ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

នាយករដ្ឋមន្ត្រីថា ការពង្រីកទំហំវិនិយោគរបស់ក្រុមហ៊ុន Minebea គឺស្តែងឱ្យឃើញពីទំនុកចិត្ត ចំពោះស្ថិរភាពរបស់កម្ពុជា

២៧ តុលា ២០២៣ | ព័ត៌មានជាតិ

 

ការពង្រីកទំហំវិនិយោគរបស់ក្រុមហ៊ុន Minebea គឺស្តែងឱ្យឃើញពីទំនុកចិត្ត ចំពោះស្ថិរភាពរបស់កម្ពុជាប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការសម្រេចចិត្តពង្រីកការវិនិយោគ ពិតជាបានស្តែងឱ្យឃើញនូវទំនុកចិត្តរបស់ក្រុមហ៊ុន ចំពោះស្ថិរភាពរបស់ប្រទេសកម្ពុជា។ ក្រុមហ៊ុន Minebea នៅកម្ពុជា បានវិនិយោគ ដោយចាប់ផ្តើមពីដើមទុនប្រមាណ ២៣លានដុល្លារ រហូតបានកើនដល់ ៦០០លានដុល្លារ។ 

 


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការសម្រេចចិត្តពង្រីកការវិនិយោគក្រុមហ៊ុន មីនីបៀ (Minebea) ពិតជាបានស្តែងឱ្យឃើញនូវទំនុកចិត្តរបស់ក្រុមហ៊ុន ចំពោះស្ថិរភាពរបស់ប្រទេសកម្ពុជា ខណៈដែលក្រុមហ៊ុនបានវិនិយោគនៅកម្ពុជា ដោយចាប់ផ្តើមពីដើមទុនប្រមាណ ២៣លានដុល្លារ រហូតបានកើនដល់ ៦០០លានដុល្លារ។ ការលើកឡើងសម្តេចធិបតីបែបនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេច និងអគ្គនាយកក្រុមហ៊ុន មីនីបៀ Minebea នាព្រឹកថ្ងៃទី២៦ ខែតុលា នៅវិមានសន្តិភាព។

 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន Minebea នៅក្នុងដំណើរអភិវឌ្ឍរបស់កម្ពុជា តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារសម្រាប់ប្រជាជន ក៏ដូចជាការបង្កើតនូវគំរូស្តង់ដារល្អនៃលក្ខខណ្ឌការងារសម្រាប់កម្មករ-និយោជិត។ សម្តេច ក៏សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគរបស់ក្រុមហ៊ុន Minebea ពីព្រោះជោគជ័យរបស់ Minebea ក៏ជាជោគជ័យរបស់កម្ពុជាដូចគ្នា ។

 


ជាមួយគ្នានេះ លោក កៃនុម៉ា យ៉ូស៊ីហ៊ីសា អគ្គនាយកក្រុមហ៊ុន Minebea បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានចូលរួមអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ។

 


លោកអគ្គនាយក ក៏បានលើកឡើង អំពីការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន ក្នុងនាមជារោងចក្រផលិតគ្រឿងបង្គុំ ហើយបន្តបោះជំហានទៅមុខឥតឈប់ឈរឆ្ពោះទៅការប្រែក្លាយជាក្រុមហ៊ុនបៃតង (Green Transformation GX) ដោយព្យាយាមកាត់បន្ថយនូវការបំភាយឧស្ម័នកាបូនិច ក្នុងខ្សែសង្វាក់ផលិតកម្មទាំងមូល ហើយបានប្រែក្លាយខ្លួនឱ្យទៅជាអព្យាក្រឹត្យកាបូន តាមរយៈការជំរុញ នូវការលក់ផលិតផលបៃតង និងផលិតផលផ្សេងៗទៀត ដែលមានលក្ខណៈសន្សំសំចៃថាមពល រួមទាំងផែនការអនាគតក្នុងបង្កើតកសិដ្ឋានផលិតថាមពលដោយពន្លឺព្រះអាទិត្យ និងការបង្កើតរោងចក្រថ្មីនៅក្នុងប្រទេសកម្ពុជាផងដែរ ៕


 

 

 

 

អត្ថបទ៖ សន រដ្ឋា រូបភាព៖ ញិល សុជា 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024