ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

សេតវិមានថ្លែងថាប្រទេសប៉ូឡូញបានជូនដំណឹងរួចហើយពីគម្រោងបញ្ជូនយន្តហោះចម្បាំងទៅឲ្យប្រទេសអ៊ុយក្រែននាពេលឆាប់ៗនេះ

ប្រទេសប៉ូឡូញបានជូនដំណឹងរួចហើយទៅសហរដ្ឋអាមេរិកពីគម្រោងបញ្ជូនយន្តហោះចម្បាំង១ចំនួនទៅឲ្យប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យសេតវិមាន។ នេះជាផ្នែក១នៃកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសម្រួលដល់ការបំពេញការងាររបស់ក្រុមសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូ ដែលកំពុងជួយជ្រោមជ្រែងប្រទេសអ៊ុយក្រែន។

 

 

 

 

 

ត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ, ប្រទេសប៉ូឡូញនឹងចាប់ផ្ដើមបញ្ជូនយន្តហោះម៉ាកមិច២៩(MiG-29)ចំនួន៤គ្រឿងទៅអ៊ុយក្រែន។ បើដូច្នេះមែន, វាជាករណីដំបូងបំផុតដែលប្រទេសសម្ព័ន្ធមិត្តរបស់ទីក្រុងកៀវសម្រេចចិត្តបញ្ជូនយន្តហោះចម្បាំងដើម្បីទប់ទល់នឹងការវាយលុករបស់រុស្ស៊ី។

 

ក្នុងនាមជាប្រទេសដែលគាំទ្រអ៊ុយក្រែនយ៉ាងពេញទំហឹង រដ្ឋាភិបាលទីក្រុងវ៉ាសូវី (Warsaw)កំពុងដើរមុខគេនៅក្នុងការលើកទឹកចិត្តឲ្យក្រុមសម្ព័ន្ធមិត្តខ្លះដែលនៅអល់អែក និងស្ទាក់ស្ទើរនៅក្នុងការផ្ដល់ជំនួយទៅឲ្យអ៊ុយក្រែនឲ្យបានពេញដៃពេញជើង។ សព្វថ្ងៃនេះ, ប៉ូឡូញមានយន្តហោះមិច២៩ចន្លោះពី១០ទៅ២០គ្រឿង។ បើគេស្មានមិនច្រឡំទេ, ប៉ូឡូញអាចនឹងបញ្ជូនបន្ថែមពី១១ទៅ១៩គ្រឿងទៀត។

 

គេមិនទាន់ដឹងថាសមាជិកណាតូដទៃទៀតនឹងគិតយ៉ាងណាទេ ក្រោយការសម្រេចចិត្តរបស់ប៉ូឡូញ។ ប៉ុន្តែសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ប្រកាសថាសម្រាប់ពេលនេះពួកគេមិនទាន់មានគម្រោងបញ្ជូនយន្តហោះចម្បាំងទៅអ៊ុយក្រែននៅឡើយទេ។

 

នេះបើយោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់។ សេតវិមានចាត់ទុកថាទង្វើរបស់ប៉ូឡូញគឺជាសិទ្ធិស្វ័យសម្រេចរបស់ប៉ូឡូញផ្ទាល់។ សេតវិមានសូមវាយតម្លៃខ្ពស់ចំពោះរឿងនេះ។ ប៉ុន្តែលោកចូបៃដឹនមិនទាន់សម្រេចចិត្តបញ្ជូនយន្តហោះអែហ្វ១៦ (F-16)ទៅអ៊ុយក្រែនទេ៕

 

 

 

ប្រែសម្រួល៖អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024