ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

សត្វខ្លាឃ្មុំផេនដីបីក្បាលចាកចេញពីសហរដ្ឋអាមេរិកដើម្បីធ្វើមាតុភូមិនិវត្តទៅប្រទេសចិនវិញ

៣០ ​វិច្ឆិកា ២០២៣ | ព័ត៌មានអន្តរជាតិ

ខ្លាឃ្មុំផេនដាឈ្មោះម៉ីសៀង (Mei Xiang), ធានធាន (Tian Tian) និងស៊ាវឈីជី (Xiao Qi Ji) បានចាកចេញដំណើរពីសួនឧទ្យានជាតិស្មីតសូនៀន (Smithsonian) នៃរដ្ឋវ៉ាស៊ីនតោនដើម្បីធ្វើមាតុភូមិនិវត្តទៅប្រទេសចិនវិញ។ ទម្រាំទៅដល់ទីក្រុងឆឹងទូ (Chengdu) ត្រូវចំណាយពេល១៩ម៉ោង។ យន្តហោះត្រូវឈប់ចាក់សាំងនៅរដ្ឋអាឡាសស្កា១ដំណាក់កាលសិន។

 

 

 

 

មុននឹងដឹកសត្វខ្លាឃ្មុំផេនដាទាំង៣ក្បាលនេះទៅប្រទេសចិន បុគ្គលិកសួនសត្វបានបំប៉នពួកវាដោយអាហារពេលព្រឹកមួយចម្អែតពេញពោះ។ បន្ទាប់មក គេយកពួកវាដាក់នៅក្នុងប្រអប់រៀងៗខ្លួន និងដឹកតាមឡានស្ទូចដាក់ទៅលើឡានទ្រុងធំៗ។ បុគ្គលិកសួនសត្វប្រាប់ថាគេបានត្រៀមបម្រុងអាហារមួយចំនួនដូចជា៖ ស្លឹកឫស្សី, នំប៊ីសស្គីត (biscuit), ផ្លែប៉ម, មើមការ៉ុត, ដំឡូងបារាំង, អំពៅ, ផ្លែសឺរី និងល្ពៅស្ងោរ។

 

របស់ទាំងនេះទុកសម្រាប់ឲ្យពួកវាស៊ីកំដមាត់តាមផ្លូវធ្វើដំណើរ។ សូមរំឭកថាកម្មវិធីខ្ចីជើងសត្វខ្លាឃ្មុំផេនដារបស់ប្រទេសចិននេះចាប់ផ្ដើមកាលពីឆ្នាំ១៩៧២។ កាលនោះ អតីតនាយករដ្ឋមន្ត្រីចិន លោកជូអេនឡាយ (Zhou Enlai) ឲ្យសហរដ្ឋអាមេរិកខ្ចីខ្លាឃ្មុំផេនដា២ក្បាលក្រោយដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតីនិចសុនទៅប្រទេសចិននៅឆ្នាំដដែលនោះ។ ប្រទេសទាំង២បន្តធ្វើកិច្ចការពាក់ព័ន្ធនឹងការបង្កាត់ពូជផេនដា និងអភិរក្សសត្វនេះ។

 

 

 

 

ការចាកចេញដំណើររបស់សត្វផេនដាទាំង៣ក្បាលពីសួនឧទ្យានជាតិស្មីតសូនៀនគូសបញ្ជាក់អំពីការបិទបញ្ចប់កិច្ចព្រមព្រៀងខ្ចីជើងរយៈពេល៥០ឆ្នាំ។ កាលពីមុននេះ គេឃើញមនុស្សទាំងហ្វូងៗជួបជុំគ្នានៅសួនឧទ្យានជាតិដើម្បីទស្សនាផេនដាជាលើកចុងក្រោយ។ បណ្ឌិតប្រេនឌី.ស្មីត (Brandie Smith) ជានាយកសួនឧទ្យានជាតិស្មីតសូនៀន មានអារម្មណ៍ស្រងូតស្រងាត់នៅពេលអ្នកស្រីបែកគ្នាពីផេនដាទាំងនេះ។

 

ប៉ុន្តែអ្នកស្រីសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីអភិរក្សសត្វទាំងនេះ។ លោកស្រីស៊ូសួយយ័ន្ត (Xu Xueyuan) ជាអ្នកតំណាងប្រទេសចិន ថ្លែងថាប្រទេសទាំង២នឹងបន្តធ្វើការរួមគ្នាដើម្បីអភិរក្ស និងស្រាវជ្រាវសត្វកម្រប្រភេទនេះ។ ទោះបីសួនឧទ្យានមិនទាន់មានគម្រោងខ្ចីសត្វផេនដីចិនជាបន្តទៀត ប៉ុន្តែសង្ឃឹមថាទៅថ្ងៃអនាគតអាចនឹងមានវគ្គបន្តទៀត៕

 

 

 

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024