ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥

កម្ពុជា និងចិន ចុះអនុស្សរណៈនវានុវត្តន៍ហិរញ្ញវត្ថុ និងជំរុញប្រព័ន្ធទូទាត់រវាងគ្នា

២៤ ​វិច្ឆិកា ២០២៣ | សេដ្ឋកិច្ច

 

ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ចំនួន ២ លើកិច្ចសហប្រតិបត្តិការនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ ព្រមទាំងការបង្កើតកិច្ចសម្របសម្រួល ក្នុងការទូទាត់និងផាត់ទាត់នៅកម្ពុជា។

 

 

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តមបណ្ឌិត Pan Gongsheng ទេសាភិបាលធនាគារកណ្តាលចិន បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈទាំង ២ ដោយមានគោលបំណង ជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារ និងប្រព័ន្ធទូទាត់សងប្រាក់ លើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាពប្រតិបត្តិការទូទាត់ឆ្លងដែនរវាងកម្ពុជា និងចិន។

 


ជាមួយគ្នានេះ ការចុះ MOU នេះ រំពឹងនឹងកសាងសមត្ថភាព វិស័យធនាគារនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើននៃពាណិជ្ជកម្ម ការវិនិយោគ និងលំហូរហិរញ្ញវត្ថុទ្វេភាគីរវាងប្រទេសចិន និងកម្ពុជាផងដែរ។កិច្ចសហប្រតិបត្តិការទំាង ២នេះនឹងជួយបង្កើនទំនុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្នបន្ថែមទៀត ព្រមទាំងគាំទ្រគោលនយោបាយដែលរាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។លើសពីនេះ ការណ៍នេះ ក៏នឹងចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពប្រកួតប្រជែង និងបង្កើនសក្តានុពលរបស់កម្ពុជាឱ្យ ក្លាយជាគោលដៅវិនិយោគដ៏គួរឱ្យទាក់ទាញ តាមរយៈផលិតផល និងសេវាកម្មហិរញ្ញវត្ថុថ្មីៗ គ្រឹះស្ថានធនាគារនៅកម្ពុជា នឹងផ្តល់ជូនដល់វិនិយោគិនចិន។

 


សូមជម្រាបថា ប្រទេសចិន បានព្យាយាមបង្កើនប្រាក់យន់ជាសកល ចាប់តាំងពីឆ្នាំ ២០០៩ ដើម្បីកាត់បន្ថយការពឹងផ្អែកលើ ប្រាក់ដុល្លារអាមេរិ កក្នុងការទូទាត់ពាណិជ្ជកម្ម និងការវិនិយោគ និងប្រជែងនឹងតួនាទីរបស់ប្រាក់យន់ជា រូបិយប័ណ្ណបម្រុងដ៏សំខាន់របស់ពិភពលោក ហើយក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុ ស្រដៀងគ្នានេះដែរ ជាមួយប្រទេសប្រេស៊ីល កាហ្សាក់ស្ថាន ឡាវ និងប៉ាគីស្ថាន៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025