ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥

អត្តពលិកកម្ពុជា ដែលរងរបួស និងទទួលបានការព្យាបាល ដោយមិនគិតថ្លៃ

១៦ កុម្ភៈ ២០២៣ | កីឡា

 

អត្តពលិកកីឡារបស់កម្ពុជា ដែលមានបញ្ហា រងរបួស និងទទួលបានការមើលថែ ព្យាបាលដោយមិនគិតថ្លៃ ។ នេះបើតាមការបង្ហោះរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ម្សិលមិញ នៅលើផេកផ្លូវការរបស់សម្តេចផ្ទាល់ ។

ខ្លឹមសារនៃការបង្ហោះសារលើកទឹកចិត្តដល់កីឡាករ កីឡាការិនី សម្តេចតេជោ បានសរសេររៀបរាប់យ៉ាងដូច្នេះថា «បងប្អូនកីឡាករកីឡាការិនី!កន្លងមកបងប្អូនកីឡាករ កីឡាការិនីមួយចំនួនបានរងរបួសដោយការប្រកួតពិសេសកីឡាបាល់ទាត់និងប្រដាល់។ ក្រោយត្រូវរបួសបងប្អូនជួបការលំបាក ក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋនិង ឯកជនដោយរាប់ទាំងការលំបាកលើថវិកាលើការព្យាបាលផងដែលជាញឹកញាប់ ភរិយាខ្ញុំបានផ្តល់នូវការឧបត្ថម្ភសម្រាប់ ការព្យាបាលចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ» ។

 

សម្តេចតេជោ បានបន្តថា «ដោយមើលឃើញនូវការលំបាកបែបនេះ ព្រឹកនេះខ្ញុំបានពិភាក្សាជាមួយឯកឧត្តម ម៉ម ប៊ុនហេងនិងលោកជំទាវយក់ សម្បត្តិដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាល កីឡាករ កីឡាការិនីនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាពដែលមានចំនួនគ្រែពី ១០០ទៅ២០០គ្រែ។ ការព្យាបាលមិនតម្រូវឲ្យមានការបង់ប្រាក់ និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួស»។

 

 

ទន្ទឹមនោះប្រមុខថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា សម្តេចតេជោ ក៏សូមស្នើអោយក្រសួងសុខាភិបាលរៀបចំឲ្យបានឆាប់ដែលនឹងអាចចូលរួមផងដែរដល់ការប្រកួតស៊ីហ្គេមនាពេលខាងមុខ។ ជាចុងក្រោយសម្តេច ក៏សូមកីឡាករ កីឡាការិនីទទួលយកនូវ សេវាព្យាបាលនៅមន្ទីរពេទ្យនេះដោយការពេញចិត្ត។

 

 

គូសបញ្ជាក់ផងដែលថា ការគិតគូពីសុខទុក្ខកីឡាករ កីឡាការិនីយ៉ាងដូច្នេះ ប្រៀបដូចជាការជម្រុញទឹកចិត្ត អោយអត្តពលិកកម្ពុជាកាន់តែខិតខំហ្វឹកហាត់កាន់តែខ្លាំង ដើម្បីដណ្តើមមេដាយជូនជាតិ នាពេលខាងមុខ ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ។

 

 

អត្ថបទ និងរូបភាព៖ សារ៉ាន ទីងី

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025