ថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០២៥

កុមារ នៅតំបន់ភ្នំត្បែងមានជ័យ មិនសូវទទួលបានការរៀនសូត្រច្រើន ដោយជីវភាពខ្វះខាត និងពិបាកមធ្យោបាយធ្វើដំណើរ ខណៈសាលារៀន នៅឆ្ងាយពីផ្ទះ

១៦ សីហា ២០២៣ | ព័ត៌មានជាតិ



កាលពីថ្ងៃទី១១សីហាកន្លងទៅ ក្រុមអ្នកដើរព្រៃកម្ពុជា បាននាំយកសម្ភារសិក្សា និងសម្លៀកបំពាក់ ទៅចែកជូនកុមារ ដែលមានជីវភាពខ្វះខាត នៅក្នុងភូមិបេងកាង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ដើម្បីលើកកម្ពស់ការសិក្សា នៅតំបន់ដាច់ស្រយាល ខណៈក្មេងៗ នៅតំបន់នេះ មិនសូវទទួលបានការសិក្សាទាន់ពេលនោះទេ។ កុមារមួយចំនួន មានអាយុរហូតដល់ ៩ឆ្នាំហើយ ទើបតែចាប់ផ្តើមចូលរៀន។ 

 


សម្ភារៈសិក្សាមួយចំនួន ត្រូវបានក្រុមអ្នកដើរព្រៃកម្ពុជា បានយកទៅចែកជូនដល់ក្មេងៗដែលមានជីវភាពខ្វះខាតខ្លាំង មកពីសាលាបឋមសិក្សា បេងកាង ស្ថិតនៅក្នុងភូមិបេងកាង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ជាមួយដំណើរនៃការរៀបចំកម្មវិធីកីឡារត់ឡើងភ្នំត្បែង ដែលបានរៀបចំកាលពីថ្ងៃទី ១១ដល់ ១៣សីហាកន្លងទៅនេះ ដែលមានអ្នកចូលរួមប្រមាណជាង ២០០នាក់។ 

 

 

កុមារដែលមានជីវភាពខ្វះខាតខ្លាំងប្រមាណជាង ២០នាក់ មកពីសាលាបឋមសិក្សា បេងកាង ទទួលបានសម្ភារៈសិក្សាមួយចំនួនដូចជា កាតាបសិស្ស សៀវភៅ ប៊ិច ដបទឹក និងសម្ភារសិក្សាផ្សេងទៀត ដើម្បីតបតាមតម្រូវការរបស់ពួកគេ ខណៈកុមារទាំងនេះ សុទ្ធសឹងតែជាអ្នកដែលរស់នៅតំបន់ដាច់ស្រយាល ព្រមទាំងពិបាកក្នុងការធ្វើដំណើរទៅកាន់សាលារៀនថែមទៀត។ កុមារមួយចំនួន ទទួលបានការសិក្សារៀនសូត្រយឺតពេល ដោយសារកត្តាជីវភាពមានភាពខ្វះខាត ស្របពេលសាលារៀននៅឆ្ងាយពីផ្ទះរបស់ពួកគេផង។ 

 

 

លោកស្រី តាប់ ស៊ីមាន ជាអាណាព្យាបាលកុមារម្នាក់ក្នុងចំណោមកុមារទាំងអស់បានលើកឡើងថា កុមារដែលរស់នៅក្នុងភូមិឃុំនេះ ភាគច្រើនមិនសូវបានរៀនសូត្រនោះទេ ខណៈផ្ទះរបស់ពួកគេមួយចំនួនមានទីតាំងនៅលើភ្នំ។ លោកស្រីថា ឪពុកម្តាយកុមារមួយចំនួន យកកូនរបស់ខ្លួនទៅផ្ញើរជាមួយបងប្អូន ឬសាច់ញាតិដែលរស់នៅខាងក្រោមដើម្បីអាចឱ្យកូនទទួលបានការសិក្សាដូចគេដូចឯង ប៉ុន្តែក៏នៅតែពិបាកព្រោះសាលានៅឆ្ងាយពីផ្ទះ។ 

 


ទន្ទឹមនឹងនេះ លោក យា ប៊ែនយ៉ាមីន ប្រធានក្រុមដើរព្រៃកម្ពុជា ដែលបានរៃអង្គាសជាមួយអ្នកចូលរួម និងសប្បុរសធម៌ផ្សេងទៀត ដើម្បីយកថវិការទិញសម្ភារសិក្សាមកជូនកុមារនៅតំបន់នេះ ក៏បានលើកឡើងដែរថា លោកសប្បាយរីករាយដែលបានឃើញស្នាមញញឹមរបស់កុមារនៅតំបន់ដាច់ស្រយាលនេះ នៅពេលទទួលបានសម្ភារសិក្សាទាំងនេះ។ 

 


ក្រៅពីនេះ លោកក៏បានសម្តែងភាពរីករាយយ៉ាងក្រៃលែង និងបានថ្លែងអំណរគុណទៅដល់អ្នកដែលបានចូលរួមជាសម្ភារសិក្សា ថវិការ និងបងប្អូនដែលចូលរួមជាកម្លាំងដើម្បីបង្កបរិយាកាសទាំងនេះប្រព្រឹត្តទៅដោយរលូន បើទោះបីជាការចែករំលែកនេះស្ថិតនៅក្នុងកម្រិតស្តួចស្តើងក្តី តែក៏ជាការជោគជ័យជាលើកដំបូងរបស់ក្រុមអ្នកដើរព្រៃកម្ពុជាផងដែរ។ ក្នុងនាមជាប្រធានក្រុមអ្នកដើរព្រៃកម្ពុជា លោកក៏បានឱ្យដឹងថា ក្រុមរបស់លោកបានប្តេជ្ញាថា នឹងបង្កើតសកម្មភាពមនុស្សធម៌ និងចែករំលែកស្នាមញញឹមទៅកាន់កុមារជាច្រើននៅតំបន់ដាច់ស្រយាលជាច្រើនទៀតនៅកម្ពុជា ដើម្បីបណ្តុះធនធានមនុស្ស និងផ្តោតសំខាន់លើការសិក្សារបស់ពួកគេជាដើម៕

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ ឆិល សុភ័ស្ត  

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025