ថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤
ភ្នំពេញ៖ លោក Oliver Scheer ជំនាញការមកពីស្ថាប័នអត្តពលកម្មពិភពលោក (World Athletics)បានធ្វើទស្សនកិច្ចលើកទី២ មកកម្ពុជា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ក្នុងគោលបំណង ដើម្បីរៀបចំសិក្ខាសាលា ស្តីពីការវាយតម្លៃរចនាសម្ព័ន្ធ/យុទ្ធសាស្ត្រគម្រោង និងរៀបចំប្រព័ន្ធនៃការបង្វឹក ដោយសហការជាមួយសហព័ន្ធ ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Oliver Scheer បានអោយដឹងថា គម្រោងនេះ មានរយៈពេល ១ឆ្នាំ គិតចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ចុងខែកក្កដា ឆ្នាំ២០២៣ ដែលឧបត្ថម្ភដោយអង្គការសាមគ្គីអូឡាំពិក។
លោកបានគូសបញ្ជាក់ថា សហព័ន្ធខ្មែរកីឡាអត្តពលកម្ម បានសហការរៀបចំយ៉ាងល្អ ក្នុងគម្រោងនេះ ដែលធ្វើឱ្យមានវឌ្ឍនភាពល្អ ទោះបីមានការយឺតយ៉ាវបន្ដិចបន្ដួច ដោយសារការរៀបចំមហាសន្និបាតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីក៏ដោយ។ ជារួមដំណើរទស្សនកិច្ចលើកទី២នេះ លោកមើលឃើញការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសកម្ពុជាកាន់តែផុសផុល។ ទោះបីនៅមានបញ្ហាខ្លះ តែលោកនឹងព្យាយាមលើកបញ្ហានោះ ដើម្បីដោះស្រាយឱ្យបានប្រសើរ និងជំរុញសហព័ន្ធ ឆ្ពោះទៅរកការអភិវឌ្ឍស្របតាមស្ដង់ដាអន្ដរជាតិ។
ដោយឡែកលោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា គម្រោងនេះ គឺមានសារៈសំខាន់ណាស់ មិនត្រឹមតែសហព័ន្ធខ្មែរកីឡាអត្តពលកម្មនោះទេ គឺផ្ដល់អត្ថប្រយោជន៍ជារួម ដែលសហព័ន្ធកីឡាជាតិដទៃ ក៏អាចយកទៅអនុវត្ត ដើម្បីធានាបាននូវការរៀបចំរចនាសម្ព័ន្ធ/យុទ្ធសាស្ដ្រគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍកីឡានីមួយៗ ឱ្យកាន់តែរីកចម្រើន ស្របតាមគោលការណ៍កីឡាអន្ដរជាតិ ដ្បិតគម្រោងនេះ មានការទទួលស្គាល់ដោយអន្ដរជាតិ។ លើសពីនេះ NOCC ក៏គ្រោងនឹងស្នើសុំអង្គការសាមគ្គីអូឡាំពិក ដើម្បីរៀបចំគម្រោងបែបនេះ ដល់សហព័ន្ធកីឡាផ្សេងៗទៀតផងដែរ៕
អត្ថបទ និងរូបភាព៖ សារ៉ាន ទីងី