ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ចាប់តាំងពីហាង 'The Ramen Boy' (ដឹ រ៉ាមេន ប៊យ) បានប្រកាសចេញលក់មីចានពិសេសជាមួយសាច់អ៊ីសូផូដយក្សក្នុងចំនួនមានកំណត់ កាលពីថ្ងៃទី២២ ខែឧសភា មានមនុស្សច្រើនជាង ១០០ នាក់ហើយបានចុះឈ្មោះរង់ចាំទទួលទានមុខម្ហូបពិសេសនេះ។
សត្វសមុទ្រទឹកជ្រៅនេះត្រូវបានចម្អិនដោយចំហុយរយៈពេល ១០ នាទី មុនត្រូវបានដាក់បន្ថែមលើចានមីរ៉ាមេនរសជាតិសាច់មាន់ និងសាច់ត្រី ដោយចាននីមួយៗមានតម្លៃ 1,480 ដុល្លារតៃវ៉ាន់ ឬ 48 ដុល្លារអាមេរិក។
អតិថិជនម្នាក់បាននិយាយថា សាច់របស់អ៊ីសូផូដយក្សនេះមានរសជាតិដូចក្តាមបន្តិច ដូចបង្កងបន្តិច ប៉ុន្តែវាមានសាច់ក្រាស់ និងហូបបានច្រើន។
អង្គការរុករកបាតសមុត្រ NOAA បានរៀបរាប់នៅលើគេហទំព័ររបស់ខ្លួនថា អ៊ីសូផូដយក្ស - ជាបងប្អូនសាច់ឆ្ងាយរបស់ក្តាម និងបង្គា និងជាប្រភេទសត្វមានសម្បកដែលធំបំផុត ហើយ 80% នៃពួកវារស់នៅក្នុងសមុទ្រជម្រៅ 365ទៅ730 ម៉ែត្រ ដោយស៊ីសាកសពត្រីធំៗជាអាហារ។
ចាប់តាំងពីមុខម្ហូបនេះបានចាប់ផ្តើមចេញលក់ អ្នកជំនាញមួយចំនួនក៏បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់អេកូឡូស៊ីដែលអាចកើតមានដោយការនេសាទសត្វនេះ ក៏ដូចជាហានិភ័យសុខភាពដែលអាចកើតមានសម្រាប់អ្នកបរិភោគ ខណៈការសិក្សាពីផលប៉ះពាល់របស់វានៅមានតិចតួចនៅឡើយ ៕
ប្រែសម្រួល៖ វ៉ាន់ថន