ថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥
អតីតតារាសម្តែងអ្នកនាង ហង្ស ម៉ារីនី ថ្មីៗនេះទើបត្រឡប់មកពីទស្សនកិច្ចរោងចក្រនៅជប៉ុនដោយផ្ទាល់ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ ទោះបីទៅក្នុងចេតនាអាជីវកម្ម ប៉ុន្តែនាងនៅឆ្លៀតប្រម៉ូតវប្បធម៌ និងអង្គរវត្តខ្មែរឱ្យដៃគូរជំនួញបានដឹងទៀតផង។
ពិតជាគួរឱ្យស្ងប់ស្ងែងពិតមែន ថ្មីៗនេះអតីតតារាសម្តែង ដែលបច្ចុប្បន្នកំពុងជាអ្នកជំនួញស្រីដ៏ជោគជ័យម្នាក់ គឺអ្នកនាង ហង្ស ម៉ារីនី និងស្វាមី ត្រូវបានរោងចក្រធំៗលំដាប់ទី១នៅប្រទេសកូរ៉េ និងជប៉ុន ផ្តល់កិត្តិយសអញ្ជើញឲ្យទៅធ្វើទស្សកិច្ចនៅរោងចក្រដោយផ្ទាល់ ដើម្បីសិក្សាស្វែងយល់ពីផលិតផល និងសង្វាក់ផលិតកម្មនៃរោងចក្រផលិត ខូឡាជែនជប៉ុន។
ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានសិល្បៈ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោយបំពេញទស្សនកិច្ច អ្នកនាង ហង្ស ម៉ារីនី បានលើកឡើងថា ពួកយើងទទួលបានសមិទ្ធផលល្អក្នុងដំណើរទស្សនិកច្ចរោងចក្រលើកនេះ។ ហើយក្នុងនាមជាកូនខ្មែរម្នាក់ អ្នកនាងរំភើប និងមានមោទនភាពខ្លាំងណាស់ ដែលរោងចក្រធំអញ្ជើញឱ្យទៅធ្វើទស្សនកិច្ចផ្ទាល់បែបនេះ។ ក្នុងនោះផងដែរ អ្នកនាង និងស្វាមី ក៏មានបំណងស្នើរទៅកាន់ម្ចាស់រោងចក្រក្នុងការពិចារណាបោះទីតាំងវិនិយោគបង្កើតរោងចក្រនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា ទៅថ្ងៃអនាគត ដើម្បីបង្កើតឱកាសការងារដល់ពលរដ្ឋកម្ពុជា និងកាត់បន្ថយថ្លៃដើមនៃផលិតផលជាដើម។
វាមិនមែនជារឿងចម្លែកទេ ដែលអតីតតារាសម្តែងរូបនេះចង់ជួយបង្កើនឱកាសការងារដល់ប្រជាពលរដ្ឋ ព្រោះតាំងពីដើមមក គ្រប់គ្នាបានដឹងហើយថា អ្នកនាង ហង្ស ម៉ារីនី តែងតែធ្វើការងារសប្បុរសធម៌ជាប្រចាំចាប់តាំងពីនៅសិក្សាម្ល៉េះ ហើយពេលនេះក៏អ្នកនាងនៅតែរក្សជំហរក្នុងការលើកិច្ចការនេះ នឹងគ្រោងរៀបចំកម្មវិធីសប្បុរសធម៌ថ្មីក្នុងពេលឆាប់ៗនេះ ដោយអ្នកនាង និងស្វាមី នឹងចុះចែកអំណោយដោយផ្ទាល់តែម្តង។
ក្នុងដំណើរទស្សនកិច្ចទៀតសោត ហង្ស ម៉ារ៉ានី និងស្វាមី ទើបទទួលបានគោរមងារជាឧកញ៉ា ទាំងពីរនាក់ប្ដី-ប្រពន្ធ ក៏បាននាំយកទង់ជាតិរបស់ខ្មែរទៅប្រម៉ូតឱ្យអ្នកជំនួញបរទេសដែលជាដៃគូសហការរកស៊ីបានស្គាល់កម្ពុជាផងដែរ។
អតីតតារាស្រីបន្តថា នាងនៅតែស្រលាញ់វិស័យសិល្បៈខ្លាំង ទោះបីជាពេលនេះនាងកំពុងជោគជ័យលើជំនួញអនឡាញក៏ដោយ ព្រោះបើគ្មានសិល្បៈទេ នាងក៏គ្មានថ្ងៃនេះដែរ។ ជាក់ស្តែង សព្វថ្ងៃនេះនាងមិនមែនបោះបង់វិស័យសិល្បៈទាំងស្រុងទេ តែដោយសាររវល់ខ្លាំងពេកទើបគ្មានពេលទទួលថត តែប្រសិនខាងក្រុមហ៊ុន ឬ agency ចាប់អារម្មណ៍ចង់ហៅថតស៉្បតពាណិជកម្ម ឬថតប្រម៉ូតដែលប្រើរយៈពេលខ្លី គឺអ្នកនាងពិចារណាថតធម្មតា លើកលែងតែភាពយន្តប៉ុណ្ណោះដែលមិនអាចទទួលបាន។
សូមជម្រាបថា អ្នកនាង ហង្ស ម៉ារីនី និងស្វាមី ត្រូវបានទស្សនិកជន ដឹងថាក៏ជាអ្នកជំនួញមានកេរ្តិ៍ឈ្មោះល្អ និងធ្លាប់មានប្រវត្តិតស៊ូច្រើនទាំងលើវិស័យសិល្បៈ និងមុខជំនួញ។ អ្នកទាំងពីរ ក្លាយជាអ្នកជំនួញជោគជ័យ ចូលរួមកិច្ចការងារសង្គម រហូតទទួលគោរម្យងារជាឧកញ៉ាទាំងពីររូបក្តី ក៏ពួគគាត់នៅតែបន្តប្រឹងប្រែងដោយភាពហ្មត់ចត់និងថ្លៃថ្នូរលើមុខជំនួញ ពិសេសលើការលក់ផលិតផលសុខភាព និងគ្រឿងសម្អាង៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច