ថ្ងៃអង្គារ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២៤
រដ្ឋាភិបាលកូរ៉េខាងត្បូងនៅថ្ងៃច័ន្ទ(២៦កុម្ភៈ)នេះ បានប្រាប់ទៅក្រុមវេជ្ជបណ្ឌិតវ័យក្មេងថា ពួកគេមានពេលរហូតដល់ចុងខែកុម្ភៈ(២៩កុម្ភៈ) ត្រូវត្រលប់ចូលធ្វើការវិញ បើមិនដូច្នេះទេ ពួកគេនឹងត្រូវទណ្ឌកម្មដោយសារពួកគេធ្វើបាតុកម្មយូរដែលរំខានដល់សេវាកម្មអ្នកជំងឺនៅតាមមន្ទីរពេទ្យធំៗជាច្រើន។
វេជ្ជបណ្ឌិតជាច្រើន ពួកគេបានឈប់ធ្វើការហើយចេញមកធ្វើបាតុកម្មប្រឆាំងនឹងផែនការរដ្ឋាភិបាលដែលនឹងបង្កើនចំនួនសិស្សចូលរៀនសាលាពេទ្យក្នុងបំណងដោះស្រាយបញ្ហាកង្វះវេជ្ជបណ្ឌិតដែលគេរំពឹងថា ស្ថានភាពនឹងអាក្រក់ឡើងក្នុងសង្គមកូរ៉េខាងត្បូងដែលនឹងមានចំនួនមនុស្សចាស់ច្រើនឆាប់ៗនេះ។
បាតុកម្មរបស់ក្រុមវេជ្ជបណ្ឌិត បានបង្ខំឱ្យមន្ទីរពេទ្យជាច្រើនមិនទទួលអ្នកជំងឺ និងលុបចោលការណាត់ជួបវះកាត់ព្យាបាលជំងឹ។
«ដោយពិចារណាឃើញស្ថានភាពយ៉ាប់យ៉ឹន រដ្ឋាភិបាលបានចេញការជូនដំណឹងថ្មីចុងក្រោយបំផុត។ ស្ថានភាពចលាចលបានដាក់បន្ទុកខ្លាំងលើមន្ទីរពេទ្យ ហើយសេវាកម្មសង្គ្រោះបន្ទាន់បានធ្លាក់ទៅក្នុងស្ថានភាពគ្រោះថ្នាក់»។ យោងលោក Lee Sang-min រដ្ឋមន្ត្រីក្រសួងសុវត្ថិភាពកូរ៉េ។ រដ្ឋមន្ត្រីកូរ៉េរូបនេះបន្តថា «ប្រសិនបើអ្នកត្រលប់ទៅមន្ទីរពេទ្យដែលអ្នកទុកចោល នៅត្រឹមថ្ងៃ២៩កុម្ភៈ អ្នកនឹងមិនទទួលខុសត្រូវរាល់អ្វីដែលបានកើតឡើងឡើយ»។
ក្រុមវេជ្ជបណ្ឌិតវ័យក្មេងដែលធ្វើបាតុកម្មលើកឡើងថា រដ្ឋាភិបាលជាដំបូងគួរដោះស្រាយប្រាក់ឈ្នួលការងារ និងលក្ខខណ្ឌការងារមុនពេលព្យាយាមបង្កើនចំនួនវេជ្ជបណ្ឌិត។
អត្ថបទ៖ណាវ័ន្ត