ថ្ងៃច័ន្ទ ទី០២ ខែមិថុនា ឆ្នាំ២០២៥

កីឡាការិនីកម្ពុជា ស្រួង ភាវីឈ្នះជើងឯកពានរង្វាន់ SILKROAD & ANSAN PBA-LPBA នៅសាធារណរដ្ឋកូរ៉េ

១២ កក្កដា ២០២៣ | កីឡា

 

 

ម្ចាស់មេដាយមាស ស៊ីហ្គេម ប៊ីយ៉ាការ៉ុមបីបាំង ឆ្នាំ២០២៣ នៅកម្ពុជា កីឡាការិនីកម្ពុជា ស្រួង ភាវី បានកសាងកិត្តិយសថ្មីជូនជាតិមួយទៀត តាមរយៈការឈ្នះជើងឯក ពានរង្វាន់ SILKROAD & ANSAN PBA-LPBA នៅសាធារណរដ្ឋកូរ៉េ។

 


កីឡាការិនីកម្ពុជា ស្រួង ភាវី បានប្រកួតឈ្នះនៅវគ្គផ្តាច់ព្រ័ត្រជាមួយកីឡាការិនីកូរ៉េខាងត្បួង យ៉ុង ហ៊ីយ៉ុនជី (Hyun-ji YONG)។ ស្រួង ភាវី បានបង្ហាញក្តីរីករាយពីកូរ៉េខាងត្បូងតាមរយៈសារអេឡិចត្រូនិកមកថា ខ្លួនពិតជាមានមោទកភាព ដែលអាចប្រជែងពានបន្តបន្ទាប់ក្នុងនាមកីឡាការិនីកម្ពុជា។

 

 

កីឡាការិនីវ័យ ៣៤ឆ្នាំរូបនេះបន្ថែមថា នេះជាជ័យជម្នះថ្មីមួយទៀតជូនប្រជាជនកម្ពុជាលើទឹកដីកូរ៉េម្ដងទៀត។ បើយើង ខ្លាំងធ្វើឲ្យកម្ពុជាខ្លាំង។ បើយើង ខ្លាំងប្រជាជនយើងក៏ខ្លាំង។ បើយើង ជាមនុស្សអស្ចារ្យ យើង ក៏ធ្វើឱ្យកម្ពុជាអស្ចារ្យ។ យើងនឹងជានិមិត្តរូបដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជា។

 

 

 

គួរបញ្ជាក់ថា កីឡាការិនី ស្រួង ភាវី គឺជាស្ដ្រីកម្ពុជាតែម្នាក់ ដែលបានលេងក្នុងវិស័យកីឡាប៊ីយ៉ាការ៉ុម និងបានលើកមុខមាត់ប្រទេសកម្ពុជា។ បច្ចុប្បន្នកីឡាការិនីរូបនេះ ឈរនៅចំណាត់ថ្នាក់លេខ១ នៅប្រទេសកូរ៉េខាងត្បូង និងលេខ២ នៅលើពិភពលោក លើវិញ្ញាសាកីឡាប៊ីយ៉ាការ៉ុម។

 

 

 

អំឡុង ខែឧសភា ឆ្នាំ២០២៣ កីឡាការិនីកម្ពុជារូបនេះ ក៏បានដណ្ដើមបានមេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាផងដែរ៕

 

 

អត្ថបទ និងរូបភាព៖ ប៉ុន សុភាព

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025