ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
លោកបៃដឹនចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ដែលអនុម័តដោយព្រឹទ្ធសភាកាលពីយប់មិញដើម្បីទប់ស្កាត់ការបិទដំណើរការរដ្ឋាភិបាល។ តាមរយៈថវិកានេះ រដ្ឋាភិបាលអាចបើកដំណើរការ៤៥ថ្ងៃទៀត ដើម្បីឲ្យសេតវិមាន និងសភាជជែកគ្នាទៅលើសេចក្ដីព្រាងច្បាប់ស្ដីពីថវិកាជាតិ។ រដ្ឋសភា និងព្រឹទ្ធសភាបារម្ភថាការបិទរដ្ឋាភិបាលអាចនឹងមានផលវិបាកធ្ងន់ធ្ងរ។
នៅខ្វះបីម៉ោងមុនពាក់កណ្ដាលអាធ្រាត្រ ព្រឹទ្ធសភាបានអនុម័តសេចក្ដីព្រាងច្បាប់នោះ។ ចំណែកលោកបៃដឹនក៏បានចុះហត្ថលេខាទាំងយប់តែម្ដង។ សេចក្ដីព្រាងច្បាប់កម្រាស់៧១ទំព័រនោះរៀបចំឡើងដោយប្រធានរដ្ឋសភា លោកម៉ាក់ខាធី ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ។
ប៉ុន្តែសេចក្ដីព្រាងច្បាប់នោះមិនមាននិយាយពីការផ្ដល់ជំនួយសម្រាប់ប្រទេសអ៊ុយក្រែនទេ។ លោកម៉ាក់ខាធីសុខចិត្តប្រឈមនឹងការបោះឆ្នោតដកតំណែងនៅពេលលោកយកសេចក្ដីព្រាងច្បាប់នោះមកបោះឆ្នោតអនុម័ត។
ជាពិសេស ក្រុមអ្នកជ្រុលនិយមនៅក្នុងគណបក្សសាធារណរដ្ឋកំពុងតែប្រឆាំងនឹងការអនុម័តនេះយ៉ាងខ្លាំង។ លោកម៉ាក់ខាធីគិតថាលោកបានដើរនៅលើផ្លូវត្រូវដើម្បីធ្វើឲ្យរដ្ឋាភិបាលដំណើរការជាប្រក្រតី។ ក្រុមអ្នកតំណាងរាស្ត្រជ្រុលនិយមទាំងនោះកំពុងរៀបចំគម្រោងបោះឆ្នោតទម្លាក់លោកម៉ាក់ខាធីពីតំណែង។
ប៉ុន្តែលោកគ្មានអ្វីត្រូវព្រួយបារម្ភទេ។ ប្រសិនបើគ្មានការអនុម័តថវិកានេះទេ រដ្ឋាភិបាលនឹងត្រូវបិទទ្វារដោយជៀសមិនរួចឡើយ។ ផលវិបាកដែលកើតឡើងមានដូចជាសេវាសំខាន់ៗរបស់រដ្ឋត្រូវផ្អាកទាំងស្រុង ឧទាហរណ៍ ការធ្វើដំណើរតាមផ្លូវអាកាស សេវាផ្ដល់ទឹកស្អាត។ លើកលែងតែសេវាចាំបាច់បំផុតរបស់ប្រទេសជាតិដែលគេមិនអាចខ្វះខាតបានដូចជាសន្តិសុខជាតិ ឬសណ្ដាប់ធ្នាប់សាធារណៈជាដើម៕
អត្ថបទ៖អន សំអាង