ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ព្រះគម្ពីរប៊ីបចាស់ជាងគេបំផុតក្នុងពិភពលោកអាចលក់ដេញថ្លៃបានរហូតដល់ ៥០ លានដុល្លារ

ហាងដេញថ្លៃ Sotheby's បាននិយាយកាលពីពេលថ្មីៗនេះថា ព្រះគម្ពីរប៊ីបភាសាហេព្រូដ៏ចាស់ជាងគេបំផុតនៅក្នុងពិភពលោកកំពុងដាក់តាំងបង្ហាញនៅទីក្រុងឡុងដ៍នៅចក្រភពអង់គ្លេសនៅមុនពេលធ្វើការដេញថ្លៃនៅក្នុងខែឧសភាដែលគេរំពឹងថាអាចលក់បានដល់ទៅ ៥០ លានដុល្លារអាមេរិក។

 

 

 

 

ហាងលក់ដេញថ្លៃ Sotheby's បាននិយាយថា ប្រសិនបើព្រះគម្ពីរប៊ីបភាសាហេព្រូឈ្មោះ Codex Sassoon ដែលមានអាយុ ១ ពាន់ឆ្នាំនេះពិតជាលក់បានក្នុងតម្លៃជិស្មើនឹងការប៉ាន់ស្មាននេះមែន នោះព្រះគម្ពីរនេះនឹងក្លាយជាអត្ថបទ ឬឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុតមិនធ្លាប់មានក្នុងការលក់ដេញថ្លៃកន្លងមកនេះ។

 


គេនៅចាំបានថា វិនិយោគិនលោកមហាសេដ្ឋី Kenneth Griffin បានបង្កើតកំណត់ត្រាមួយនៅឆ្នាំ២០២១ដែលពេលនោះលោកបានចំណាយប្រាក់ចំនួន ៤៣.២ លានដុល្លារអាមេរិកដើម្បីទិញយកឯកសារថតចម្លងលើកទី១នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកនៅក្នុងការលក់ដេញថ្លៃរបស់ហាង Sotheby's។  

 


ព្រះគម្ពីរប៊ីប Codex Sassoon ត្រូវបានដាក់ឈ្មោះតាមម្ចាស់មុនគឺលោក David Solomon Sassoon ដែលបានជាវព្រះគម្ពីរនេះនៅក្នុងឆ្នាំ១៩២៩ ហើយបានបង្កើតជាព្រះគម្ពីរឯកជនដ៏សំខាន់បំផុតមួយ ដោយបានចងក្រងបញ្ចូលគ្នាជាមួយព្រះគម្ពីរ Judaica និងគម្ពីរ Hebraica នៅក្នុងសតវត្សទី២០។

 

 

 

 

 


ព្រះគម្ពីរប៊ីបនេះបានបង្ហាញពីទំនាក់ទំនងដ៏សំខាន់មួយដែលបានផ្សារភ្ជាប់ទំនៀមទម្លាប់តពីមាត់មួយទៅមាត់មួយរបស់ជនជាតិយូដាឬក៏ជ្វីបជាមួយព្រះគម្ពីរប៊ីបសម័យទំនើប។

 


បើយោងតាមហាង Sotheby's នេះបានឱ្យដឹងថា វាមិនមែនទើបតែពេលនេះទេដែលម្ចាស់គម្ពីរបច្ចុប្បន្នគឺលោក Jacqui Safra បានបញ្ជាក់ថា គម្ពីរ Codex Sassoon បានចុះកាលបរិច្ឆេទដែលអាចបញ្ជាក់បានថាគម្ពីរនេះចាស់ជាងគម្ពីរ Aleppo Codex និងគម្ពីរ Leningrad Codex ទៅទៀត៕

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024