ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ប្រជាពលរដ្ឋមួយចំនួនដែលប្រកបរបរចិញ្ចឹមជីវិតដោយការតម្បាញសូត្រនៅប្រទេសមីយ៉ាន់ម៉ាបានកែច្នៃសរសៃអំបោះឈូកធ្វើជាសំពត់សូត្រតាមម៉ូដទាន់សម័យដ៏ប្រណិតដែលអាចលក់បានថ្លៃបំផុតរហូតដល់រាប់រយដុល្លារក្នុងមួយសំពត់។
កន្លងមកគេធ្លាប់តែបានឃើញនិងឮពីការផលិតសំពត់សូត្រចេញពីដង្កូវនាងឬដង្កូវសូត្រប៉ុន្តែថ្មីៗនេះគេបានឃើញប្រព័ន្ធផ្សព្វផ្សាយចិន CCTV បានចុះទៅធ្វើបទយកការណ៍ពីអ្នកតម្បាញសូត្រនៅមីយ៉ាន់ម៉ាដែលពួកគាត់បានច្នៃអំបោះឈូកធ្វើជាសំពត់សូត្រដ៏ទំនើបទាន់សម័យល្បីលើឆាកអន្តរជាតិ ហើយក៏ជាសូត្រដែលមានតម្លៃថ្លៃបំផុតនៅក្នុងពិភពលោកផងដែរ។
ដើម្បីត្បាញបានជាសំពត់សូត្រមួយ គឺអ្នកតម្បាញត្រូវកាច់ឈូករាប់ម៉ឺនដើមពីក្នុងបឹង អ៊ីនឡេ (Inle) នៅរដ្ឋសានដែលជាបឹងដ៏ធំបំផុតទី២នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់មកគេបានទាញយកសរសៃអំបោះឈូកចេញពីដើមផ្កាឈូកដាក់បញ្ចូលតាមទំហំខ្នាតរបស់ពួកគេ។
បើតាមការចេញផ្សាយរបស់សារព័ត៌មានសិង្ហបុរី Channel News Asia កាលពីឆ្នាំ២០១៨បានរាយការណ៍ដោយស្រង់សម្ដីលោក ម្យីន ថេន ទុន (Myint Thein Htun) ជាម្ចាស់មជ្ឈមណ្ឌលតម្បាញឈិត ស៊ុនយីនដែលនិយាយថា សំពត់សូត្រមួយម៉ែត្រការ៉េគឺត្រូវចំណាយដើមឈូកយ៉ាងតិច២ម៉ឺនដើម និងត្រូវចំណាយពេលជាង៤០ថ្ងៃដោយសិប្បករជំនាញដើម្បីផលិតបានសំពត់មួយម៉ែត្រនេះ។
លោកបានបន្ថែមថា មជ្ឈមណ្ឌលតម្បាញរបស់គាត់នេះគឺស្ថិតក្នុងចំណោមគោលដៅទេសចរណ៍កំពូលមួយស្ថិតនៅលើបឹងអ៊ីនឡេនៅក្នុងរដ្ឋសាននៅភាគខាងកើតនៃប្រទេសមីយ៉ាន់ម៉ា។ លោកបានបញ្ជាក់ថា ក្រមាសូត្រប្រវែងមួយម៉ែត្រធ្វើពីអំបោះឈូកនេះមានតម្លៃប្រហែល ៤៥០ ដុល្លារ ហើយសម្រាប់ក្រមាធ្វើពីឈូកសុទ្ធវិញអាចមានតម្លៃរហូតដល់ ៧៥០ ដុល្លារ៕
ប្រែសម្រួល៖ លោក ប៉ិច ស៊ីនួន