ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល លើកទឹកចិត្តដល់ស្ត្រីបន្តការបំបៅដោះកូនដោយទឹកដោះម្តាយ ជាជាងការប្រើផលិតផលម្ស៉ៅទឹកដោះគោ។ ដោយសារតែទឹកដោះម្តាយតែមួយមុខគត់មានគុណតម្លៃយ៉ាងច្រើនលើសលប់ចំពោះសុខភាពទារក ហើយមិនតែប៉ុណ្ណោះ ការបំបៅកូនដោយទឹកដោះម្តាយ ក៏ផ្តល់ផលប្រយោជន៍ដល់សុខភាពសម្រាប់ម្តាយផងដែរ។
លោកជំទាវ ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិកាក្រសួងសុខាភិបាល បានគូសបញ្ជាក់ពីភស្តុតាងវិទ្យាសាស្ត្រដ៏សំខាន់ពីគុណតម្លៃយ៉ាងច្រើនលើសលប់របស់ទឹកដោះម្តាយចំពោះទារក។ លោកជំទាវលើកឡើងថា ការចិញ្ចឹមកូនឲ្យបានត្រឹមត្រូវអាចកាត់បន្ថយបាននូវជំងឺរលាកផ្លូវដង្ហើមសម្រាប់ទារក និងកុមារ ហើយហានិភ័យនៃការចូលសម្រាកពេទ្យដោយសារការឆ្លងមេរោគផ្លូវដង្ហើម ក៏កាត់បន្ថយបាន ៧២% បើសិនទារកបានបៅទឹកដោះម្តាយ។ មិនតែប៉ុណ្ណោះ ការបំបៅដោះកូនដោយទឹកដោះម្តាយ គឺបានផ្សារភ្ជាប់ទៅនឹងការថយចុះនៃចំនួនស្លាប់របស់ទារកភ្លាមៗ ៣៦% បើធៀបទៅនឹងទារកដែលមិនបានទទួលទឹកដោះម្តាយ។
លោកជំទាវបន្តថា ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតដល់ ៦ខែ ឬលើស ក៏អាចកាត់បន្ថយបាននូវជំងឺធាត់កុមារ ៥១%។ ជាងនេះទៀត ម្តាយក៏ទទួលបានសុខភាពល្អ អាចកាត់បន្ថយហានីភ័យនៃជំងឺមហារីស្បូន ៣០%ផងដែរ។លោកជំទាវបានថ្លែងបែបនេះ ក្នុងពិធីប្រគល់រង្វាន់ជូនអ្នកសារព័ត៌មានជាប់ជ័យលាភីកម្មវិធីការប្រកួតប្រជែងសារព័ត៌មានជើងឯកអាហារូបត្ថម្ភជុំទី៣ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ សង្ឃឹមថា បណ្តាញសារព័ត៌មានជើងឯកអាហារូបត្ថម្ភកាន់តែច្រើនចូលរួមក្នុងការឃោសនាអប់រំ ផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការងារអាហារូបត្ថម្ភតាមបណ្តាខេត្តក្រុង និងសហគមន៍ឲ្យបានទូលំទូលាយ។លោក ហ៊ូ ក្រើន នាយកប្រចាំប្រទេសអង្គការ Helen Keller បានលើកឡើងថា ចំពោះទារក របបអាហារសុខភាព មានន័យថាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខ ក្នុងរយៈពេល ៦ ខែដំបូងនៃជីវិតរបស់ពួកគេ និងការផ្តល់អាហារបន្ថែមមានសុវត្ថិភាពដើម្បីបំពេញលើទឹកដោះម្តាយចាប់ពីអាយុ ៦ ខែដល់ ២ ឆ្នាំនិងលើសពីនេះ។
សម្រាប់កុមារតូចរបបអាហារសុខភាពនិងតុល្យភាព គឺចាំបាច់សម្រាប់ការលូតលាស់ផ្នែករាងកាយ និងការអភិវឌ្ឍសតិបញ្ញាស្មារតីរបស់ពួកគាត់។ សម្រាប់មនុស្សចាស់ របបអាហារសុខភាពអាចជួយធ្វើឱ្យជីវិតពួកគាត់ មានសុខភាពល្អនិងសកម្មជាងមុន។ សូមបញ្ជាក់ថា កម្មវិធីការប្រកួតប្រជែងសារព័ត៌មានជើងឯកអាហារូបត្ថម្ភជុំទី៣ ឆ្នាំ២០២៣នេះ បានរកឃើញជ័យលាភីអ្នកសារព័ត៌មានឆ្នើម ៩រូប ដែលបានសរសេរ និងចុះផ្សាយព័ត៌មានផ្នែកអាហារូបត្ថម្ភក្នុងវិស័យសុខាភិបាល និងអាហារូបត្ថម្ភក្រៅពីវិស័យសុខាភិបាល ក្នុងគោលដៅជំរុញសុខុមាលភាព និងសុខភាពទារក កុមារ ស្រ្តី និងប្រជាជនកម្ពុជាទាំងអស់៕
អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ឆិល សុភ័ស្ត