ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤
កិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ នឹងផុតកំណត់នៅព្រឹកថ្ងៃព្រហស្បតិ៍(ម៉ោងក្នុងតំបន់) ខណៈដែលកិច្ចពិភាក្សាអន្តរជាតិជាច្រើនកំពុងធ្វើឡើងជាកិច្ចខិតខំប្រឹងប្រែងដើម្បីបន្តកិច្ចព្រមព្រៀងឱ្យបានមុនពេលផុតកំណត់។
លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានទៅទីក្រុងTel Aviv ដែលជាដំណើរទស្សនកិច្ចលើកទី៣របស់លោកទៅកាន់តំបន់នេះចាប់តាំងពីផ្ទុះការវាយប្រហារពីសំណាក់ក្រុមហាម៉ាស់នៅថ្ងៃ៧តុលាលើប្រទេសអ៊ីស្រាអ៊ែល។ លោកគ្រោងនឹងជួបជាមួយមេដឹកនាំអ៊ីស្រាអ៊ែលដើម្បីពិភាក្សាទៅលើការពន្យាពេលកិច្ចព្រមព្រៀងបទឈប់បាញ់ និងនាំយកជំនួយមនុស្សធម៌ចូលតំបន់ហ្គាហ្សា។
«នៅពេលប៉ុន្មានថ្ងៃខាងមុខ យើងនឹងផ្តោតទៅលើ ការធ្វើការងារដែលយើងអាចបន្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដូច្នេះយើងអាចរំដោះបានចំណាប់ខ្មាំងបន្ថែមទៀត និងផ្តល់ជំនួយមនុស្សធម៌បន្ថែមទៀត»។ លោក Blinken ថ្លែងនៅទីក្រុងព្រុចសែល។
សារព័ត៌មានអ៊ីស្រាអ៊ែលបានរាយការណ៍ដោយសំអាងប្រភពពីមន្ត្រីអ៊ីស្រាអ៊ែលថា យោធានឹងចាប់ផ្តើមការវាយប្រហារឡើងវិញលើតំបន់ហ្គាហ្សានៅម៉ោង៧ព្រឹក(0500 GMT) ប្រសិនបើរដ្ឋាភិបាលមិនទទួលបានបញ្ជីចំណាប់ខ្មាំងត្រូវដោះលែង។
ក្រុមហាម៉ាស់ បានឆ្លងព្រំដែននិងបានសម្លាប់មនុស្ស១២០០នាក់នៅប្រទេសអ៊ីស្រាអ៊ែលនៅថ្ងៃ៧តុលា និងចាប់មនុស្សប្រហែល២៤០នាក់ជាចំណាប់ខ្មាំង។ ចាប់តាំងពីពេលនោះមក ក្រសួងសុខាភិបាលតំបន់ហ្គាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឱ្យដឹងថា មនុស្សច្រើនជាង១៤៨០០នាក់ ត្រូវបានសម្លាប់ ក្នងនោះមានប្រហែល៦០០០នាក់ជាកុមារក្នុងយុទ្ធនាការវាយប្រហារតបតរបស់ប្រទេសអ៊ីស្រាអ៊ែល។
អត្ថបទ៖ណាវ័ន្ត