ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥
ប្រទេសថៃបានប្រារព្ធទិវាជាតិសត្វដំរី ដើម្បីបង្ហាញការគាំទ្រ និងយកចិត្តទុកដាក់ចំពោះសត្វនេះដែលជានិមិត្តរូបជាតិរបស់ថៃ។ នៅក្នុងពិធីនោះ គេបានដាក់បន្លែផ្លែឈើជាច្រើនប្រភេទឲ្យពួកដំរីស៊ី។ ប្រទេសថៃប្រកាសយកថ្ងៃទី១៣ ខែមីនាធ្វើជាទិវាជាតិសត្វដំរីតាំងពីឆ្នាំ១៩៩៨ ដើម្បីបញ្ជ្រាបការយល់ដឹង និងខិតខំអភិរក្សសត្វនេះទុកជាសម្បត្តិរបស់ជាតិ។
កាលពីសម័យបុរាណ, សត្វដំរីត្រូវគេប្រើប្រាស់សម្រាប់ដឹកជញ្ជូន ឬធ្វើចម្បាំង។ ប៉ុន្តែនៅក្នុងសម័យបច្ចុប្បន្ន សត្វនេះបានបាត់បង់អស់ច្រើនណាស់។ សព្វថ្ងៃនៅសល់តិចតួចប៉ុណ្ណោះ។ ប្រធានគណៈកម្មការរៀបចំកម្មវិធីនេះនៅខេត្តឈុនបុរីប្រាប់ថាដំរីជាសត្វតំណាងឲ្យមោទកភាពជាតិថៃ ហើយក៏ជាសត្វដែលជួយទ្រទ្រង់អត្តសញ្ញាណវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រទេសថៃផងដែរ។
នៅពេលនេះ ពួកយើងកំពុងខិតខំថែរក្សាសត្វដំរីស្រុកទាំងនេះឲ្យនៅគង់វង្ស និងផ្ដល់ឲ្យពួកគេនូវទីជម្រក និងចំណីអាហារ។ បើពួកយើងពន្លែងពួកវាទៅក្នុងព្រៃវិញ ពួកវាប្រាកដជាមិនអាចមានអនាគតល្អនោះទេ។
នៅក្នុងពិធីនេះ គេឃើញថាសត្វដំរីប្រមាណហុកសិបក្បាលបានស៊ីយ៉ាងសប្បាយរីករាយនូវភោគផលដែលផ្ដល់ជូនទៅឲ្យពួកវាមានជាប្រភេទបន្លែ និងផ្លែឈើចម្រុះបីតោន ក្រាលនៅលើតុប្រវែង៨ម៉ែត្រ។
គណៈកម្មការរៀបចំពិធីនេះប្រាប់ថាទិវាជាតិសត្វដំរីប្រារព្ធធ្វើនៅថ្ងៃទី១៣ ខែមីនា។ យើងបានរៀបចំពិធីនេះរយៈពេល១៣ឆ្នាំមកហើយ។
នេះជាទិវាដែលរំឭកទៅដល់គុណបំណាច់របស់សត្វដំរីដែលជាសត្វតំណាងឲ្យប្រទេសជាតិរបស់យើង។ កាលពីអតីតកាល, យើងប្រើប្រាស់ពួកវាធ្វើជាយានជំនិះ និងជាសត្វសម្រាប់ដឹកជញ្ជូន។
សត្វដំរីមាននៅលើទឹកដីរបស់យើងជាយូរមកហើយ។ សូម្បីតែនៅលើទង់ជាតិរបស់យើងកាលពីមុនក៏មានដាក់រូបសត្វដំរីផងដែរ។ វាជាសត្វដែលព្រះរាជាសព្វព្រះរាជហឫទ័យ។ ខាងលើនេះជាការបញ្ជាក់របស់លោកខាំភុន ដែលជាអ្នកគ្រប់គ្រងសួនសត្វនៅឈុនបុរី។ ពួកលោកកំពុងតែខិតខំការពារ និងមើលថែពួកវា៕
ប្រែសម្រួល៖ អន សំអាង