ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

លក្ខខណ្ឌងាយៗសម្រាប់អ្នកចង់ដាក់ពាក្យប្រកួតបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២៣នេះ

២៤ មករា ២០២៣ | កម្សាន្ដ

 

ការប្រកួតបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២៣ នឹងប្រព្រឹត្តឡើងនាពេលឆាប់ៗខាងមុខនេះ ក្រោមការរៀបចំរបស់ក្រុមហ៊ុន CIM។ តើអ្នកចង់ដាក់ពាក្យប្រកួតបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២៣ គួរដឹងអ្វីខ្លះ? ដូច្នេះយើងទៅស្តាប់ព័ត៌មានលម្អិតទាំងអស់គ្នា។

 

 

ជាការពិតរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យប្រកួតប្រជែងសម្រស់នៅកម្ពុជាកំពុងមានសន្ទុះយ៉ាងខ្លាំងក្លាគួរឱ្យកត់សម្គាល់។ ក្នុងនោះ ការប្រកួតបវរកញ្ញាចក្កវាឡ (Miss Universe) ជាកម្មវិធីដ៏ធំលំដាប់ពិភពលោក ដែលរៀងរាល់ឆ្នាំប្រទេសជុំវិញពិភពលោកតែងបញ្ជូនបេក្ខភាពចូលប្រកួតកម្មវិធីនេះពុំដែលខាន។ 

 


ក្រឡេកមកកម្ពុជាវិញ ឆ្នាំនេះជាឆ្នាំទី៦ ដែលកម្ពុជាយើងបានបញ្ជូនបេក្ខភាពចូលប្រកួត Miss Universe។ ទោះមិនទាន់មានបេក្ខភាពណាអាចបំបែកកំណត់ត្រាឱ្យកម្ពុជាចូលដល់វគ្គ Top ចុងក្រោយបានក៏ពិតមែន តែពីមួយឆ្នាំទៅមួយឆ្នាំ បវរកញ្ញាចក្កវាឡកម្ពុជា កាន់តែមានសក្កានុពលលើឆាកអន្តរជាតិ និងបានបង្ហាញឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ពីសមត្ថភាព ភាពអង់អាចរបស់ស្រី្តខ្មែរក្នុងវិស័យ Beauty Pageant។ 

 


លោក ម៉ែន និមលរតន៍ នាយកប្រត្តិបត្តិក្រុមហ៊ុន Cambodia International Models និងជាស្ថាប័នទទួលបន្ទុករៀបចំការប្រកួត Miss Universe Cambodia ធ្លាប់ប្រាប់ឱ្យដឹងថា Miss Universe ជាកម្មវិធីដ៏ធំលំដាប់ពិភពលោក បណ្តុំដោយបេក្ខភាពខ្លាំងៗពីបណ្តាប្រទេសជុំវិញពិភពលោក ដូច្នេះសម្រាប់កម្ពុជាយើងក៏ដូចគ្នា យើងបានព្យាយាមចម្រាញ់យកបេក្ខភាពល្អបំផុតដើម្បីបញ្ជូនទៅប្រកួតកម្មវិធីនេះ។

 

 

ជាក់ស្តែង សម្រាប់ការប្រកួតឆ្នាំ២០២២ កញ្ញា ហង្ស ម៉ានីតា បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២២ ធ្វើបានល្អគ្រប់ជ្រុយជ្រោយ ប៉ុន្តែដោយសារយើងនៅមានចន្លោះខ្វះខាតមួយចំនួនទើបនាងមិនអាចឈានជើងចូលវគ្គ Top តាមការគ្រោងទុកបាន។ 


ដោយមើលឃើញពីកំហុសខុសឆ្គង និងចន្លោះខ្វះខាតក្នុងឆ្នាំចាស់ ស្ថាប័នទទួលបន្ទុករៀបចំការប្រកួត Miss Universe Cambodia បានទម្លាយឱ្យដឹងចំណុចសំខាន់ៗចំនួន ១០ ដែលអ្នកចង់ដាក់ពាក្យប្រកួតបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២៣ ត្រូវដឹងជាចាំបាច់។ ចំណុចសំខាន់ទាំង ១០ មានដូចជា៖ 

 

១. អ្នកដាក់ពាក្យប្រកួតចាំបាច់ត្រូវស្វែងយល់ឱ្យច្បាស់ពី Concept កម្មវិធី Miss Universe និងអ្វីដែលកម្មវិធីប្រកួតចង់បាន
២. ដាច់ខាតត្រូវមានឆន្ទៈ និងភាពក្លាហាន ក្នុងការប្រកួតប្រជែង
៣. ចំណេះដឹងទូទៅ និង ភាសា ត្រូវតែល្អ (ដើម្បីងាយស្រួលប្រាស្រ័យទាក់ទងជាមួយអ្នករៀបចំ និងបេក្ខភាពមកពីបណ្តាប្រទេសផ្សេងៗអំឡុងពេលប្រកួត)
៤. អ្នកដាក់ពាក្យប្រកួតចាំបាច់ត្រូវមានពេលវេលាគ្រប់គ្រាន់ ក្នុងការធ្វើការជាមួយអ្នករៀបចំ (Organizer)
៥. អ្នកមានបំណងដាក់ពាក្យប្រកួតប្រជែង MUC 2023 ត្រូវផ្តោតខ្លាំងលើការជួយសង្គម និងការងារផ្សេងៗពាក់ព័ន្ធសង្គមជាតិ (មានប្រវត្តិធ្លាប់ជួយការងារសង្គមច្រើនកាន់តែល្អ)
៦. បេក្ខភាពត្រូវមានភាពថ្លៃថ្នូរ មិនត្រូវការភាពស៊ិចស៊ីហួសហេតុពេកទេ (ទម្រង់អាសអាភាស) 
៧. បេក្ខភាពចាំបាច់ត្រូវចេះប្រត្តិបត្តិខ្លួនឱ្យសមជាបវរកញ្ញាតំណាងប្រទេស ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ
៨. បេក្ខភាពត្រូវតែចេះរៀបចំតុបតែងខ្លួន និងសម្លៀកបំពាក់ឱ្យបានល្អល្អះរៀងរាល់ថ្ងៃ
៩. បេក្ខភាពត្រូវជ្រើសរើសមតិតស៊ូ (advocacy) ឱ្យរឹងមាំ និងប្រត្តិបត្តិមតិតស៊ូនោះឱ្យបានខ្ចប់ខ្ជួន
១០. គ្រប់គ្នាត្រូវចេះប្រូម៉ូតខ្លួនឯងលើប្រព័ន្ធអ៊ីនធឺណិតឱ្យបានល្អ ដើម្បីទទួលបានការបោះឆ្នោត (Vote) គាំទ្រពីមហាជន

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024