ ភ្ញៀវខ្លះជាអ្នកនិយមលេងម៉ូតសម្លៀកបំពាក់ដែលប្រើប្រាស់រួច ព្រោះវាមានតម្លៃថោកសមរម្យ ម៉្យាងទៀតប្រជាប្រិយភាពនៃរបស់របរដែលប្រើប្រាស់រួច គឺផ្សារភ្ជាប់ទៅនឹងការផ្លាស់ប្តូរឥរិយាបថរបស់អតិថិជនចំពោះការស្លៀកពាក់និងការប្រើប្រាស់ទំនិញជជុះ។ អតិថិជនដែលមកទិញខោអាវនៅផ្សារបឹងកេងកងនេះ ភាគច្រើនគឺយុវវ័យដែលនិយមចូលចិត្ត ខោខាប៊យ អាវយឺត ដែលសុទ្ធសឹងតែស្អាតៗ និងមានតម្លៃធូរថ្លៃជាងសម្លៀកបំពាក់ថ្មីៗនៅតាមបណ្ដាហាងមួយចំនួនទៀត ដែលភ្ញៀវធ្លាប់បានទិញកន្លងមក។
ដោយឡែក លោក ហុង តារា ជាអាជីវករលក់ខោអាវជជុះបុរស នៅផ្សារបឹងកេងកងជិត២០ឆ្នាំមកហើយ បានឲ្យដឹងថា ខោអាវជជុះ មានពេលខ្លះ អាចលក់ដាច់ជាងខោអាវនៅតាមហាងក៏មានផងដែល ។ ដោយខោអាវហាងមានតម្លៃខ្ពស់ ព្រោះខោ១អាចឡើងដល់ ៤០ដុល្លារ ខណៈខោជជុះត្រឹម ១០០០០ រៀលស្មើនិង ២ ដុល្លារកន្លះប៉ុណ្ណោះ ដោយក្នុង១គីប ទិញចូលមានតម្លៃចាប់ពី៣០០ដុល្លាឡើងទៅ។
ការទិញសម្លៀកបំពាក់ជជុះមិនប្រកាន់វ័យ មានភ្ញៀវខ្លះ គាត់ជាអ្នកមានលុយ មានទាំងមន្ត្រីរាជការ ប្រធានក្រុមហ៊ុន ក្មេងចាស់ប្រុសស្រី ដោយភ្ញៀវខ្លះទៀតចំណាយថវិការក្នុងការម្តង ទាបបំផុត៤ម៉ឺនរៀលឡើង និងច្រើនបំផុត៣០ម៉ឺនរៀលឡើង។ លោក តារា បន្តថា សព្វថ្ងៃនេះលោកបានពង្រីកមុខរបររបស់លោក ដែលមាននៅក្នុងផ្សាររហូតដល់មាន២កន្លែង ទៀតសោត ផ្សារបឹងកេងកងត្រូវបានគេទទួលស្គាល់ថា ថាជាផ្សារដែលមានលក់សម្លៀកបំពាក់ជជុះក្បាលគីបលេខ១ និងមានភាពល្បីល្បាញតាំងពីឆ្នាំ២០០៧ រហូតមកដល់សព្វថ្ងៃនេះ។
មិនខុសគ្នាប៉ុន្មាននោះទេ លោក ណែម តារារិទ្ធ ជាអាជីវករលក់ខោអាវជជុះបុរស បានឲ្យដឹងបន្ថែមថា ផ្សារបឹងកេងកងជាផ្សារមួយដែលបងប្អូនប្រជាជនខ្មែរ មានការនិយមស្គាល់ច្រើន ពិសេសសម្លៀកបំពាក់ជជុះ និងមានតម្លៃសមរម្យ ទាំងគុណភាព និងតម្លៃ ។ លោកបន្តថា ដោយមិនចង់ធ្វើការឲ្យគេ លោកក៏បានចំណាយថវិការខ្ពង់ពាន់ដុល្លា ក្នុងការបើកនូវមុខរបរមួយនេះដែលមានរយះពេល១០ជាងមកហើយដែលទទួលបានអតិថិជនទាំងខ្មែរ និងបរទេស។ ចំនែកឯចំណូលរបស់លោកក្នុង១ខែចាប់ពី១លានរៀនឡើងទៅ ដោយក្នុង១គីបមានតម្លៃចន្លោះ២-៣ រយដុល្លា។
