ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

រដ្ឋាភិបាលថៃអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់នៅរដូវវស្សាដោយសារភ្លៀងធ្លាក់ខ្លាំងពេញមួយសប្ដាហ៍នេះ

នៅរដូវវស្សាឆ្នាំនេះ ប្រទេសថៃរងគ្រោះខ្លាំងដោយសារការធ្លាក់ភ្លៀង និងគ្រោះទឹកជំនន់។ នៅទីក្រុងសុខោទ័យ ផ្ទះរបស់អ្នកស្រុករាប់ពាន់ខ្នងរងគ្រោះដោយសារទឹកទន្លេហក់ឡើងខ្ពស់ខុសពីធម្មតារហូតដល់លិចតំបន់ទំនាប។ នេះជាផ្នែក១នៃផលវិបាកដោយសារការធ្លាក់ភ្លៀងខ្លាំងនៅតំបន់ខាងជើង។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ឧបនាយករដ្ឋមន្ត្រីថៃ។

 

 

 

 

អ្នករស់នៅទីក្រុងសុខោទ័យប្រាប់ថាគ្រោះទឹកជំនន់លើកនេះមានមានសភាពធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក។ ពួកគេរួមជាមួយអាជ្ញាធរមូលដ្ឋានបានរៀបចំបាវខ្សាច់ដើម្បីទប់ទឹកជំនន់ និងព្យាយាមកាត់បន្ថយការខូចខាតចំពោះលំនៅដ្ឋានរបស់ពួកគេ។ ប្រឈមនឹងបញ្ហានេះ នាយករដ្ឋមន្ត្រីថៃបានបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធរបស់ជាតិផ្ដោតការយកចិត្តទុកដាក់ខ្ពស់ចំពោះតំបន់រងគ្រោះនានា។

 

ជាពិសេស តំបន់ជាប់នឹងដងទន្លេដែលរងការលិចលង់យ៉ាងធ្ងន់ធ្ងរដោយសារការធ្លាក់ភ្លៀងខ្លាំងជាងច្រើនថ្ងៃជាប់គ្នា។ លោកជំរុញឲ្យស្ថាប័នទាំងនោះត្រៀមខ្លួនដោះស្រាយបញ្ហាដែលនឹងកើតឡើងក្រោយការធ្លាក់ភ្លៀងនាប៉ុន្មានថ្ងៃខាងមុខនេះ។

 

 

 

 

ការិយាល័យឧតុនិយមព្យាករថានៅទូទាំងប្រទេសថៃនឹងមានភ្លៀងធ្លាក់ខ្លាំង និងធ្វើឲ្យទឹកនៅតាមទន្លេ ស្ទឹង បឹងបួ ហក់ឡើងខ្ពស់យ៉ាងឆាប់រហ័សពេញមួយសប្ដាហ៍នេះ។  នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយអំពាវនាវឲ្យអ្នកដែលរស់នៅក្នុងខេត្តចំនួន១១ជាប់នឹងដងទន្លេចៅផាយ៉ា (Chao Phraya) សូមប្រុងប្រយ័ត្នខ្ពស់ព្រោះទឹកទន្លេនឹងហក់ឡើងខ្ពស់ចាប់ពីថ្ងៃនេះតទៅ។

 

នៅអង្គទង និងអាយុធ្យា ទឹកទន្លេអាចនឹងឡើងចាប់ពី១ម៉ែត្រទៅ១ម៉ែត្រកន្លះ។ ផ្លូវហាយវេចំនួន៤ខ្សែមិនអាចធ្វើដំណើរបានទេតាំងពីម្សិលមិញនៅក្នុងខេត្តចំនួនបីដោយសារគ្រោះទឹកជំនន់ និងការបាក់ដីជាច្រើនកន្លែង៕

 

 

 

 

អត្ថបទ៖ អន សំអាង
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025