ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥

ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជោគជ័យជាបន្តនៅថៃ

១៨ មេសា ២០២៣ | កីឡា

 

បាងកក៖ ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យនៅពហុកីឡដ្ឋានជាតិ Rajamangala ក្នុងរាជធានីបាងកក ប្រទេសថៃ នាល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។ដែលមានការអញ្ជើញចូលរួមដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាង CAMSOC, បណ្ឌិត Gongsak Yodmani អភិបាលនៃអាជ្ញាធរកីឡាថៃ, ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ, រួមជាមួយអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ និងអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកថៃ, ប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកថៃ និងភ្ញៀវកិត្តិយស អត្តពលិកថៃ ប្រមាណជិត៤០០នាក់។


មុនពិធីរត់ដង្ហែចាប់ផ្ដើម ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ មានប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលថៃ គណៈកម្មាធិការជាតិអូឡាំពិកថៃ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកថៃ សម្រាប់ការគាំទ្រយ៉ាងសកម្ម ក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះកើតឡើង។ កម្ពុជា និងថៃ មិនត្រឹមតែជាមិត្តជិតខាងប៉ុណ្ណោះទេ ប៉ុន្តែជាបងប្អូនដែលមានប្រពៃណី វប្បធម៌ និងអរិយធម៌ប្រហាក់ប្រហែលគ្នា ហើយពិធីរត់ភ្លើងគប់នៅថ្ងៃនេះគឺឆ្លុះបញ្ជាំងពីទំនាក់ទំនងរបស់ប្រទេសទាំងពីរផងដែរ។

 


ជាមួយនឹងការចូលរួម អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកថៃ បានលើកឡើងថា ពិធីដង្ហែព្រះអគ្គិជ័យកីឡានៅប្រទេសថៃនាពេលនេះ មិនត្រឹមតែជាកិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងការចូលរួម និងការគាំទ្រប្រទេសកម្ពុជាជាម្ចាស់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញឱ្យឃើញពីការត្រៀមខ្លួនរបស់ប្រទេសថៃ ក្នុងការបញ្ជូនអត្តពលិកចូលរួមប្រកួត ក៏ដូចជាផ្សព្វផ្សាយ និងជំរុញឱ្យប្រជាជនថៃបានដឹង និងចូលរួមតាមដាន ព្រមទាំងផ្ញើការលើកទឹកចិត្តដល់ក្រុមអត្តពលិកថៃ។ កីឡាបង្កើតនូវសុខភាពល្អជូនប្រជាជន និងជួយឱ្យមានការត្រៀមខ្លួននៅក្នុងការប្រកួតផងដែរ។

 


ដោយឡែកបេសកជនពិសេសតំណាង CAMSOC ឯកឧត្តម ហោ សារុន មានប្រសាសន៍ថា៖ «កម្ពុជា-ថៃ គឺជាប្រទេសជិតខាងដែលមានទំនាក់ទំនង និងសហប្រតិបត្តិការជាមួយគ្នាស្ទើរតែគ្រប់វិស័យ។ ក្នុងនោះវិស័យកីឡាបានចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ដោយឡែក ពិធីដង្ហែព្រះអគ្គិកីឡានៅថៃថ្ងៃនេះ គឺជាឱកាសមួយទៀតពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកាន់តែខ្លាំងឡើងមួយកម្រិតទៀត»។

 


ឯកឧត្តមបន្ថែមថា កម្ពុជា ‘ព្រះរាជាណាចក្រអច្ឆរិយៈ’ ទន្ទឹងរង់ចាំស្វាគមន៍ភ្ញៀវមកពីជុំវិញពិភពលោក។ សូមទទួលបានភាពកក់ក្ដៅក្នុងកំឡុងពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាពិសេសក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២។ពិធីរត់ដង្ហែភ្លើងគប់ បានចាប់ផ្ដើមដោយមានចម្ងាយផ្លូវប្រមាណ ៣,៣គីឡូម៉ែត្រ ចេញពីក្នុងពហុកីឡដ្ឋានជាតិជាតិ Rajamangala និងដង្ហែជុំវិញពហុកីឡដ្ឋាន ចូលរួមកាន់ដោយថ្នាក់ដឹកនាំ និងអត្តពលិកថៃរត់បណ្ដាក់គ្នាជាបន្តបន្ទាប់៕

 

 

អត្ថបទ និងរូបភាព៖ សារ៉ាន ទីងី

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025