ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥

ជំងឺភ្នែកក្រហម កំពុងរាតត្បាត ពិសេសកើតលើកុមារ ជាសិស្សសាលានៅរាជធានីភ្នំពេញ

១៩ តុលា ២០២៣ | ព័ត៌មានជាតិ

 


នៅប៉ុន្មានសប្តាហ៍មកនេះ គេឃើញកុមារ ជាសិស្សសាលា នៅរាជធានីភ្នំពេញ បានឆ្លងជំងឺភ្នែកក្រហម ពីគ្នាជាហូរហែ។ វេជ្ជបណ្ឌិតជំនាញ បានផ្តល់ឱវាទ ឬអនុសាសន៍គន្លឹះ ដើម្បីព្យាបាល និងបង្ការដ៏មានប្រសិទ្ធភាព គឺត្រូវរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន។ ពោលគឺអនាម័យខ្លួនប្រាណ ដូចជា ឧស្សាហ៍លាងសម្អាតដៃ សម្លៀកបំពាក់ កន្លែងដំណេក កន្លែងអាហារ កន្លែងធ្វើការ ឬកន្លែងសិក្សា និងអនាម័យកន្លែងរស់នៅ ឱ្យបានល្អប្រសើរ។

 


មួយរយ:ចុងក្រោយនេះ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ជំងឺភ្នែកក្រហម ត្រូវបានគេឃើញថា បានឆ្លងរាលដាលពីម្នាក់ទៅម្នាក់គួរឱ្យកត់សម្គាល់ ជាពិសេសក្នុងចំណោមសិស្សសាលា ។ នៅពេលសួរថាតើស្ថានភាពជំងឺភ្នែកក្រហម នេះ មានសភាពយ៉ាងណា ឯកឧត្ដម សាស្ត្រាចារ្យ  កុយ  វ៉ាន់នី ប្រធានក្រុមអ្នកនាំពាក្យក្រសួងសុខាភិបាល បានឆ្លើយប្រាប់ PNN តាមតេឡេហ្ក្រាមថា ការឆ្លងជំងឺភ្នែកក្រហម គិតរហូតមកដល់ពេលនេះ មិនទាន់ឆ្លងជាទូទៅនៅឡើយទេ ដែលបានសេចក្តីថា ជំងឺភ្នែកក្រហម មិនទាន់ក្លាយទៅជាបញ្ហាធ្ងន់ធ្ងរ សម្រាប់សុខភាពសាធារណៈនៅកម្ពុជា ឬ នៅរាជធានីភ្នំពេញ នៅឡើយទេ ។

 


ម្យ៉ាងទៀត នៅពេលសួរថា ក្នុងករណីកុមារ ឬ បុគ្គលណាម្នាក់ឆ្លងជំងឺភ្នែកក្រហម តើគេត្រូវព្យាបាលដោយរបៀបណា តើត្រូវការពារកុំឱ្យឆ្លងជំងឺភ្នកក្រហមដោយវិធីណា នោះ ឯកឧត្ដម  សាស្ត្រាចារ្យ  កុយ  វ៉ាន់នី បានឆ្លើយថា មិនទាន់មានវិធីច្បាស់លាស់ ឬជាក់លាក់ក្នុងការព្យាបាលជំងឺភ្នែកក្រហមនៅឡើយទេ ។ ដូច្នេះកត្តា ឬវិធីបង្ការដ៏មានប្រសិទ្ធភាព ឬសំខាន់បំផុតគឺត្រូវរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន ពោលគឺអនាម័យខ្លួនប្រាណ ដូចជាឧស្សាហ៍លាងសម្អាតដៃ សម្លៀកបំពាក់ កន្លែងដំណេក កន្លែងអាហារ កន្លែងធ្វើការ ឬកន្លែងសិក្សា និងអនាម័យកន្លែងរស់នៅជាដើមឱ្យបានល្អប្រសើរ ។

 


មួយទៀតសោតនៅពេលសួរថា ក្នុងករណីកុមារទាំងឡាយណាកើតជំងឺភ្នែកក្រហម គួរត្រូវទៅសាលា ឬក៏គប្បីសម្រាកឱ្យជាសះស្បើយសិន ឯកឧត្ដម  សាស្ត្រាចារ្យ  កុយ  វ៉ាន់នី បានផ្តល់ចម្លើយដោយមិនដាក់កំហិត ប៉ុន្តែផ្តល់ជម្រើសថា ប្រសិនបើកុមារណាម្នាក់ក្តៅខ្លួន ឬក៏មានជំងឺភ្នែកក្រហមពិតមែន ខ្ញុំមិនលើកទឹកចិត្តឱ្យកុមារទាំងឡាយនោះទៅសាលាទេ ដែលប្រការនេះបានសេចក្តីថា កុមារដែលមានជំងឺភ្នែកក្រហម គប្បីសម្រាកនៅផ្ទះសិន ដ្បិតថា បើទោះបីជា ឯកឧត្ដម  សាស្ត្រាចារ្យ  កុយ  វ៉ាន់នី មិនបានបញ្ជាក់ ក៏ត្រូវគេដឹងជាទូទៅថា ភ្នែកក្រហម គឺជាជំងឺឆ្លងពីម្នាក់ទៅម្នាក់បានយ៉ាងងាយ និងយ៉ាងលឿន រហូតដល់អ្នកខ្លះនិយាយថា គ្រាន់តែមើលភ្នែកអ្នកកើតជំងឺភ្នែកក្រហម ក៏អាចឱ្យគេឆ្លងជំងឺភ្នែកក្រហមនោះបានដែរ ។

 


គួរកត់សម្គាល់ថា ចំពោះការរក្សាអនាម័យនេះ មិនមែនមានប្រសិទ្ធភាពតែចំពោះជំងឺភ្នែកក្រហមប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏ជាកត្តាដ៏សំខាន់ និងចាំបាច់សម្រាប់ជំងឺផ្សេៗទៀត ដូចជាជំងឺពុលអាហារ រាករូស ក្អក និងផ្តាសាយជាដើមផងដែរ ដែលបានសេចក្តីថា អនាម័យគឺជាកត្តាដ៏ចាំបាច់បំផុតមួយដែលគេត្រូតែរក្សាឱ្យបានខ្ជាប់ខ្ជួនឬជាប់ជាប្រចាំ មិនមែនចាំទាល់តែពេលមានជំងឺអ្វីម្យ៉ាង ទើបគិតគូរអំពីអនាម័យទេ ៕
 

 

 

 

អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025