ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥
លោក Xi Jinping ប្រធានាធិបតីចិន បាននិយាយថា លោកមានក្តីកង្វល់អំពីស្ថានភាពជំងឺកូវីដ១៩នៅតាមតំបន់ជនបទស្រុកស្រែចំការរបស់ប្រទេសចិន។ យោង សារព័ត៌មានរដ្ឋចិន។ ការលើកឡើងរបស់លោកប្រធានាធិបតីXi យ៉ាងដូច្នេះបានធ្វើឡើង ខណៈពលរដ្ឋរាប់លាននាក់ ធ្វើដំណើរទៅកាន់តំបន់ជនបទដែល ជាស្រុកកំណើតដើម្បីជួបជុំគ្រួសារអបអរបុណ្យឆ្លងឆ្នាំថ្មីប្រពៃណីចិន។
ជាមួយគ្នា ប្រធានាធិបតីចិនXi Jinping បានការពារដល់នយោបាយគ្មានជំងឺកូវីដ១៩របស់លោក ថា «ជាជម្រើសដ៏ត្រឹមត្រូវ»។
នៅក្នុងការអំពាវនាវជាច្រើនបន្តបន្ទាប់កាលពីថ្ងៃពុធខណៈថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខិតជិតចូលមកដល់, លោកប្រធានាធិបតីចិនXi បានថ្លែងទៅកាន់អាជ្ញាធរមូលដ្ឋានថា លោកមានការបារម្ភអំពីស្ថានភាពនៅតំបន់ជនបទរបស់ប្រទេសចិន។
លោកXiបានលើកឡើងយ៉ាងដូច្នេះ«គាត់មានការព្រួយបារម្ភជាចម្បងអំពីតំបន់ជនបទ និងអ្នករស់នៅតាមជនបទ ក្រោយពីប្រទេសចិនលុបចោលគោលនយោ បាយគ្មានជំងឺកូវីដ១៩»។ ជាមួយគ្នា លោកXi បានសង្កត់ធ្ងន់ ទៅលើការធ្វើឱ្យប្រសើរឡើងនូវការថែទាំវេជ្ជសាស្ត្រសម្រាប់ពលរដ្ឋងាយរងគ្រោះជំងឺកូវីដ១៩នៅ តំបន់ជនបទ។
សារព័ត៌មានរដ្ឋចិនបានរាយការណ៍ឱ្យដឹងថា នៅក្នុងថ្ងៃពុធតែមួយថ្ងៃ មានមនុស្ស៣០,២លាននាក់ ធ្វើដំណើរនៅទូទាំងប្រទេសចិន។
នៅក្នុងរយៈពេលជាងមួយខែ នៅរវាងថ្ងៃ៨ធ្នូ មកដល់ថ្ងៃ១២មករា តួលេខមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩នៅក្នុងមន្ទីរពេទ្យរបស់ប្រទេសចិន មានចំនួនសរុប៥៩,៩៣៨នាក់។ យោងលោក Jiao Yahui មន្ត្រីគណៈកម្មាការសុខាភិបាលជាតិថ្លែងក្នុងសន្និសីទសារព័ត៌មាន។
ប្រទេសចិន កាលពីដើមខែធ្នូបានលុបចោលភ្លាមៗនូវគោលនយោបាយគ្មានជំងឺកូវីដ១៩ ក្រោយកើតមានបាតុកម្មជាប្រវត្តិសាស្ត្រមិនធ្លាប់មាននៅក្នុងប្រទេសចិន ប្រឆាំងនឹងវិធានការគ្មានជំងឺកូវីដ១៩ដ៏តឹងរឹងរបស់ប្រទេសចិន។
ប្រែសម្រួល៖ណាវ័ន្ត