លោក ចាន់ ចន ជាអតិថិជនទិញសម្លៀកបំពាក់ជជុះក្បាលគីបបំពាក់ផ្សារបឹងកេងកង បានឲ្យដឹងថា លោកជ្រើសរើសមកទិញខោអាវនៅទីនេះដោយសារតែ៖ ទី១. ខោអាវមានគុណភាពល្អគួរសម ទី២. ខោអាវមានតម្លៃធូរថ្លៃជាងហាងខោអាវថ្មី ទី៣. សម្បូរខោអាវយុវវ័យ សម្រាប់បុរស និងនារី។ លោកបន្តទៀតថា មិនមែនលោកទិញសម្លៀកបំពាក់តែផ្សារបឹងកេងកងមួយនោះទេ ពេលខ្លះ ក៏លោកសម្រេចចិត្តចូលទិញសម្លៀកបំពាក់ នៅហាងទំនើបនោះដែរ។ ការទិញសម្លៀកបំពាក់ទាំងថ្មី ទាំងជជុះបែបនេះ ធ្វើឲ្យលោកងាយស្រួលក្នុងការស្លៀកផ្លាស់ប្ដូរនៅតាមកាលៈទេសៈ ដូចជា នៅពេលចូលរួមកម្មវិធី គាត់ស្លៀកពាក់ខោអាវថ្មី។
ចំណែកពេលនៅផ្ទះ ឬដើរលេងកម្សាន្ត លោកអាចជ្រើសរើសសម្លៀកបំពាក់ក្បាលគីប ដើម្បីស្លៀកព្រោះគិតថា សមរម្យទៅតាមពេលវេលាទាំងនោះដែរ។ ខោអាវជជុះនេះ បើទោះជាមិនថ្មីស្រឡាងចេញពីហាងក៏ដោយ តែអ្នកមានទ្រព្យធនបន្តិចបន្តួចអាចទិញយកស្លៀកពាក់ហើយអាចបន្លំនិងសម្លៀកបំពាក់ថ្មីៗបាន។ បងប្រុសដដែលបន្តថា ខោអាវជជុះដែលមានតម្លៃ ១ម៉ឺនរៀលឡើង មានគុណភាពល្អស្អាតនិងមិនចាញ់សម្លៀកបំពាក់ចេញពីហាងប៉ុន្មានឡើយ។ លោកបន្តថា លោកមិនរើសអើងថា ខោអាវជជុះ ឬសម្លៀកបំពាក់ថ្មីនោះទេ ឱ្យតែមើលទៅនៅថ្មីគួរសម និងមានម៉ូតស្អាតៗគឺបានហើយ។ ដោយលោកចំណាយត្រឹម៥០ដុល្លា ក្នុងការទិញសម្លៀកបំពាក់១ម្តង។
សូមរំលឹកថា ហាងលក់របស់របរជជុះ និងសម្លៀកបំពាក់ជុជុះនៅតាមផ្សារក្នុងរាជធានីភ្នំពេញ កំពុងតែមានការចាប់អារម្មណ៍ខ្លាំងពីគរប់ស្រទាប់យុវវ័យកាន់តែច្រើនឡើងៗចំពោះទំនិញដែលប្រើប្រាស់រួច ខណៈដែលពួកគេអាចរកឃើញរបស់ដែលមានគុណភាពខ្ពស់ ប្លែក និងកម្រ ដែលមិនត្រូវបានផលិតនៅក្នុងប្រទេសកម្ពុជា។
សូមជម្រាបថា បើទោះបីជាប្រទេសកម្ពុជាទទួលបានការចាប់អារម្មណ៍ក្នុងការប្រើប្រាស់ទំនិញជជុះនេះចុងក្រោយគេ ក៏សកម្មភាពនេះមានការកើនឡើងគួរឲ្យកត់សម្គាល់នៅតាមហាងលក់រាយនានានៅកម្ពុជា។ ខណះអ្នកសេដ្ឋកិច្ច លើកឡើងថា នេះជាចរន្តល្អមួយដែលផ្តល់ជំរើសបន្ថែម សម្រាប់ប្រជាពលរដ្ឋដែលមិនសូវមានធនធានហិរញ្ញវត្ថុ។
អត្ថបទ: ថុន សុកេតុមាលា រូបភាព: អ៊ិន អាត