ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
អង្គការសុខភាពពិភពលោក (WHO) បានផ្តល់អនុសាសន៍កាលពីថ្ងៃចន្ទឱ្យប្រើវ៉ាក់សាំងជំងឺគ្រុនចាញ់ទី២ដើម្បីទប់ស្កាត់ជំងឺដែលគំរាមកំហែងដល់អាយុជីវិត និងដែលឆ្លងរាលដាលទៅមនុស្សតាមរយៈសត្វមូសមួយចំនួន។
ប្រធានអង្គការសុខភាពពិភពលោកគឺលោក តេដ្រូស អាដហាណម ហ្គេប្រេយេសឹស (Tedros Adhanom Ghebreyesus) បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវប្រទេសស្វីសកាលពីថ្ងៃចន្ទថា លោកពិតជារីករាយណាស់ដោយបានប្រកាសថាអង្គការសុខភាពពិភពលោកសូមណែនាំឱ្យគេប្រើវ៉ាក់សាំងទី២ដែលហៅថា អ២១/ម៉េទ្រីកអឹម (R21/Matrix-M) ដើម្បីការពារជំងឺគ្រុនចាញ់ចំពោះកុមារដែលងាយរងគ្រោះដោយជំងឺនេះ។
លោកបានបន្ថែមថា វ៉ាក់សាំងថ្មីនេះត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យ Oxford នៅចក្រភពអង់គ្លេសដែលគ្រោងនឹងដាក់ឱ្យប្រើជាលើកដំបូងនៅក្នុងប្រទេសអាហ្រ្វិកមួយចំនួននៅដើមឆ្នាំ២០២៤ និងអាចចែកចាយបន្តទៅប្រទេសដទៃទៀតនៅពាក់ កណ្តាលឆ្នាំ២០២៤។
លោកបានបន្ថែមថា នៅក្នុងតំបន់ដែលឆ្លងជំងឺនេះតាមរដូវកាលនោះ វ៉ាក់សាំងនេះបានកាត់បន្ថយករណីរោគសញ្ញានៃជំងឺគ្រុនចាញ់បាន៧៥%ក្នុងរយៈពេល១២ខែបន្ទាប់ពីបានចាក់វ៉ាក់សាំងនេះចំនួន៣ដង។
លោក ហ្គេប្រេយេសឹស បន្ថែមទៀតថា ការសាកល្បងវ៉ាក់សាំងនេះក្នុងពេលកន្លងមកបានបង្ហាញថាមានសុវត្ថិភាពប៉ុន្តែគេនឹងបន្តតាមដានសុវត្ថិភាពនៃវ៉ាក់សាំងនេះជាបន្តទៀតនៅពេលវ៉ាក់សាំងនេះត្រូវបានដាក់ឱ្យប្រើជាផ្លូវការ ហើយតម្លៃវ៉ាក់សាំងនេះមានចាប់ពី២ទៅ៤ដុល្លារក្នុងមួយដូស៕
អត្ថបទ៖ លោក ប៉ិច ស៊ីនួន