ថ្ងៃអង្គារ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២៥

ត្រីមាសទី១ ឆ្នាំ២០២៣ កម្ពុជានាំចេញដំឡូងមី និងម្សៅដំឡូងមីក្នុងទំហំទឹកប្រាក់ជាង ២៨៥លានដុល្លារ កើនឡើង៣០%

១៤ កក្កដា ២០២៣ | សេដ្ឋកិច្ច

 

ដំឡូងមី និងផលិតផល ពីដំឡូងមី ជាង១លានតោន ត្រូវបានកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិ ក្នុងរយៈពេល៣ ខែដំបូង ឆ្នាំ២០២៣ ដោយក្នុងនោះ ជាង ៧៣%ត្រូវបាននាំទៅប្រទេសថៃ ។ នេះបើតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ដំឡូងមី គឺជាដំណាំដែលមានសារ:សំខាន់ទី៣ នៅក្នុងវិស័យកសិកម្មបន្ទាប់ពីដំណាំស្រូវ និងពោត ។ ចំពោះការដាំដុះ ការប្រមូលផល ការកែច្នៃ និងការនាំចេញដំឡូងមីបានផ្តល់ការងារ និងគាំទ្រដល់ការរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើនពាន់នាក់។ ដំឡូងមីជាដំណាំដែលអាចឱ្យប្រជាកសិករខ្មែររកចំណូលបានពីការដាំដុះបានមួយផ្នែកផងដែរ។ 


លោក អិល ឈិញ ជាកសិករជំនាញមានបទពិសោធន៍ដាំដំឡូមី អស់រយះពេលជាយូរឆ្នាំមកហើយ នៅខេត្តត្បូងឃ្មុំ លោកបានប្រាប់ក្រុមការងារសេដ្ឋកិច្ចតាមរយះទូរស័ព្ទដៃថា ស្ថានភាពដំឡូងមីនៅឆ្នាំនេះ តម្លៃរៀងបានខ្ពស់បន្តិច ប៉ុន្តែទទួលបានទិន្នផលថយចុះ៣០% បើធៀបទៅនិងឆ្នាំកន្លងទៅ ដោយសារបញ្ហាអាកាសធាតុមានភ្លៀងធ្លាក់ជោគជាំចាប់តាំងពីអំឡុងខែ កញ្ញា ឆ្នាំ២០២២ ដូចនេះកសិករចាប់ផ្តើមប្រមូលផលនៅអំឡុងខែ វិចិ្ឆការ ដែលធ្វើឲ្យដំឡូងមីរបស់កសិកររលួយមើម ខាតបង់អស់ជាច្រើនហិចតា ។ 


ឆ្នាំនេះសម្រាប់តម្លៃលក់ចេញដំឡូងមីស្រស់ ១តោន៤១ម៉ឺនរៀល ធៀបទៅនិងឆ្នាំមុន ១តោនចន្លោះ២៨ម៉ឺន ទៅ៣២ម៉ឺន ។ លោកបន្តថា បរិមាណដំឡូងមី ដែលនាំចេញក្នុងរយៈពេលេដើមឆ្នាំ២០២៣នេះ គឺជាដំឡូងមីដែលបានពីការប្រមូលផលកាលពីឆ្នាំ២០២២កន្លងទៅ ដោយសារតែកសិករត្រូវទុកពូជសម្រាប់ដាំដុះនៅឆ្នាំបន្ទាប់ ដែលមានទាំងមើម និងដើម ខណៈដែលការដាំដុះដំឡូងមីត្រូវចំណាយពេល១០ខែទៅ១ឆ្នាំ ដើម្បីអាចប្រមូលផលបាន។ នៅកម្ពុជាខេត្តដែលមានសក្តានុពលក្នុងការដាំដុះដំឡូងមីច្រើនជាងគេ មានដូចជា បាត់ដំបង បន្ទាយមានជ័យ ឩត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ធំ និងកំពង់ចាម។ 
រីឯផ្ទៃដីដាំដុះដំឡូងមីនៅកម្ពុជាមានចំនួន៨០ម៉ឺនហិចតា ។

 


