ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នឹងលាលែងចេញពីតំណែងជាជំនួយការរបស់លោក។ នេះជាការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុននៅថ្ងៃច័ន្ទ(២៩ឧសភា)។ ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីរូបថតជាច្រើនសន្លឹករបស់កូនប្រុស និងសាច់ញាតិផ្សេងទៀត ដែលពួកគេបានសម្តែងធ្វើដូចជាស្ថិតនៅក្នុងពេលធ្វើសន្និសីទសារព័ត៌មាននៅលំនៅដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រីនោះ បានផ្ទុះការមិនពេញចិត្ត។
លោក Kishida បានប្រាប់សារព័ត៌មមានថា លោក Shotaro Kishida នឹងលាលែងចេញពីតំណែងជាលេខារបស់លោកចាប់ពីថ្ងៃព្រហស្បតិ៍ទៅ ដោយនិយាយថា ការសម្រេចនេះធ្វើឡើងដោយសារអាកប្បកិរិយាមិនសមរម្យនៅលំនៅដ្ឋាននាយករដ្ឋមន្ត្រី។
ទស្សនាវដ្តីប្រចាំសប្តាហ៍មួយកាលពីសប្តាហ៍មុន បានចេញផ្សាយរូបថតកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីជប៉ុនKishida និងសាច់ញាតិដែលសម្តែងលេងធ្វើត្រាប់ ដូចជាពេលវេលាធ្វើសន្និសីទសារព័ត៌មាននៅវេទិកា ដែលជាកន្លែងនាយករដ្ឋមន្ត្រីឈរពេលធ្វើសន្និសីទសារព័ត៌មាន។
លោកKishida និយាយថា«អាកប្បកិរិយារបស់លោកនៅកន្លែងសាធារណៈគឺមិនសមរម្យដូចជាអ្នកមានតួនាទីតំណែងផ្លូវការជាជំនួយការនយោបាយ។ ខ្ញុំបានសម្រេចដកជាការទទួលខុសត្រូវ»។
បញ្ហានេះកើតឡើងនៅពេលមិនសមរម្យមួយសម្រាប់លោក Kishida ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងពីកិច្ចប្រជុំកំពូលក្រុមប្រទេសG7 នៅទីក្រុងHiroshima និងរងការរិះគន់ខ្លាំងពីក្រុមប្រឆាំង។
លោក Seiji Osaka សមាជិកសភាជាន់ខ្ពស់ពីគណបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសជប៉ុន បានលើកឡើងថា ការបញ្ចប់តំណែងគួរធ្វើឡើងឆាប់រហ័សជាងនេះ។ យោងសារព័ត៌មានKyodo ។ លោក Osaka បានលើកឡើងថា«នេះយឺតបន្តិចហើយ។ ខ្ញុំសង្ស័យលោកKishidaតែងតាំងមនុស្សដែលគ្មានសមត្ថភាពជាជំនួយការនាយករដ្ឋមន្ត្រី»។
ប្រែសម្រួល៖ណាវ័ន្ត