ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

អនុវិទ្យាល័យស្ទឹងជ្រៅ សង្ឃឹមថា នឹងចាកផុតពីលិចទឹក ក្រោយទទួលបានជំនួយពីសមាគមឧកញ៉ា

២០ កុម្ភៈ ២០២៤ | ព័ត៌មានជាតិ

កាលពីព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤  សមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ បាននាំយកអំណោយ ជាថវិកា និងសម្ភារនានា ទៅជូនអនុវិទ្យាល័យស្ទឹងជ្រៅ ស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីដោះស្រាយការលំបាករបស់សាលាក៏ដូចជាគាំពារការសិក្សាដល់សិស្សក្រីក្រ។ លោកនាយកសាលា តំណាងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាអ្នកអាណាព្យាបាលសិស្ស បានសម្តែងការសប្បាយរីករាយ ចំពោះអំណោយរបស់សមាគមឧកញ៉ាកម្ពុជា ក៏ដូចជា សប្បុរសជនផ្សេងទៀត។

 


ឆ្លើយតបនឹងការលំបាករបស់អនុវិទ្យាល័យស្ទឹងជ្រៅ ដែលតែងតែលិចទឹកនៅរដូវវស្សា ខណៈដែលសិស្សានុសិស្សមួយចំនួនមករៀនមិនទាន់ពេលឬមិនទៀងទាត់ដោយសារខ្វះខាតមធ្យោបាយធ្វើដំណើរ សមាគមឧកញ៉ាកម្ពុជាដែលមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានបានដោះស្រាយក្តីកង្វល់និងការលំបាកទាំងនេះ។ កាលពីព្រឹកថ្ងៃអាទិត្យទី ១៨ កុម្ភៈ ឆ្នាំ ២០២៤ អ្នកឧកញ៉ា លី យ៉ុងផាត់ ព្រមទាំងថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជាដែលមានអ្នកឧកញ៉ា លី ហួរ, អ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា ផៃ ហុកឈួន អ្នកឧកញ៉ា ហេងឡុង អ្នកឧកញ៉ា ហ៊ុន ឡាក់ និងអ្នកឧកញ៉ា ជំទាវឧកញ៉ា និងឧកញ៉ា ជាច្រើនទៀតបាននាំអំណោយជាច្រើនទៅជូនអនុវិទ្យាល័យស្ទឹងជ្រៅ។  

 

 

ក្រៅពីសមាគមឧកញ៉ាកម្ពុជា ក៏មានសប្បុរសជនមួយចំនួនទៀតបានចូលរួមចំណែកក្នុងកម្មវិធីសប្បុរសធម៌នោះផងដែរ ដូចជាឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមូលនិធិអប់រំកុមារជាដើម។ អំណោយដែលសមាគមឧកញ៉ាកម្ពុជា បានឧបត្ថម្ភជារួមមាន ការ៉ូឡាសម្រាប់ក្រាលក្នុងបរិវេណសាលាដើម្បីកុំឱ្យលិចទឹកដែលមានទំហំប្រមាណ ១ ១៥០ ម៉ែត្រការ៉េ រួមទាំងខ្សាច់ ស៊ីម៉ង់ត៍ និងព្រំការ៉ូឡា ក៏ដូចជាសៀវភៅ ធ្នើសម្រាប់ដាក់សៀវភៅក្នុងបណ្ណាល័យ សម្ភារសិក្សា ឯកសណ្ឋានសិស្ស កាបូប ស្បែកជើង សម្លៀកបំពាក់ កង់ ព្រមទាំងថវិកាជូនចំពោះលោកគ្រូ អ្នកគ្រូ អាជ្ញាធរដែនដី អ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្សសរុប ២៦០រូប ដែលសរុបជាថវិកាចំនួនជាង ៥៦០០០ ដុល្លារអាម៉េរិក។  

 

 

