ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា២០២៤  «ទំព័រថ្មីនៃអនុស្សាវរីយ៍» ត្រៀមផ្តល់ការកម្សន្ត និងចំណេះដឹងជាច្រើនដល់អ្នកចូលរួម!

២៣ កុម្ភៈ ២០២៤ | កម្សាន្ដ

 

 

មកទទួលយកបទពិសោធន៍ការកម្សាន្តប្រកបដោយចំណេះដឹងពីមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា២០២៤ ក្រោមប្រធានបទ «ទំព័រថ្មីនៃអនុស្សាវរីយ៍»  ដែលមហោស្រពនេះ ចាប់ផ្តើមពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

 


មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា២០២៤ ក្រោមប្រធានបទ «ទំព័រថ្មីនៃអនុស្សាវរីយ៍» បានប្រារព្ធរៀបចំពិធីបើកយ៉ាងអធិកអធម កាលពីល្ងាចថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា , ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា , លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងភ្ញៀវកិត្តិយស និងសាធារណជនយ៉ាងច្រើនកុះករ នៅមជ្ឈមណ្ឌលសហប្រត្តិបត្តិការកម្ពុជា-ជប៉ុន(CJCC)។

 

 

ក្នុងពិធីបើកមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា២០២៤ នេះក៏មានការសម្តែងរបាំបុរាណខ្មែរ-ជប៉ុន ជាការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក រួមទាំងការសម្តែងសិល្បៈផ្សេងៗផងដែរ។

 

 

លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថា សម្រាប់មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា២០២៤នាថ្ងៃនេះ យើងបានជ្រើសរើសប្រធានបទថា «ទំព័រថ្មីនៃអនុស្សាវរីយ៍» ដើម្បីចូលរួមប្រារព្ធខួបលើកទី២០ នៃការបង្កើត CJCC និងក្នុងរូបភាព គឺជាការបើកទំព័រថ្មីបន្តទៀត។ 

 

 

រយៈពេល ៣ថ្ងៃបន្ទាប់ យើងនឹងរៀបចំសកម្មភាពវប្បធម៌ជាច្រើនដូចជា កម្មវិធីខូសផ្លេ សិក្ខាសាលារបាំអាវ៉ាអូដូរី ការចែករំលែកព័ត៌មានស្តីពីអាហារូបករណ៍ ការសរសេអក្សរផ្ចង់ជប៉ុន សិក្ខសាលាធ្វើស៊ូស៊ី និងសកម្មភាពជាច្រើនទៀត។

 

 

ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា សង្ឃឹមថា អ្នកទាំងអស់គ្នានឹងចូលរួមកម្មវិធីដ៏ពិសេសទាំងនេះ និងរីករាយជាមួយនឹងវប្បធម៌ចម្រុះរបស់ជប៉ុន ព្រមទាំងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីទិដ្ឋភាពទាំងប្រពៃណី និងទំនើបរបស់ជប៉ុន ដែលនាំឱ្យយើងមានអារម្មណ៍ស្និតស្នាលបន្ថែមទៀតជាមួយប្រទេសជប៉ុន។ បន្ថែមពីលើនោះ លោកក៏សង្ឃឹមថា មិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជានៅតែបន្តអភិវឌ្ឍជានិច្ច បន្តពីខួបលើកទី៧០ នៃមិត្តភាពរបស់ប្រទេសយើងទាំងពីរកាលពីឆ្នាំមុន។

 

 

សូមជម្រាបថា មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា២០២៤ ក្រោមប្រធានបទ «ទំព័រថ្មីនៃអនុស្សាវរីយ៍» ចាប់ប្រព្រឹត្តឡើងពីថ្ងៃ ២២ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបរិវេនមជ្ឈមណ្ឌលសហប្រត្តិបត្តិការកម្ពុជា-ជប៉ុន(CJCC)។

 

 

 មកទទួលយកបទពិសោធន៍ការកម្សាន្តប្រកបដោយចំណេះដឹងពីមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា២០២៤ ឱ្យបានច្រើនកុះករ ព្រោះឆ្នាំនេះមហោស្រពគីហ្សូណា បានដាក់បញ្ចូលសកម្មភាពសប្បាយៗជាច្រើន ដែលផ្តល់ទាំងការកម្សាន្ត និងចំណេះដឹងទៅកាន់អ្នកចូលរួម ពិសេសគឺការបង្ហាញសិល្បៈវប្បធម៌កម្ពុជា-ជប៉ុន ជាការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមកឆ្ពោះទៅការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ៕
 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ហ៊ុន សុជាតា

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024