ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
នាយករដ្ឋមន្ត្រី ជំរុញឲ្យក្រសួងស្ថាប័នរដ្ឋទាំងអស់ រៀបចំយន្តការធ្វើបរិវត្តកម្មឌីជីថល ដើម្បីឈានទៅគ្របដណ្ដប់ក្របខ័ណ្ឌរដ្ឋាភិបាលឌីជីថល។ ការជំរុញនេះ គឺដើម្បីធានានូវប្រសិទ្ធភាពលើការងារបម្រើសេវាជូនប្រជាពលរដ្ឋ ស្របពេលដែលក្រសួងស្ថាប័ននីមួយៗ បានដាក់ចេញជាគោលនយោបាយជាច្រើន ហើយក្នុងគោលនយោបាយទាំងនោះ សុទ្ធតែមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីសម្រួលនីតិវិធី។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជំរុញឲ្យគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ រៀបចំយន្តការធ្វើបរិវត្តកម្មឌីជីថល ព្រមទាំងពង្រឹងសមត្ថភាពធនធានមនុស្ស ដើម្បីឈានក្លាយទៅជារដ្ឋាភិបាលឌីជីថល។ ការជំរុញរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីដូចនេះបានធ្វើឡើងនៅពិធីសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការជំរុញឲ្យគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ រៀបចំយន្តការធ្វើបរិវត្តកម្មឌីជីថលនេះ គឺដើម្បីធានានៅប្រសិទ្ធភាពលើការងារបម្រើសេវាជូនប្រជាពលរដ្ឋ ស្របពេលដែល ក្រសួងស្ថាប័ននីមួយៗ បានដាក់ចេញជាគោលនយោបាយជាច្រើន ហើយក្នុងគោលនយោបាយទាំងនោះ សុទ្ធតែមានការប្រើប្រាស់បច្ចេកវិទ្យាឌីថលដើម្បីសម្រួលនីតិវិធី។ ជាងនេះទៅទៀត ប្រជាពលរដ្ឋនៅកម្ពុជាមួយចំនួនធំ ក៏បានយល់ដឹងពីឌីជីថលនឹងបានកំពុងប្រើប្រាស់ច្ចេកវិទ្យាឌីជីថលក្នុងជីវភាពប្រចាំថ្ងៃផងដែរ ។
ទន្ទឹមនឹងនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា រដ្ឋាភិបាលបានកម្ពុជា តាមរយៈយុទ្ធសាស្រ្តបញ្ចកោណ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការធ្វើបរិវត្តកម្មឌីជីថល ហើយគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីចូលរួមកសាងធនធានមនុស្សដែលខ្លាំង និងមានសមត្ថភាពខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍជាតិក្នុងយុគសម័យថ្មីនេះ។គួរបញ្ជាក់ថា ក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ បានចាត់ទុកបច្ចេកវិទ្យាឌីជីថលជាកាតាលីករថ្មីដ៏មានសារៈសំខាន់ ដែលមានសក្តានុពលភាព និង កាលានុវត្តភាព ក្នុងការជំរុញ កំណើនផលិតភាពសេដ្ឋកិច្ច និង សង្គម ក៏ដូចជាប្រសិទ្ធភាពនៃការងាររដ្ឋបាល។
ក្នុងនោះ រាជរដ្ឋាភិបាល ក៏ផ្តោតលើការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថលផងដែរ ដោយគោលដៅ ជាយុទ្ធសាស្ត្រ គឺការដឹកនាំការធ្វើបរិវត្តកម្មឌីជីថល ដោយ រាជរដ្ឋាភិបាលធ្វើជាគំរូ និង ដឹកមុខក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល តាមរយៈ ការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធ- ភាពការងារ និង ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាជន និង វិស័យឯកជន, និង ការពង្រឹងអភិបាលកិច្ចផ្អែកលើទិន្នន័យ៕
អត្ថបទ៖ សន រដ្ឋា , រូបភាព៖ ញិល សុជា