ចំណែកមូលនិធិអប់រំកុមារដែលមានបណ្ឌិត គី សេរីវឌ្ឍន៍ ជាប្រធានបានចូលរួមចំណែកក្នុងកម្មវិធីសប្បុរសធម៌នេះដោយឧបត្តម្ភកង់ចំនួន ៤គ្រឿង, ឯកឧត្តម ប៉ែន បូណា កង់២គ្រឿង និងសប្បុរសជនមួយចំនួនទៀតក៏បានឧត្តម្ភកង់មួយចំនួនដែរ។ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជានិងជាអ្នកនាំពាក្យសមាគមបានថ្លែងពីដើមហេតុនៃកម្មវិធីសប្បុរសធម៌នេះថា ក្រោយពីទទួលសំណើររបស់នាយកសាលាតាមរយៈឯកឧត្តម ប៉ែន បូណា សមាគមឧកញ៉ាកម្ពុជាក៏បានចាត់ក្រុមការងារមកពិនិត្យផ្ទាល់ដល់ទីកន្លែងដើម្បីបានឃើញផ្ទាល់ភ្នែកអំពីការខ្វះខាតរបស់សាលា ហើយក៏បានសម្រេចជួយតាមសំណូមពររបស់លោកនាយកសាលា។

 

 

លោក ស៊្រុន ចន្ទសុវណ្ណ នាយកវិទ្យាល័យបានសម្តែងការត្រេកអរខ្លាំងចំពោះអំណោយទាំងនោះ ដោយសង្ឃឹមថា ចាប់ពីពេលនេះទៅ អនុវិទ្យាល័យស្ទឹងជ្រៅ នឹងលែងលិចទឹកទៀតហើយ ខណៈដែលសិស្សដែលខ្វះខាតមធ្យោបាយធ្វើដំណើរក៏ត្រេកអរយ៉ាងខ្លាំងដែលទទួលបានកង់និងសម្ភារៈសិក្សា ក៏ដូចជាថវិកាមួយចំនួនទៀតពីសមាគមឧកញ៉ាកម្ពុជា។

 


អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានមានប្រសាសន៍ថា ខ្ញុំមានក្តីសង្ឃឹមយ៉ាងមុតមាំថា អំណោយដែលសមាគមឧកញ៉ាកម្ពុជា ផ្តល់ជូននៅពេលនេះ  នឹងអាចប្រើប្រាស់ចំគោលដៅ ជាពិសេសដល់ការរៀបចំសោភ័ណភាពនៅក្នុងសា និងបានបំពេញតម្រូវការរបស់សិស្សានុសិស្សទាំងអស់ ដែលកំពុងសិក្សានៅក្នុង សាលាអនុវិទ្យាល័យស្ទឹងជ្រៅ នេះតែម្តងដូចដែលសុភាសិតខ្មែរបានពោលថា អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញារក្សាខ្លៅដូចសំពៅពឹងសំប៉ាន។

 

 

ចំពោះសិស្សានុសិស្សជាទំពាំងស្នងឫស្សី អ្នកឧកញ៉ា លី យ៉ុងផាត់ បានមានប្រសាសន៍ប្រកបដោយមនោសញ្ចេតនា និងទំនុកចិត្តថា កាលជំនាន់ពូ ជំនាន់អ៊ំ ពុំមានសាលរៀនទេ គឺពុំតែម្ដង ! ឥឡូវនេះពូៗវ័យកាន់តែចាស់ជារៀងរាល់ថ្ងៃ ហើយមានសង្ឃឹមតែម្យ៉ាងប៉ុណ្ណោះសម្រាប់ប្រទេសជាតិយើង គឺក្មួយៗ ។ ក្មួយៗមានសាលារៀន មានឱកាសិក្សា ហេតុនេះ សូមក្មួយៗខំប្រឹងសិក្សារៀនសូត្រ ដើម្បីជាអ្នកស្នងប្រទេសជាតិយើង។

 

 

សូមបញ្ជាក់ថា សមាគមឧកញ៉ាកកម្ពុជាដឹកនាំដោយអ្នកឧកញ៉ា លី យ៉ុងផាត់ បាននិងកំពុងធ្វើសកម្មភាពមនុស្សធម៌យ៉ាងសកម្មដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រដើម្បីជួយសម្រួលការលំបាករបស់ពួកគេក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពនិងសុខមាលភាពរបស់ប្រជាពលរដ្ឋក៏ដូចជាសង្គមទាំងមូល៕
 

 

 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ សុខ ពិសិដ្ឋ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024