ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
អ៊ុយក្រែនបាននិយាយនៅថ្ងៃព្រហស្បតិ៍(២៥ឧសភា)ថា អ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនផលិតនៅប្រទេសអ៊ឺរ៉ង់ទាំងអស់៣៦គ្រឿង ដែលរុស្ស៊ីបានបញ្ជាឱ្យហោះលើទឹកដីអ៊ុយក្រែន ក្នុងករណីវាយប្រហារពេញមួយយប់។ អ៊ុយក្រែនបន្តឱ្យដឹងថា ការវាយប្រហារពីសំណាក់ដ្រូនទំនងមានគោលដៅលើហេដ្ឋារចនាសម្ព័ន្ធនិងអាគារយោធា។
លោក Vlodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ជាពេលរាត្រីដ៏ពិបាក ប៉ុន្តែបានសរសើរទ័ពអាកាសក្នុងការបាញ់ទម្លាក់ដ្រូនសត្រូវ។
«នៅក្នុងការបន្តវាយប្រហារលើអ៊ុយក្រែន សត្រូវបានប្រើប្រាស់ដ្រូន៣៦គ្រឿង។ គ្មានដ្រូនមួយណាបានវាយប្រហារលើគោលដៅឡើយ។ អរគុណចំពោះទ័ពអាកាសអ៊ុយក្រែនសម្រាប់លទ្ធផលល្អ១០០ភាគរយ»។ លោកZelenskiy សរសេរនៅលើTelegram ។
ចាប់តាំងពីខែតុលាឆ្នាំមុន រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានប្រើដ្រូនយ៉ាងច្រើនដើម្បីវាយប្រហារលើគោលដៅផ្សេងៗក្នុងប្រទេសអ៊ុយក្រែន។ ទោះជាដ្រូនយឺត ប៉ុន្តែមានតម្លៃធូរថ្លៃ ជាងមីស៊ីលទំនើប។
«សត្រូវ ទំនងមានគោលដៅវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ និងអាគារយោធា នៅតំបន់ភាគខាងលិច»។ យោងទ័ពអាកាសអ៊ុយក្រែន។
ប្រធានរដ្ឋបាលយោធាទីក្រុងកៀវ បានលើកឡើងថា ទីក្រុងកៀវ រងការវាយប្រហារដោយដ្រូនជាច្រើនដង ប៉ុន្តែដ្រូនទាំងអស់ត្រូវបានបាញ់ទម្លាក់។ មន្ត្រីយោធាអ៊ុយក្រែនរូបនេះបន្តថា នេះជាការវាយប្រហារដោយដ្រូនលើកទី១២លើទីក្រុងកៀវនៅក្នុងខែឧសភានេះ។
ប្រែសម្រួល៖ណាវ័ន្ត