ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ប្រទេសចិនជម្រុញឱ្យប្រទេសជប៉ុនបញ្ឈប់ការរឹតបន្តឹងលើការនាំចេញបន្ទះឈីប

 

 

លោក​ Wang Wentao  រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានជម្រុញឱ្យប្រទេសជប៉ុនបញ្ឈប់ការរឹតបន្តឹងលើការនាំចេញបន្ទះឈីប ដោយបានហៅការរឹតបន្តឹងនេះថា ជាការធ្វើខុស ល្មើសយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ។ យោងសេចក្តីថ្លែងការណ៍ពីក្រសួងពាណិជ្ជកម្មចិននៅថ្ងៃច័ន្ទ។

 

ការថ្កោលទោសទៅលើការរឹតបន្តឹងការនាំចេញបន្ទះឈីបចុងក្រោយបំផុតរបស់ប្រទេសចិន បានធ្វើឡើងអំឡុងពេលកិច្ចពិភាក្សារវាងលោកWang ជាមួយលោកYasutoshi Nishimura  រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជប៉ុននៅថ្ងៃ២៦ឧសភា នៅក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិចនៅទីក្រុងDetroit នៃសហរដ្ឋអាមេរិក។

 

ប្រទេសជប៉ុនរួមជាមួយនិងប្រទេសហូឡង់ នៅខែមករា បានឯកភាព ធ្វើឱ្យស្របគ្នាជាមួយនិងការរឹតបន្តឹងលើការនាំចេញរបស់សហរដ្ឋអាមេរិកដែលបានដាក់កម្រិត ការលក់ឧបករណ៍ផលិតបន្ទះឈីបមួយចំនួនទៅឱ្យប្រទេសចិន ហើយបានរឹតបន្តឹងលើការនាំចេញឧបករណ៍ផលិតបន្ទះឈីបចំនួន២៣ប្រភេទ ទៅលើប្រទេសចិន ដែលជាប្រទេសក្បែរខាង។

 

សហរដ្ឋអាមេរិកបានដាក់ការរឹតបន្តឹងកាលពីឆ្នាំមុនដើម្បីបន្ថយល្បឿនការងាររបស់ប្រទេសចិនលើការផលិតកំព្យូទ័រទំនើបដែលអាចប្រើប្រាស់អភិវឌ្ឍន៍ប្រព័ន្ធអាវុធនុយក្លេអ៊ែរនិងប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។

 

ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍នៅថ្ងៃច័ន្ទរបស់ក្រសួងពាណិជ្ជកម្មចិន ក៏បាននិយាយផងដែរថា ប្រទេសចិន «មានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសជប៉ុនដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មសំខាន់ៗ»។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024