ថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥
ភ្នំពេញ ៖ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជារំពឹងខ្ពស់ក្នុងការប្រជែងមេដាយជូនជាតិពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បន្ទាប់ពីការវិលត្រឡប់មកពីហ្វឹកហាត់នៅនៅប្រទេសចិន អត្តពលិកមានសុខភាពល្អរឹងមាំ និងបច្ចេកទេសខ្ពស់។ខណៈអត្តពលិកកីឡាវាយសីកម្ពុជា១២រូបដែលបានទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិនបានធ្វើដំណើរវិលត្រឡប់ដល់ប្រទេសកំណើតវិញហើយកាលពីចុងសប្តាហ៍នេះ ដើម្បីចូលរួមស៊ីហ្គេម ចាប់ផ្តើមនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នៅកីឡដ្ឋានមរតកតេជោ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានលើកឡើងថា សម្រាប់ការប្រជែងដណ្តើមមេដាយជូនជាតិពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ អត្តពលិកវាយសីកម្ពុជារំពឹងខ្ពស់នឹងដណ្តើមបានមេដាយជូនកម្ពុជាលើវិញ្ញាសាក្រុមបុរស-នារី ដោយសារការហ្វឹកហាត់របស់ក្រុមកម្ពុជារយៈពេល៨ខែកន្លងទៅនេះផ្តោតលើវិញ្ញាសាជាក្រុមជាចម្បង។
ឯកឧត្តម បានអះអាងទៀតថា ជាក់ស្តែងការវិលត្រឡប់មកវិញពីការហ្វឹកហាត់នៅប្រទេសចិននាពេលនេះ កីឡាករ និងកីឡាការិនីទាំងអស់មានសុខភាពល្អរឹងមាំ និងកើនឡើងបច្ចេកទេសគួរឲ្យកត់សំគាល់។ ការហ្វឹកហាត់នៅចិន ពួកគេហ្វឹកហាត់ជាមួយគ្រូចិនដោយបច្ចេកទេសខ្ព ដូច្នេះជាក្តីសង្ឈឹមខ្ពស់លើការប្រជែងដណ្តើមមេដាយ។ សូមបញ្ជាក់ថា នៅស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ សហព័ន្ធកីឡាវាយសីកម្ពុជាបានដាក់គោលដៅប្រជែងដណ្តើមមេដាយជូនកម្ពុជាឲ្យបាន ខណៈការប្រកួតស៊ីហ្គេមកន្លងៗមកប្រភេទកីឡាវាយសីមិនទាន់ដណ្តើមបានមេដាយជូនជាតិឡើយ៕
អត្ថបទ និងរូបភាព៖ សារ៉ាន ទីងី