ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

គ្រោងដាក់លក់នាឡិការបស់ព្រះចៅអធិរាជចិនចុងក្រោយ, អាចមានគេឲ្យថ្លៃជាងបីលានដុល្លារ

នាឡិការបស់ព្រះចៅអធិរាជចិនចុងក្រោយនៃរាជវង្សឆេង ជាប្រភេទនាឡិកាប៉ាតិចហ្វ៊ីលីព(Patek Philippe) នឹងត្រូវគេដាក់លក់ដេញថ្លៃនៅទីក្រុងហុងកុង។ គេរំពឹងថាអាចមានអ្នកហ៊ានឲ្យថ្លៃជាង៣លានដុល្លារ ព្រោះជាព្រះរាជទ្រព្យចុងក្រោយរបស់ព្រះចៅអធិរាជភូយី(Puyi) និងជានាឡិកាដែលបន្សល់ទុកត្រឹមតែពីរបីគ្រឿងប៉ុណ្ណោះនៅក្នុងពិភពលោក។

 

 

 

 

 

នាឡិកានេះត្រូវក្រុមហ៊ុនហ្វ៊ីលីពផលិតតែ៨គ្រឿងគត់ ហើយបានបាត់បង់ស្ទើរតែអស់រលីងទៅហើយ។ នេះបើយោងតាមលោកថូម៉ាស់.ប៉េរ៉ាហ្ស៊ី (Thomas Perazzi) ជាប្រធានសាខាក្រុមហ៊ុនហ្វ៊ីលីពប្រចាំទ្វីបអាស៊ី។ លក្ខណៈពិសេសៗរបស់នាឡិកាដែលមានផ្ទៃមុខកាត់១,២អ៊ីញនេះផលិតពីផ្លាទីនស, មានផ្ទៃមុខមូលដូចព្រះចន្ទ និងមានកាលបរិច្ឆេទបីខ្ទង់ ដែលបង្ហាញចំនួនថ្ងៃនៃសប្ដាហ៍នីមួយៗ និងខែនីមួយៗ។

 

ក្រុមហ៊ុនហ្វ៊ីលីពបានប្រើប្រាស់ពេលវេលាបីឆ្នាំ ក្រោមកិច្ចសហការជាមួយអ្នកឯកទេសខាងនាឡិកា, អ្នកប្រវត្តិសាស្ត្រ, អ្នកកាសែត និងអ្នកវិទ្យាសាស្ត្រ ដើម្បីស្រាវជ្រាវរកប្រវត្តិសាវតារនៃនាឡិកានេះ និងដើម្បីបញ្ជាក់ថាពិតជាព្រះរាជទ្រព្យរបស់ព្រះចៅភូយីពិតប្រាកដមែន។

 

ព្រះចៅភូយីប្រសូត្រនៅឆ្នាំ១៩០៦ និងជាក្សត្រដែលមានឆាកជីវិតចម្លែកជាងគេ។ ឆ្នាំ១៩០៨, នៅពេលព្រះអង្គមានព្រះជន្មមិនទាន់គ្រប់បីព្រះវស្សាផង, គេបានតែងតាំងព្រះអង្គជាក្សត្រសោយរាជ្យនៅនគរឆេង។

 

 

 

 

 

គេមិនបានដឹងច្បាស់ថាតើព្រះចៅភូយីមាននាឡិកាម៉ាកប៉ាតិចហ្វ៊ីលីពនេះយ៉ាងដូចម្ដេច។ ប្រភពខ្លះអះអាងថានាឡិកានេះត្រូវគេដាក់លក់ជាលើកដំបូងនៅក្នុងហាង១នៃទីក្រុងប៉ារីស។ ក្រោយពេលកងទ័ពជប៉ុនចាញ់សង្គ្រាមលោកលើកទី២កាលពីឆ្នាំ១៩៤៥, កងទ័ពសូវៀតបានចាប់ព្រះអង្គភូយីដាក់ឃុំរយៈពេល៥ឆ្នាំ។

 

ក្រុមហ៊ុនហ្វ៊ីលីពស្រាវជ្រាវឃើញថានៅអំឡុងពេលជាប់ឃុំនោះ, ព្រះអង្គបានប្រាស្រ័យទាក់ទងគ្នាជិតស្និទ្ធជាមួយនឹងអ្នកបកប្រែភាសាម្នាក់ជាជនជាតិរុស្ស៊ី។ ក្រោយពេលសូវៀតចាប់បញ្ជូនព្រះអង្គត្រឡប់ទៅប្រទេសចិនវិញ, ព្រះអង្គក៏ប្រទាននាឡិកាទៅឲ្យអ្នកបកប្រែរូបនោះដើម្បីទុកជាវត្ថុអនុស្សាវរីយ៍នៅថ្ងៃបែកគ្នា។ សូមជម្រាបថានៅក្នុងការដាក់លក់ដេញថ្លៃលើកនេះ, ក្រៅពីនាឡិការបស់ព្រះអង្គ, គេក៏ដាក់លក់វត្ថុអនុស្សាវរីយ៍ដទៃទៀតដូចជាផ្លិត និងសៀវភៅកំណត់ហេតុផងដែរ៕

 

 

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024