ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥

ក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំង២៤នាក់នៅថ្ងៃទី១នៃការអនុវត្តន៍កិច្ចព្រមព្រៀងបទឈប់បាញ់

២៥ ​វិច្ឆិកា ២០២៣ | ព័ត៌មានអន្តរជាតិ

 

 

ក្រុមហាម៉ាស់ បានដោះលែងចំណាប់ខ្មាំង២៤នាក់នៅថ្ងៃសុក្រអំឡុងពេលថ្ងៃទី១នៃការអនុវត្តន៍កិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងសង្គ្រាមអ៊ីស្រាអ៊ែលនៅតំបន់ហ្គាហ្សា។ ចំណាប់ខ្មាំងដែលដោះលែងមានស្ត្រីនិងកុមារអ៊ីស្រាអ៊ែល និងកម្មករធ្វើចំការជាជនជាតិថៃ។ ការដោះលែងចំណាប់ខ្មាំង បានធ្វើឡើងនៅក្រោយពេលស្ងាត់សម្លេងកាំភ្លើងនៅទូទាំងតំបន់ហ្គាហ្សា ដែលជាពេលវេលាដំបូងក្នុងរយៈពេល៧សប្តាហ៍កន្លងមក។ 

 

ចំណាប់ខ្មាំង ត្រូវបញ្ជូនចេញក្រៅតំបន់ហ្គាហ្សា ហើយប្រគល់ទៅឱ្យអាជ្ញាធរអេហ្ស៊ីប នៅច្រកព្រំដែនRafah ដោយមានការអមដំណើរជាមួយបុគ្គលិក៨នាក់ពីស្ថាប័នគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមនៅក្នុងក្បួនរថយន្តចំនួន៤។ 

 

ប្រទេសហ្គាតាដែលបំពេញមុខងារជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងបទឈប់បាញ់នេះ បានលើកឡើងថា ពលរដ្ឋអ៊ីស្រាអ៊ែល១៣នាក់ បានដោះលែង ដែលមានខ្លះមានសញ្ជាតិ២ រួមនិងជនជាតិថៃ១០នាក់ និងហ្វីលីពីនម្នាក់។ ស្ត្រីប៉ាលេស្ទីននិងកុមារ៣៩នាក់ ក៏នឹងត្រូវដោះលែងពីពន្ធនាគារអ៊ីស្រាអ៊ែលផងដែរ។ 

 

អ៊ីស្រាអ៊ែល បានចាប់ផ្តើមវាយប្រហារលើតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមប្រយុទ្ធក្រុមហាម៉ាស់ ឆ្លងចូលព្រំដែនអ៊ីស្រាអ៊ែលនៅថ្ងៃ៧តុលា និងបានសម្លាប់មនុស្ស១២០០នាក់ និងចាប់មនុស្ស២៤០នាក់ផ្សេងទៀតជាចំណាប់ខ្មាំង។ ក្រសួងសុខាភិបាល​ នៅតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានលើកឡើងថា មនុស្សច្រើនជាង ១៤០០០នាក់ រួមមានកុមារច្រើនជាង៥០០០នាក់ ត្រូវសម្លាប់​នៅពេលអ៊ីស្រាអ៊ែលវាយប្រហារលើតំបន់ហ្គាហ្សា។ 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025