ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥

ល្បុក្កតោនិងបង្ហាញទម្រង់ទស្សនីយភាពដ៏អស្ចារ្យពីរធំៗ ក្នុងពិធីបើកកីឡាស៊ីហ្គេម លើកទី៣២

០១ មីនា ២០២៣ | កីឡា

 

ខេត្តកណ្តាល ៖ ទម្រង់ទស្សនីយភាពល្បុក្កតោចំនួនពីរធំៗ នឹងធ្វើឲ្យមានភាពអស្ចារ្យនៅក្នុងពីធីបើកជាផ្លូវការព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។


នេះបើតាមការលើកឡើងរបស់លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ក្នុងឱកាស បើកវគ្គហ្វឹកហ្វឺនទម្រង់ល្បុក្កតោ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ឌៀង សារុន នាយរងសេនាធិការចម្រុះ ខ.ភ.ម. និងមេបញ្ជាការរងប្រចាំការបញ្ជាការដ្ឋានកងអង្គរក្សតំណាង ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស កាលពីចុងសប្តាហ៍កន្លងទៅ នៅក្នុងបន្ទាយនៃនាយកដ្ឋានអង្គរក្សខេត្តកណ្តាល។


លោកអគ្គលេខាធិការរងរូបនេះសង្កត់ធ្ងន់យ៉ាងដូច្នេះថា ៖«ទម្រង់ទស្សនីយភាពមានពីរធំៗ គឺទ័ពសម័យអង្គ នៅក្នុងផែនទស្សនីយភាព “រុងរឿងនៃអង្គរ” និងល្បុក្កតោសម័យទំនើប ដែលយើងធ្វើទំនើបកម្មកីឡាគុនល្បុក្កតោ ទៅជាចង្វាក់ភ្លេង និងទស្សនីយភាពបែប LED ថ្មីមួយ នៅក្នុងទស្សនីយភាព “ភាពរុងរឿងនៃកម្ពុជា”។ ដូច្នេះហើយ យើងសង្ឃឹមថា តាមរយៈការហាត់សមនេះនឹងបង្ហាញចេញនូវទស្សនីយភាពដ៏អស្ចារ្យ ក្នុងពិធីបើកស៊ីហ្គេម។

 

រីឯក្នុងកម្មវិធីបិទស៊ីហ្គេមក៏នឹងមានកម្លាំង ៦០០នាក់សម្តែងទស្សនីយភាពមួយ “មហាព្រលឹងគុនល្បុក្កតោ”។ សម្រាប់ទស្សនីយភាពការសម្តែងគុនល្បុក្កតោនឹងមានកម្លាំងចំនួន ១២០០នាក់ ដោយចំនួននេះមានចំនួនតិចជាងចំនួនមនុស្សដែលចូលរួមសម្តែងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ កាលពីចុងឆ្នាំ២០២២កន្លងទៅ ប៉ុន្តែគុណភាព និងទម្រង់សម្តែងសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះនឹងព្យាយាមធ្វើឲ្យល្អ និងអស្ចារ្យតាមគោលដៅដែលយើងចង់បាន»។

 

 

លោក អ៊ួ តារា គូសបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ គឺនៅសល់រយៈពេល៦៦ថ្ងៃប៉ុណ្ណោះ ដោយក្រុមសម្តែងទស្សយីភាពគុនល្បុក្កតោ ទាំងគ្រូបង្គោល និងសិក្ខាកាមទាំងអស់សហការជាមួយបញ្ជាការដ្ឋានកងអង្គរក្ស ដើម្បីរៀបចំសម្តែងទស្សនីយភាពដ៏អស្ចារ្យ ក្នុងកម្មវិធីបើក-បិទ ស៊ីហ្គេម។ជាមួយគ្នានេះ លោកអគ្គលេខាធិការរងបានបង្ហាញភាពជឿជាក់ថា ក្នុងរយៈពេលនៅសល់៦៧ថ្ងៃនេះ ក្រុមសម្តែងទស្សនីយភាពគុនល្បុក្កតោនឹងធ្វើបានល្អជាពិសេសជាក់ជាមិនខាន ពីព្រោះ កងកម្លាំងបញ្ជាការដ្ឋានកងអង្គរក្សមានវិន័យល្អ ភាពម៉ឺងម៉ាត់ហ្មត់ចត់ និងជាកងកម្លាំងពិសេសផង ដូច្នេះការហ្វឹកហាត់សមត្រៀមនេះនឹងអាចធ្វើបានល្អប្រសើរផងដែរ។

 

 

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌៀង សារុន មានប្រសាសន៍ថា ៖«យើងពិតជាមានមោទនភាព ដែលបានចូលរួមសម្តែងក្នុងព្រឹត្តការណ៍កីឡាជាតិលើកទី៣ កាលពីចុងឆ្នាំ២០២២ ដែលទើបតែបញ្ចប់កន្លងទៅនេះ ដោយទទួលបាននូវការកោតសរសើរពីសម្តេច និងមហាជនជាច្រើន»។

 

 

ឯកឧត្តមមានជំនឿថា កងកម្លាំងសម្តែង ១២០០នាក់នឹងបន្តសហការឲ្យបានល្អជាមួយក្រុមគ្រូបង្វឹកមកពីសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងក្រុមជំនាញមកពីសាធារណរដ្ឋប្រជាមានិតចិន ដើម្បីហ្វឹកហាត់គ្រប់ទម្រង់ទស្សនីយភាពឲ្យបានល្អ ក្នុងពិធីបើក-បិទស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ឆ្នាំ២០២៣។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នឹងត្រូវប្រារព្ធធ្វើឡើងជាផ្លូវការនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី៥ ខែឧសភា និងពិធីបិទផ្លូវការនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ចំណែកឯកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងត្រូវធ្វើឡើងពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕

 

 

អត្ថបទ៖ សារ៉ាន ទីងី  រូបភាព៖ Cambodia 2023

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025