ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤
ប្រទេសថៃ អាចនឹងទទួលបានអ្នកទេសចរណ៍មកពីប្រទេសចិន ចំនួន៣,៤ ទៅ៣,៥លាននាក់ នៅឆ្នាំនេះ ដែលនេះជាតួលេខមួយទាបជាងគោលដៅរំពឹងទុក។យោងអាជ្ញាធរទេសចរណ៍ថៃ(TAT)ឱ្យដឹងនៅថ្ងៃសុក្រនេះ។ បើទោះជាប្រទេសថៃ បានដាក់ចេញគោលនយោបាយទាក់ទាញអ្នកទេសចរណ៍ជនជាតិចិនមិនយកទិដ្ឋការក៏ដោយ។
អ្នកទេសចរណ៍ជនជាតិចិនប្រហែល៣,០១លាននាក់ បានទៅកំសាន្តនៅក្នុងប្រទេសថៃចាប់តាំងពីដើមឆ្នាំមកដល់ពេលនេះ។ នេះជាការលើកឡើងពីអាជ្ញាធរទេសចរណ៍ថៃ(TAT)។
ចិន ជាប្រភពទីផ្សារដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មទេសចរណ៍ដ៏មានតម្លៃបំផុតរបស់ប្រទេសថៃ។ នៅមុនពេលផ្ទុះឆ្លងជំងឺកូវីដនៅឆ្នាំ២០១៩ អ្នកទេសចរណ៍ចិន១១លាននាក់ បានទៅកំសាន្តក្នុងប្រទេសថៃ។
«សេដ្ឋកិច្ចរើបឡើងយ៉ាងយឺតៗរបស់ប្រទេសចិន ធ្វើឱ្យពលរដ្ឋមានការបារម្ភទៅលើការចំណាយលើវិស័យទេសចរណ៍»។ នេះបើតាមការឱ្យដឹងពីលោក Chattan Kunjara Na Ayudhya អនុប្រធានTAT ទទួលបន្ទុកកិច្ចការទីផ្សារអន្តរជាតិសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិកខាងត្បូង។
ករណីបាញ់ប្រហារនៅផ្សារទំនើបនាពេលថ្មីៗនេះ នៅទីក្រុងបាងកក ក៏បានប៉ះពាល់ដល់ទំនុកចិត្តអ្នកទេសចរណ៍ផងដែរ។ លោក Chattan បន្ថែម។
ស្ថាប័នទេសចរណ៍ថៃ TAT កាលពីខែមិថុនា បានរំពឹងទុកថា មានអ្នកទេសចរណ៍ចិនប្រហែល៤ ទៅ៤,៤លាននាក់នឹងមកកំសាន្តនៅប្រទេសថៃនៅក្នុងឆ្នាំនេះ។នេះក៏ជាតួលេខមួយទាបជាងការរំពឹងទុកពីដើមដំបូងឡើយរបស់រដ្ឋាភិបាលដែលមានដល់ទៅ៥លាននាក់។
ចាប់តាំងពីដើមឆ្នាំមក អ្នកទេសចរណ៍បរទេសទាំងអស់ដែលបានទៅកំសាន្តនៅប្រទេសថៃមានប្រហែល២៣,៨៨លាននាក់។ យោងលោកChattan ។
អត្ថបទ៖ណាវ័ន្ត