ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ប្រទេសឥណ្ឌូណេស៊ីដាក់ឲ្យប្រើប្រាស់ផ្លូវរថភ្លើងល្បឿនលឿនជាលើកដំបូងក្រោមអធិបតីភាពរបស់ប្រធានាធិបតីវីដូដូ។ នេះជាផ្នែក១នៃគម្រោងអភិវឌ្ឍផ្លូវ១ ខ្សែក្រវាត់១របស់ប្រទេសចិន។ ផ្លូវល្បឿនលឿននេះតភ្ជាប់ពីទីក្រុងហ្សាកាតាទៅទីក្រុងបានឌុង និងសាងសង់ដោយក្រុមហ៊ុនចិន និងជាមួយឥណ្ឌូណេស៊ីនៅក្នុងទំហំទឹកប្រាក់៧,៣ពាន់លានដុល្លារ។
តាមពិត គម្រោងសាងសង់ផ្លូវរថភ្លើងនេះត្រូវបញ្ចប់តាំងពីឆ្នាំ២០១៩មកម៉្លេះ។ ប៉ុន្តែត្រូវពន្យារពេលដោយសារទំនាស់ដីធ្លី និងបញ្ហាខូវីដ១៩។ ចាប់តាំងពីពាក់កណ្ដាលខែកញ្ញា, ផ្លូវរថភ្លើងនេះត្រូវបានប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃរហូតដល់ពាក់កណ្ដាលខែតុលានេះនឹងចាប់ផ្ដើមលក់សំបុត្រ។
រថភ្លើងនេះមានល្បឿនអតិបរមា៣៥០គីឡូម៉ែត្រក្នុង១ម៉ោង។ ដូច្នេះ ចម្ងាយពីហ្សាកាតាទៅបានឌុង១៤២គីឡូម៉ែត្រអាចធ្វើដំណើរត្រឹមតែ១ប៉ប្រិចភ្នែក។ ឥណ្ឌូណេស៊ីរំពឹងថារថភ្លើង១ខ្សែនេះអាចចូលរួមចំណែកលើកកម្ពស់វិស័យសេដ្ឋកិច្ចជាតិ។
រថភ្លើងនេះដំណើរការដោយថាមពលអគ្គិសនី។ ដូច្នេះ វាអាចចូលរួមចំណែកនៅក្នុងការថែរក្សាបរិស្ថាន។ គេគិតថារថភ្លើងដែលមានល្បឿនលឿនដូចផ្លេកបន្ទោរនេះនឹងទាក់ទាញការចាប់អារម្មណ៍ខ្លាំងចំពោះអ្នកប្រកបអាជីវកម្មធំៗ និងអ្នកទេសចរដែលចង់ធ្វើដំណើរឲ្យបានលឿនដើម្បីចំណេញពេលវេលា។
ឥណ្ឌូណេស៊ីប្រៀបប្រដូចទីក្រុងបានឌុងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងបច្ចេកវិទ្យាដូចតំបន់ស៊ីលីខន់.វេលី (Silicon Valley) របស់សហរដ្ឋអាមេរិកដូច្នោះដែរ។ ចំពោះតម្លៃសំបុត្រធ្វើដំណើរតាមរថភ្លើងនេះចន្លោះពី១៦ទៅ២២ដុល្លារ៕
អត្ថបទ៖ អន សំអាង