ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ប្រទេសនូវែលហ្សេឡង់សម្រេចចិត្តបិទដំណើរការប្រព័ន្ធទីកតុកនៅលើឧបករណ៍របស់រដ្ឋ ដោយសារហេតុផលសន្តិសុខជាតិ

ប្រទេសនូវែលហ្សេឡង់សម្រេចិត្តបិទដំណើរការបណ្ដាញសង្គមទីកតុកនៅលើទូរស័ព្ទ ឬឧបករណ៍ដទៃទៀតរបស់រដ្ឋ។ ជាពិសេស ប្រព័ន្ធដែលប្រើប្រាស់ ឬដំឡើងនៅក្នុងរដ្ឋសភា។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីប្រទេសខ្លះចាប់ផ្ដើមព្រួយបារម្ភថាក្រុមហ៊ុនទីកតុកអាចនឹងត្រូវបង្ខំចិត្តបញ្ជូនទិន្នន័យរបស់អ្នកប្រើប្រាស់ទៅឲ្យរដ្ឋាភិបាលចិនដើម្បីយកទៅវិភាគ។

 

 

 

 

ការព្រួយបារម្ភរបស់ក្រុមបស្ចិមប្រទេសអាចស្ដែងចេញតាមរយៈរដ្ឋាភិបាលរបស់លោកចូបៃដឹនដែលទើបតែបញ្ជាឲ្យក្រុមហ៊ុនទីកតុកលក់ភាគហ៊ុនទាំងអស់ទៅឲ្យអ្នកវិនិយោគឯកជន។ បើមិនដូច្នេះទេ ទីកតុកត្រូវតែបិទដំណើរការនៅសហរដ្ឋអាមេរិក។

 

នៅនូវែលហ្សេឡង់, រដ្ឋាភិបាលមិនទាន់ធ្វើដល់ថ្នាក់ហ្នឹងទេ។ រដ្ឋាភិបាលគ្រាន់តែហាមដំឡើងនៅលើឧបករណ៍របស់រដ្ឋ ដែលឧបករណ៍ទាំងនោះភ្ជាប់ខ្សែណិតវើកជាមួយរដ្ឋសភា។

 

ចំណាត់ការនេះត្រូវតែអនុវត្តឲ្យបានចប់សព្វគ្រប់ត្រឹមចុងខែមីនា។ រដ្ឋសភាបញ្ជាក់ថា «មុននឹងឈានដល់ការសម្រេចចិត្តនេះ, យើងបានពិភាក្សាជាមួយក្រុមអ្នកជំនាញខាងសន្តិសុខព័ត៌មានវិទ្យា, រដ្ឋាភិបាលនូវែលហ្សេឡង់ និងរដ្ឋាភិបាលប្រទេសដទៃទៀត»។ ក្រោយការប្រកាសនេះ, គេមិនទាន់ឃើញប្រតិកម្មពីក្រុមហ៊ុនបាយដេនស៍ (ByteDance) ដែលជាអ្នកដំណើរការទីកតុកនៅឡើយទេ។

 

 

 

 

នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ថ្លែងថាប្រទេសរបស់លោកអនុវត្តវិធីខុសពីប្រទេសដទៃទៀត។ មន្ទីរ-ក្រសួងនានារបស់រដ្ឋអាចអនុវត្តតាមក្រមប្រតិបត្តិរបស់ការិយាល័យសន្តិសុខព័ត៌មានវិទ្យា។ យើងមិនចង់អនុវត្តគ្របដណ្ដប់ជាទូទៅនោះទេ។ អ្នកនាំពាក្យកងសន្តិសុខជាតិនូវែលហ្សេឡង់បញ្ជាក់ថាចំណាត់ការនេះធ្វើឡើងដើម្បីជាការបង្ការ និងការពារសុវត្ថិភាព និងសន្តិសុខរបស់បុគ្គលិកគ្រប់រូប៕

 

 

 

 

ប្រែសម្រួល៖អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024