ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ទីក្រុង Mohe ដែលជាទីក្រុងមួយស្ថិតនៅក្នុងតំបន់ភាគខាងជើងបំផុតរបស់ប្រទេសចិន មានអាកាសធាតុធ្លាក់ចុះត្រជាក់ខ្លាំងមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៦៩មក នៅក្នុងប្រវត្តិសាស្ត្រប្រទេសចិន កាលពីថ្ងៃអាទិត្យ។ អាកាសធាតុត្រជាក់ខ្លាំង ធ្លាក់ចុះទាបបំផុតដល់ដក៥៣អង្សាសេរ។
ស្ថានីយ៍អាកាសធាតុ នៅទីក្រុងMohe ខេត្តHeilongjiang បានបង្ហាញពីកម្រិតសីតុណ្ហភាពអាកាសធាតុធ្លាក់ចុះទាបបំផុតបំបែកកំណត់ត្រាអាកាសធាតុត្រជាក់ខ្លាំងកាលពីឆ្នាំ១៩៦៩។
លោកស្រី Xu Liling ប្រធានស្ថានីយ៍ឧត្តមនិយមប្រទេសចិនបានថ្លែងថា «ខ្យល់ត្រជាក់ បានធ្វើឱ្យសីតុណ្ហភាពអាកាសធាតុធ្លាក់ចុះដល់ដក៥០អង្សាសេរក្នុងរយៈពេល៣ថ្ងៃជាប់គ្នា»។
លោកស្រីបន្តថា នៅម៉ោង៧ព្រឹកថ្ងៃនេះ អាកាសធាតុត្រជាក់ខ្លាំងបំផុត ធ្លាក់ចុះដល់ដក៥៣អង្សាសេរ បំបែកកំណត់ត្រាអាកាសធាតុត្រជាក់ដក៥២,៣អង្សាសេរ កាលពីឆ្នាំ១៩៦៩។ អាកាសធាតុចុះត្រជាក់ដល់ដក៥៣អង្សាសេរ បានបង្កើតជាប្រវត្តិសាស្ត្រថ្មី សម្រាប់អាកាសធាតុត្រជាក់ខ្លាំងបំផុត នៅប្រទេសចិន»។
ដោយសារអាកាសធាតុត្រជាក់ខ្លាំងបែបនេះ អាជ្ញាធរមូលដ្ឋាន បានបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេរដងដើម្បីផ្តល់កំដៅជាប្រក្រតី និងទឹកប្រើប្រាស់គ្រប់គ្រាន់សម្រាប់ពលរដ្ឋអំឡុង ពេលវិស្សមកាល រដូវកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។
យ៉ាងណាក៏ដោយ ទីក្រុងMohe នៅតែជាតំបន់ដ៏សំខាន់ទាក់ទាញអ្នកទេសចរណ៍ពីតំបន់ភាគខាងត្បូងប្រទេសចិនជារៀងរាល់ឆ្នាំ ដែលគេឃើញថា អ្នកទេសចរណ៍ ទៅកំសាន្តនៅទីក្រុងMohe តែងតែជះទឹកក្តៅទៅក្នុងបរិយាកាសត្រជាក់ដើម្បីបង្កើតជារូបភាពដំណក់ទឹកកកគ្រីស្ទាល់ដ៏ស្រស់ស្អាត។
ទីក្រុង Mohe ត្រូវគេចាត់ទុកថាជាទីក្រុងទឹកកកអាកទិករបស់ប្រទេសចិន ហើយក៏ជាទីក្រុងដែលមានអាកាសធាតុត្រជាក់ខ្លាំង ដែលរដូវរងារនៅទីក្រុងនេះចាប់ផ្តើមនៅពាក់កណ្តាលខែតុលា និងបញ្ចប់ទៅនៅចុងខែមេសា។
ប្រែសម្រួល៖ណាវ័ន្ត