ថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលា ឆ្នាំ២០២៥
នៅក្នុងហាងកាហ្វេគួរជាទីមនោរម្យ១កន្លែងស្ថិតនៅតាមដងវិថីដែលប្រមូលផ្ដុំទៅដោយអ្នកទេសចរជាតិ និងអន្តរជាតិ គេឃើញថាមានការបម្រើអាហារប្លែកៗប្រភេទរីសូតូចង្រិត(Risotto), ទឹកប៉មគាបលាយជាមួយសត្វល្អិត និងបង្អែមតៅហ៊ូលាយដង្កូវដឹកឌឿ។ ឃើញថាអាហារទាំងនេះសុទ្ធតែប្លែកៗដែលផ្សែផ្សំពីសត្វល្អិតជាច្រើនប្រភេទសម្រាប់ទទួលភ្ញៀវ។
អតិថិជនដែលអញ្ជើញមកពិសាអាហារថ្ងៃត្រង់នៅក្នុងហាងនេះ លោកកាត់ស៊ូណូរី (Katsunori) ខាំមួយម៉ាត់ប៉ះចំសត្វល្អិតមានស្លាបប្រភេទកន្តេះឡង់ ឬកន្ទាទូកដែលចុងភៅតុបតែងលម្អនៅក្នុងភេសជ្ជៈមានក្លិនក្រអូបប្រហើរបែបផ្លែប៉ម។ គាត់ស្រែក១វ៉ាស់ថា «ពិតជាមានឱជារសឆ្ងាញ់មែន»។ ហាងឈ្មោះតាកិ.ណូកុ (Take-Noko) មានអតិថិជនសម្រុកចូលច្រើនណាស់។
ពួកគេជាអ្នកនិយមចូលចិត្តបរិភោគអាហារផ្សំពីសត្វល្អិត ហើយជាអ្នកដែលចូលញ៉ាំអាហារនៅទីនេះជារៀងរាល់ថ្ងៃ។ អាហារសំណព្វចិត្តខ្លះដូចជាសម្លការីផ្សំពីសត្វល្អិត។ បើសម្រាប់ថ្ងៃចុងសប្ដាហ៍វិញ, ហាងនេះទទួលការកក់ទុកមុនឡើងពេញប៊ឹបតែម្ដង។
ប្រទេសជប៉ុនបានកែច្នៃមុខម្ហូបផ្សំពីសត្វល្អិតយ៉ាងច្រើនសម្បូរបែប។ មានដូចជាសត្វកណ្ដូប, ដង្កូវសូត្រ និងឪម៉ាល់ត្រូវបានអ្នករស់នៅប៉ែកខាងតំបន់ដីគោកបរិភោគជាប្រពៃណី។ នៅទីនោះ, ត្រី និងសាច់ខ្សត់ណាស់។ លុះដល់អំឡុងសង្គ្រាមលោកលើកទី២ និងក្រោយសង្គ្រាមនេះ, មនុស្សរឹតតែងាកមកបរិភោគអាហារផ្សំពីសត្វល្អិតកាន់តែខ្លាំងមែនទែន។
អ្នកដែលមិនដែលបរិភោគអាហារនេះក៏ត្រូវតែបរិភោគព្រោះគ្មានជម្រើសទេ ខណៈដែលប្រទេសជាតិជួបនឹងវិបត្តិអាហារ។ លោកមីឆាកុ.មូអ៊ីរ៉ាក់ (Michiko Muira) ជាអ្នកសិក្សាអំពីសត្វល្អិតបានសរសេររៀបរាប់នូវសត្វល្អិតដែលអាចបរិភោគបានចំនួន៥៥ប្រភេទត្រូវជនជាតិជប៉ុនបរិភោគកាលពីជំនាន់តាឥសូ (Taisho)ពីឆ្នាំ១៩១២ដល់ឆ្នាំ១៩២៦។
សត្វល្អិតចាប់ផ្ដើមមានមុខនៅក្នុងបញ្ជីមុខម្ហូបនៃប្រទេសជប៉ុននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុនខ្លះលក់នំផ្អែម និងនំខេកផ្សំពីចង្រិតកិន។
ក្រុមហ៊ុនខ្លះផលិតនំស្រួយផ្សំពីចង្រិត និងបន្ទះសូកូឡាផ្សំពីចង្រិត។ អង្គការសហប្រជាជាតិលើកទឹកចិត្តឲ្យមនុស្សបរិភោគសត្វល្អិតដែលអាចបរិភោគបាន ព្រោះម៉្យាងចំនួនប្រជាជនហក់ឡើងកាន់តែខ្ពស់ និងម៉្យាងទៀត ប្រភពធនធានសម្រាប់ចិញ្ចឹមមនុស្សកាន់តែផលិតមិនទាន់ដោយសារដីកសិកម្ម និងទឹកសាបមានតិចជាងតម្រូវការ៕
ប្រែសម្រួល៖ លោក អន សំអាង