ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

សហព័ន្ធកីឡាបាល់ទះកម្ពុជា គ្រោងនឹងបង្កើតលីគដែលអនុញ្ញាត្តិអោយក្រុមចូលរួមអាចដាក់បញ្ចូលកីឡាករបរទេស

២២ ឧសភា ២០២៣ | កីឡា

 

អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា លោក អាំង សិរីពិសិដ្ឋ បានលើកឡើងថាក្រោយបញ្ចប់ស៊ីហ្គេមទៅ សហព័ន្ធកីឡាបាល់ទះកម្ពុជា មានគម្រោងបង្កើតពានរង្វាន់ជាច្រើនទៀតហើយក៏មានគម្រោងបង្កើតលីគបាល់ទះដែលអនុញ្ញាត្តិអោយក្រុមនិមួយៗអាចដាក់បញ្ចូលកីឡាករបរទេសក្នុងក្រុមផងដែរ ។ លោកបន្តថាការដាក់បញ្ចូលកីឡាករបរទេសក្នុងក្រុមនឹងធ្វើអោយសមត្ថភាពក្រុម និង កីឡាកររបស់កម្ពុជាទាំងអស់នឹងកើនឡើងមួយកម្រិតថែមទៀត ។ 

 

 

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗកន្លងទៅ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានរៀបរាប់យ៉ាងដូច្នេះ ៖ “ជាចក្ខុវិស័យ ជាយុទ្ធសាស្ត្ររបស់ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿង និង ឯកឧត្តម ស សុខា គឺលោកបានដាក់ចេញមកដល់ខ្ញុំហើយ គឺយើងមានពាន ពីរ បី ពានទៀត បន្ទាប់ពីស៊ីហ្គេមនេះ ។ ក្នុងន័យតែមួយទេ គឺយើងចង់ប្រមូតវិស័យបាល់ទះកម្ពុជាយើង អោយកាន់តែរីកចំរើនថែមទៀត ។

 

 

យើងក៏មានចេតនាក្នុងការបង្កើតលីគដែរ មូលហេតុអីដែលយើងមានវីដេអូChallenge ព្រោះយើងចង់ក្លាយលីគអាជីពរបស់យើងមានលក្ខណៈProfessional អីចឹងក្នុងការណីដែលយើងមានលីគលក្ខណៈProfessional យើងជឿជាក់ថាតាមបណ្តាក្លិបអាចប្រមូលធនធានកីឡាករសំរាប់ក្លិបរបស់គាត់ ។ ទី២ក្នុងការចែងដែលខ្ញុំបានគិត យើងនឹងចែងច្បាប់មួយ តាមបណ្តាក្លិបអាចអញ្ជើញកីឡាករបរទេសយ៉ាងតិច២ ដែលអាចចូលលេងនៅក្នុងទីលាន អីចឹងក្នុងករណីដែលក្លិបដែលមានលទ្ធភាពក្រុមកីឡាករបរទេសមកចូលរួមជាមួយក្លិបរបស់គាត់ យើងឃើញថាកម្រិតអត្តពលិករបស់គាត់នឹងមានការរីកចំរើនផងដែរ ហើយកាលណាក្លិបមានការរីកចំរើន ខ្ញុំជឿងជាក់ថាសហព័ន្ធកីឡាបាល់ទះកម្ពុជាងាយស្រួលក្នុងការរើសកីឡាករដែលមានគុណផលខ្ពស់តំណាងអោយជាតិសំរាប់លេងហ្គេមធំៗផងដែរ” ។   

 

លោក អាំង សិរីពិសិដ្ឋ បន្ថែមថា ចំពោះការប្រកួតប្រជែងក្នុងស្រុកកាន់តែមានច្រើន ធ្វើអោយក្លិបបាល់ទះអាជីពនៅកម្ពុជាមានសមត្ថភាពកាន់តែកើនឡើង ដែលធ្វើអោយសំបូរធនធានកីឡាករបាល់ទះកាន់តែច្រើនផងដែរ ងាយស្រួលក្នុងការជ្រើសរើសកីឡាករចូលក្នុងក្រុមបាល់ទះជម្រើសជាតិ ។ លោករំពឹងថា នាឆ្នាំបន្តបន្ទាប់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា កាន់តែមានសមត្ថភាពកើនឡើង ។  សូមបញ្ជាក់ថា កក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានសាងស្នាដៃថ្មីជាប្រវត្តិសាស្ត្រជាច្រើននៅ២ឆ្នាំចុងក្រោយនេះ ដោយបានឈ្នះមេដាយសំរិទ្ធក្នុងព្រឹត្តការណ៍ស៊ីហ្គេមនៅវៀតណាម កាលពីឆ្នាំ២០២២ និង ឈ្នះមេដាយប្រាក់ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា ៕

 


អត្ថបទដោយ៖ រ៉េត ស្តាលីន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024