ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

« គុនល្បុក្កតោរស់ឡើងវិញ » ភាពយន្តឯកសារផលិតជាង ១០ឆ្នាំទើបដាក់បញ្ចាំងក្រោយទទួលបានពានរង្វាន់ពីមហោស្រពអន្តរជាតិ! 

២៣ ឧសភា ២០២៣ | កម្សាន្ដ

 

ទីបំផុតភាពយន្តឯកសារ « គុនល្បុក្កតោរស់ឡើងវិញ » បានសម្រេចដាក់បញ្ចាំងជាផ្លូវការហើយ បន្ទាប់ដាក់បញ្ចាំងនៅក្រៅប្រទេស និងទទួលបានពានរង្វាន់ធំៗនៅក្នុងមហោស្របអន្តរជាតិ ។  

 

 

គុនល្បុក្កតោរស់ឡើងវិញ » ជាភាពយន្តឯកសារដែលចំណាយពេលវេលាផលិតរហូតដល់ទៅ ជាង ១0ឆ្នាំ បានដាក់សម្ពោធបញ្ចាំងជាផ្លូវការហើយកាលពីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៣  នៅ រោងភាពយន្ត  លេជេន ព្រីមៀម  អូឡាំព្យា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ អ្នកដឹកនាំរឿងលោក Mark Bochsler ផលិតករលោកស្រី Sandra Leuba ព្រឹទ្ធាចារ្យ សាន គឹមស៊ាន កញ្ញា សំ ថារ័ត្ន , បុគ្គលិក មន្រ្តីបម្រើការនៃស្ថានទូត អាមេរិក , បារាំង ជប៉ុន កាណាដា ក៏ដូចជាកីឡាករ កីឡាករិនី ដែលទើបទទួលបានជ័យជំនះនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ។ 

 


« គុនល្បុក្កតោរស់ឡើងវិញ »  ជាភាពយន្តដែលនិយាយអំពីដំណើររឿងរ៉ាវនៃការរស់ឡើងវិញនៃ ក្បាច់គុនល្បុក្កតោ ដែលជាសម្បត្តិបេតិកភណ្ឌជាតិ សម្រាប់ប្រទេសកម្ពុជា និងពិភពលោក ។ ភាពយន្តនេះ  ចូលរួមសម្តែងដោយ ព្រឹទ្ធាចារ្យ សាន គឹមស៊ាន ដែលជាស្ថាបនិកសហព័ន្ធក្បាច់គុនល្បុក្កតោកម្ពុជា និងសាលាគុនល្បុក្កតោកម្ពុជា។  លោក អ៊ុង ដារិទ្ធ ជាគ្រូបង្វឹក នៅសាលាគុនល្បុក្កតោកម្ពុជា នៃក្រសួងមហាផ្ទៃ ។ កញ្ញា សំ ថារ័ត្ន គឺជាកីទ្បាការិនីជើងឯកផ្នែកគុនខ្មែរ និងគុនល្បុក្កតោ និងជាសិល្បការនីសម្តែងមួយរូប។

 


ព្រឹទ្ធាចារ្យ សាន គឹមស៊ាន ដែលជាស្ថាបនិកសហព័ន្ធក្បាច់គុនល្បុក្កតោ កម្ពុជា បានឱ្យដឹងនៅក្នុងថ្ងៃសម្ពោធភាពយន្ត « គុនល្បុក្កតោរស់ឡើងវិញ » ថា លោករំភើបចិត្តខ្លាំងណាស់នៅពេលដែលភាពយន្តមួយនេះត្រូវដាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្តដើម្បីជូនបបងប្អូនទស្សនា ។ដោយឡែកកញ្ញា សំ ថារ័ត្ន ដែលជាកីទ្បាការិនីជើងឯកផ្នែកគុនខ្មែរ និងគុនល្បុក្កតោ និងជាតារាសម្តែងសំខាន់នៅក្នុងរឿងនេះ បានបង្ហាញស្រកទឹកភ្នែកនៅពេលដែលស្នាដៃនេះត្រូវប្រកាសដាក់បញ្ចាំងជាផ្លូវការ ដោយសាររឿងនេះជួបនូវព្យុះភ្លៀងជាច្រើន ដែលធ្វើឱ្យនាងនឹកស្មានមិនដល់ថា អាចនឹងទទួលបានលទ្ធផលល្អបែបនេះ ។

 


គួរបញ្ជាក់ផងដែរថា  ភាពយន្ត« គុនល្បុក្កតោរស់ឡើងវិញ » បានចំណាយពេលវេលាថត និង ផលិត រហូតដល់ទៅជាង ១០ ឆ្នាំ និងបានឈ្នះពានរង្វាន់ពីមហោស្រពភាពយន្ត ថ្នាក់អន្តរជាតិជាច្រើននៅក្រៅប្រទេស។  ភាពយន្ត « គុនល្បុក្កតោរស់ឡើងវិញ » ដឹកនាំដោយលោក Mark Bochsler  ហើយនឹងដាក់បញ្ចាំងគ្រប់រោងភាពយន្តនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី 25 ឧសភា 2023 នេះតទៅ ដូចជារោងភាពយន្ត Legend Cinemas, Major Cineplex, Prime Cineplex ជាភាសាខ្មែរ និងភាសាដើម  ដែលមាន លាយបញ្ចូល ភាសា អង់គ្លេស  ដោយមានអក្សរខ្មែររត់ខាងក្រោម ។ កុំភ្លេចទៅចូលរួមគាំទ្រ និងទស្សនាភាពយន្តនេះទាំងអស់គ្នា ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024