នៅដើមឆ្នាំនេះការប្រមូលផលដំឡូងមី ខេត្តបាត់ដំបង មានប្រមាណ១០ទៅ២០ភាគរយប៉ុណ្ណោះ នៅក្នុងចំណោមផ្ទៃដីដាំដំឡូងមីសរុបជាង១០ម៉ឺនហិកតា ដំឡូងមីដែលនៅសេសសល់ពីការប្រមូលក្នុងឆ្នាំចាស់។ ចំណែកតម្លៃដំឡូងមីក្រៀមបច្ចុប្បន្ន គឺមានតម្លៃ៦០០ទៅ៧០០រៀលក្នុង១គីឡូ។ ខេត្តក្រចេះតម្លៃដំឡូងមីឆ្នាំនេះកើនលើសឆ្នាំមុន ដោយដំឡូងមីស្រស់អាចលក់ចេញបានចន្លោះពី ៣០០-៥០០រៀល/គីឡូ និងដំឡូងមីក្រៀមតម្លៃចន្លោះពី ៨០០-៩០០ រៀល/គីឡូ។

 


យោងតាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ចំពោះបរិមាណនៃការនាំចេញដំឡូងមីស្រស់នៅក្នុងរយៈពេល៣ខែ ដើមឆ្នាំនេះ មានចំនួន ១៥៥ ២១០តោន ក្នុងនោះនាំចេញទៅវៀតណាម ១៣១ ៧១០តោន និងថៃ ២៣ ៥០០តោន។ ដោយឡែកម្សៅដំឡូងមី មានចំនួនជាង ១៤ ៧០១តោន ក្នុងនោះនាំចេញទៅចិនចំនួន ១៤ ៦៤២ តោន ជប៉ុនជាង ២៥តោន អ៊ីតាលី ១៧តោន និងឥណ្ឌា១៧តោន។ ចំណែកការនាំចេញកាកសំណល់ដំឡូងមីវិញ នាំចេញបាន៣៨ ២៥២តោន ដោយនាំទៅវៀតណាម ៣០ ៥០០តោន ថៃ ៧ ១០០តោន និងចិន ៦៥២តោន។

 


គួររំលឹកបន្តិចថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣កន្លងទៅ សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា និងក្រុមហ៊ុន Global Ecological Rice (Cambodia) Co., Ltd. របស់ភាគីចិន បានចុះអនុស្សរណៈយោគយល់ និងកិច្ចសន្យាផលិតកម្មកសិកម្មដំឡូងមីកម្ពុជា ដើម្បីជំរុញការនាំចេញដំឡូងមីទៅកាន់ទីផ្សារប្រទេសចិន ដែលក្នុងនោះការផ្គត់ផ្គង់ចំណិតដំឡូងមីស្ងួតក្នុងបរិមាណសរុប ៥សែនតោន ក្នុង១ឆ្នាំ ដោយយកខេត្តបាត់ដំបងជាទីតាំងគោល។

 


សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញគោលនយោបាយជាតិស្តីពីដំឡូងមី ឆ្នាំ២០២០-២០២៥ ដើម្បីប្រែក្លាយកម្ពុជាក្លាយជាទីតាំងផលិត កែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមី ដោយគោលនយោបាយជាតិនេះ មានគោលដៅសំខាន់ចំនួន៣ គឺទី១- ការផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណីឬគ្រួសារ ឱ្យទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្ម ទី២- ការគាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមីឱ្យមានសក្តានុពល និងទាក់ទាញវិនិយោគ ដើម្បីកែច្នៃផលិតផលពីដំឡូងមី ដែលមានតម្លៃបន្ថែមខ្ពស់សម្រាប់ផ្គត់ផ្គង់ទីផ្សារ និងគោលដៅទី៣- ការលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្ម តាមរយៈការជ្រៀតចូលនិងចាប់យកចំណែកទីផ្សារ ដោយផ្សារភ្ជាប់ទៅនឹងអន្តរវិស័យដែលពាក់ព័ន្ធក្នុងការនាំចេញ៕

 

 

 

អត្ថបទ: ថុន សុកេតុមាលា រូបភាព: ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025