ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

ហ្វីលីពីនចង់វិលត្រលប់ទៅជ្រកកោនជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិICCវិញ

២៤ ​វិច្ឆិកា ២០២៣ | ព័ត៌មានអន្តរជាតិ

 

 

ប្រធានាធិបតីហ្វីលីពីនឱ្យដឹងនៅថ្ងៃសុក្រ(២៤វិច្ឆិកា)ថា ប្រទេសហ្វីលីពីន កំពុងពិចារណាវិលត្រលប់ទៅជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ«International Criminal Court (ICC)»វិញ។   

 

លោក Marcos បានចេញសេចក្តីថ្លែងការណ៍នេះ បន្ទាប់ពីសភាហ្វីលីពីន បានចេញសេចក្តីសម្រេចមួយស្នើឱ្យរដ្ឋាភិបាលសហការជាមួយការស៊ើបអង្កេតរបស់ICC ក្នុងរឿងសង្គ្រាមគ្រឿងញៀនរបស់លោកRodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីន។ 

 

ក្នុងរយៈពេលជិត៥ឆ្នាំហើយ ចាប់តាំងពីឆ្នាំ២០១៩ បន្ទាប់ពីប្រទេសហ្វីលីពីន បានដកខ្លួនចេញពីស្ថាប័នតុលាការអន្តរជាតិមួយនេះពាក់ព័ន្ធនឹងការបដិសេធសំណើររបស់ICC ស៊ើបអង្កេតលើយុទ្ធនាការប្រឆាំងគ្រឿងញៀនដ៏បង្ហូរឈាមរបស់លោកRodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីន ។

 

លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីនបានថ្លែងទៅកាន់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «យើងនៅតែមានសំនួរ។ ប្រសិនបើយើងវិលត្រលប់ទៅជាសមាជិកតុលាការICC ដូច្នេះ ការវិលត្រលប់នេះត្រូវ ស្ថិតនៅក្រោមការសិក្សាម្តងទៀត។ ដូច្នេះយើងនឹងរក្សាការឃ្លាំមើលលើបញ្ហានេះ និងពិនិត្យមើលអ្វីជាជម្រើសរបស់យើង»។ 


លោក Marcos  លើកឡើងថា សំនួរជាច្រើនពាក់ព័ន្ធនឹងយុត្តាធិការ និងអធិបតេយ្យភាពនៅតែជាបញ្ហាសម្រាប់ប្រទេសហ្វីលីពីន។

 

ប្រទេសហ្វីលីពីនបានដកខ្លួនចេញពីស្ថាប័នតុលាការព្រហ្មទណ្ឌអន្តរជាតិនៅឆ្នាំ២០១៩ បន្ទាប់ពីលោក Rodrigo Duterte  អតីតប្រធានាធិបតីហ្វីលីពីនបានបដិសេធសមត្ថកិច្ចរបស់ស្ថាប័នICCក្នុងការស៊ើបអង្កេតលើយុទ្ធនាការបង្ក្រាបគ្រឿងញៀននៅហ្វីលីពីនដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ 


 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024