ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥

បុរសអាយុ១០២ឆ្នាំម្នាក់សម្រូតខ្លួនតាមខ្សែចុះពីលើអគារដើម្បីប្រមូលមូលនិធិសប្បុរធម៌នៅអង់គ្លេស

អតីតអ្នកបើកយន្តហោះចម្បាំងនៅសម័យសង្គ្រាមលោកលើកទី២ម្នាក់បានបំបែកឯតទគ្គកម្មកាលពីថ្ងៃទី១៤ ខែកញ្ញាដោយរូបគាត់បានសម្រូតខ្លួនតាមខ្សែចុះពីលើអគារមន្ទីរពេទ្យ រ៉ូយ៉ាល់ឡុងដុននៅចក្រភពអង់គ្លេសដើម្បីរៃអង្គាសថវិកាសប្បុរធម៌។
 



 

 

 

លោកតា ខូលីន បិល (Colin Bell) អាយុ១០២ឆ្នាំជាអតីតអ្នកបើកយន្តហោះទម្លាក់គ្រាប់បែកមូស ឬ ម៉ូសគ្វីតូ (Mosquito) របស់កងទ័ពអង់គ្លេសបានធ្វើរឿងដ៏គួរឱ្យភ្ញាក់ផ្អើលនិងអស្ចារ្យបំផុតមួយដោយគាត់បានបង្ហាញពីភាពក្លាហានក្នុងការសម្រូតខ្លួនតាមខ្សែចុះពីលើអគារមន្ទីរពេទ្យដែលមានកម្ពស់១៧ជាន់នៅប្រទេសអង់គ្លេសដោយគ្មានខ្លាចបន្តិចឡើយ។

 


មនុស្សម្នាដែលឈរទស្សនាសកម្មភាពរបស់លោកតា បេល បានទះដៃអបអរសាទរចំពោះលោកតា បេល នៅពេលគាត់បានសម្រូតខ្លួនចុះមកដល់ក្រោម ហើយគោលបំណងនៃការសម្រូតខ្លួននេះគឺដើម្បីរៃអង្គាសប្រាក់សម្រាប់អង្គការសប្បុរសធម៌ចំនួន៣គឺអង្គការ Royal College of Nursing អង្គការ RAF Benevolent Fund និងអង្គការ London Air Ambulance។

 

 

 

 

 

 


លោកតា បេល បានប្រាប់កាសែតហ្គាដៀន (Guardian) ថា លោកតាគ្រាន់តែគិតថា វាអាចជារឿងល្អក្នុងការរៃអង្គាសថវិកាសម្រាប់អង្គការសប្បុរសធម៌ដ៏មានតម្លៃចំនួន៣នេះ។

 

លោកតា បេល បានបន្ថែមថា លោកតាអាចមានអាយុ១០២ឆ្នាំពិតមែនហើយប៉ុន្តែគាត់ចង់ធ្វើអ្វីបន្តិចបន្តួចដើម្បីរៃអង្គាសប្រាក់សម្រាប់អង្គការសប្បុរសធម៌ដ៏អស្ចារ្យទាំងនេះ ហើយគាត់សប្បាយចិត្តណាស់ដែលបានធ្វើអ្វីមួយអាចជួយដល់សង្គមនៅក្នុងវ័យរបស់គាត់បែបនេះ។

 

សូមរំលឹកថា កាលពីខែសីហា កីឡាករជើងចាស់រូបនេះក៏បានចាប់ផ្ដើមការប្រកួតប្រជែងរៃអង្គាសប្រាក់ជាមួយនឹងការដើរចម្ងាយ៩គីឡូម៉ែត្រដែលធ្វើឱ្យគាត់អាចដើរទៅដល់កន្លែងសំខាន់ៗនៃកងទ័ពនៅក្នុងសម័យសង្គ្រាមរបស់គាត់នៅទីក្រុងខេមប្រ៊ីកនៅចក្រភពអង់គ្លេសផងដែរ៕

 

 

 

 

 

ប្រែសម្រួល៖ លោក ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025