ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥
ក្រុមកីឡាករជម្រើសជាតិទូកនាគខ្នាតអន្តរជាតិរបស់កម្ពុជាបាននិងកំពុងចេញទៅចូលរួមប្រកួតជាប្រវត្តិសាស្ត្រដំបូងបំផុតរបស់ខ្លួន ជាមួយនឹងក្តីសង្ឃឹមនៃគោលដៅមេដាយ១គ្រឿង សម្រាប់ព្រឹត្តិការណ៍ កីឡាដ៏ធំរៀងរាល់៤ឆ្នាំម្តងរបស់ទ្វីបអាស៊ី ដែលនៅឆ្នាំ២០២៣នេះ ប្រទេសចិនទទួលរៀបចំ ជា ម្ចាស់ ផ្ទះ កីឡាអាស៊ី លើកទី១៩ នៅទីក្រុងហាន់ចូវ ដែលប្រារព្ធជាផ្លូវការពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣។
លោក គង់ សុខភាព គ្រូជំនួយក្រុមជម្រើសកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” នៃសហព័ន្ធ កីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាថ្លែងប្រាប់ថា ក្រុមកម្ពុជាត្រៀមប្រកួតចំនួន៣វិញ្ញាសា គឺវិញ្ញាសាបុរស ២០០ ម៉ែត្រ ចំណុះ ១២នាក់, ៥០០ម៉ែត្របុរស និង ១០០០ម៉ែត្របុរស ខណៈវិញ្ញាសា ២០០ម៉ែត្រ គឺជាវិញ្ញាសារដែលសហព័ន្ធ បាន ដាក់ក្តីសង្ឃឹមខ្ពស់ជាងគេ ក្នុងការឈានទៅរកកម្រិតមេដាយណាមួយ។ ការដាក់គោលដៅ មេដាយលើវិញ្ញាសា ២០០ម៉ែត្រ គឺដោយសារតែក្រុមកីឡាករសម្រុកការហ្វឹកហាត់យ៉ាងខ្លាំងក្លា បំផុត ហើយឆ្លងកាត់ការធ្វើតេស្តរៀងរាល់សប្តាហ៍កន្លងមក គឺលទ្ធផលនៃការហ្វឹកហាត់ក្នុងស្រុក គឺថិរៈវេលាកាន់តែល្អប្រសើរ។
ប៉ុន្តែទោះយ៉ាងណា ក៏លោក គង់ សុភាព បានបង្ហាញពីឆន្ទៈ និងការប្តេជ្ញាខ្ពស់របស់កីឡាករជម្រើសជាតិ នឹងខិតខំ ប្រកួតឱ្យអស់ ពី សមត្ថភាព ដើម្បីប្រជែងបានលទ្ធផលល្អមួយយកមកជូនជាតិមាតុភូមិ។ ជាមួយនឹងការប្តេជ្ញា ចិត្តយ៉ាងមោះមុតទាំងការហ្វឹកហាត់ និងការត្រៀមលក្ខណៈសម្បត្តិចូលរួមប្រកួតជាលើកដំបូង ក្នុង ហ្គេមដ៏ធំកម្រិតទ្វីបអាស៊ី ឆ្នាំ២០២៣នេះ ទទួលបានការអនុញ្ញាត និងផ្តល់ការគាំទ្រលើកទឹកចិត្ត យ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំសហព័ន្ធ។
គួរបញ្ជាក់ថា តាមការគ្រោងទុកក្រុមជម្រើសជាតិកីឡាទូកនាគកម្ពុជានឹងត្រូវធ្វើការប្រកួតផ្លូវការនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ លើវិញ្ញាសា ២០០ម៉ែត្រ,ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នឹងត្រូវប្រកួតលើវិញ្ញាសា ៥០០ម៉ែត្រ និងថ្ងៃទី០៦ ខែតុលា នឹងត្រូវប្រកួតលើវិញ្ញាសា ១០០០ ម៉ែត្រ។ជាមួយគ្នានេះដែរ ចំពោះប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ កាលពីខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ ដណ្តើមបានមេដាយមាស ២គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ៤គ្រឿង ដែលនេះជាជោគជ័យដ៏ធំធេង សម្រាប់ព្រឹត្តិការណ៍ កីឡាថ្នាក់តំបន់ ហើយក៏ជាការបោះជំហានថ្មីមួយទៀត សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីនេះផងដែរ៕
អត្ថបទ និងរូបភាព៖ ប៉ុន សុភាព