ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ខ្លា២ក្បាលត្រូវបានជួយសង្គ្រោះដោយអាជ្ញាធរអាហ្សង់ទីន សហការជាមួយក្រុមអភិរក្សសត្វព្រៃ

អាជ្ញាធរអាហ្សង់ទីន សហការជាមួយអង្គការអភិរក្សសត្វព្រៃ បានជួយសង្គ្រោះសត្វខ្លាបេងកាល់ (Bengal) ដែលត្រូវគេចាប់ដាក់ទ្រុងនៅមួយកន្លែងទាំងខុសច្បាប់នៅក្នុងហាងឯកជនមួយនៃភាគខាងត្បូង។ ក្រសួងបរិស្ថានអាហ្សង់ទីនថ្លែងថាសត្វខ្លាទាំងនេះ១ក្បាលអាយុ៥ឆ្នាំ និង១ក្បាលទៀតអាយុ១៨ឆ្នាំ មិនសូវមានអាហារស៊ីគ្រប់គ្រាន់ទេ, ពួកវាបាក់ពោះម្ហេតៗ។

 

 

 

 

នៅក្នុងពេលចុះសង្គ្រោះសត្វខ្លាទាំងនេះ, គ្រូពេទ្យបានបាញ់ថ្នាំសណ្ដំទៅលើខ្លាអាយុ៥ឆ្នាំ។ ចំណែកខ្លាអាយុ១៨ឆ្នាំត្រូវបានម្ចាស់វាបណ្ដើរចូលទៅក្នុងទ្រុងសម្រាប់ដឹកចេញទៅកន្លែងថ្មី។ តាមគម្រោង, គេនឹងដឹកជញ្ជូនសត្វខ្លាទាំងនេះទៅរស់នៅក្នុងដែនជម្រកធម្មជាតិនៃប្រទេសហ្សកដង់។

 

ក្រសួងបរិស្ថានរកឃើញថាសត្វទាំង២នេះត្រូវគេដាក់នៅក្នុងកន្លែងផ្សេងគ្នា។ ពួកវារស់នៅមិនសូវបានសមរម្យទេ។ សុខភាពរបស់ពួកវាក៏ចុះទ្រុឌទ្រោមផងដែរ។ ពួកវាបានស្រកសាច់អស់យ៉ាងសន្ធឹក ព្រោះស៊ីមិនសូវគ្រប់គ្រាន់ និងខ្វះជាតិទឹក។ ពួកវាទាំង២ក្បាលត្រូវការការថែទាំជាបន្ទាន់ និងត្រូវការកន្លែងជ្រកកោនឲ្យបានសមរម្យ។

 

 

 

 

 

អាជ្ញាធរជាអ្នកទាក់ទងទៅអង្គការអភិរក្សសត្វព្រៃដែលមានជំនាញច្បាស់លាស់លើកិច្ចការនេះ។ អង្គការអភិរក្សសត្វបានធ្វើដំណើរទៅអាហ្សង់ទីន។ ប៉ុន្តែមិនទាន់អាចពិនិត្យសុខភាពខ្លាទាំងនេះទេ ដោយសារខ្វះឧបករណ៍គ្រប់គ្រាន់ និងការបារម្ភអំពីសុវត្ថិភាព។

 

នៅអំឡុងពេលដឹកជញ្ជូនតាមយន្តហោះរយៈពេលប៉ុន្មានម៉ោងពីអាហ្សង់ទីនទៅប្រទេសហ្សកដង់ , គេជឿជាក់ថាពួកវាអាចស៊ូទ្រាំបាន។ ពេលទៅដល់គោលដៅ, គេនឹងឆែកសុខភាព និងថែទាំពួកវាឲ្យបានដិតដល់បំផុត៕

 

 

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024