ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥

មន្ត្រីក្នុងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា៣៧រូបបានបំពាក់បំប៉នជំនាញពីអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស

១០ មករា ២០២៣ | កីឡា

 

មន្ត្រី និងគ្រូឧទ្ទេសក្នុងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាត្រូវបានអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសបំប៉នចំណេះដឹងបន្ថែមតាមរយៈសិក្ខាសាលា”ការវាយតម្លៃ”រយៈពេល៣ថ្ងៃ ដើម្បីអភិវឌ្ឍចំណេះបន្ថែមឲ្យក្លាយជាគ្រូកម្រិតគ្រឹះស្ថានឧត្តមសិក្សាប្រកបដោយគុណភាព។


លោក ស្រី ហ៊ូ សិទ្ធិសោភាល័យ នាយិការវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា មានប្រសាសន៍ថា សិក្ខាសាលា”ការវាយតម្លៃ”ដែលប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃនេះមានគោលបំណងបង្កើនចំណេះដឹងបន្ថែមដល់មន្ត្រីនិងគ្រូឧទ្ទេសស្តីអំពី.ទី១.ការយល់ដឹងពីសារៈសំខាន់នៃការវាយតម្លៃ ទី២.តើគ្រឹះស្ថានឧត្តមសិក្សាត្រូវបានវាយតម្លៃលើចំណុចណាខ្លះដើម្បីទទួលស្គាល់ជាគ្រឹះស្ថានឧត្តមសិក្សា ទី៣. វិធីសាស្រ្តវាយតម្លៃទៅជាគ្រឹះស្ថានឧត្តមសិក្សារបស់នាយកដ្ឋានឧត្តមសិក្សា ទី៤. ការស្វែងយល់ស្តង់ដាររបស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ទី៥.ការរៀបចំវគ្គនៃការវាយតម្លៃនៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ទី៦.និតិវិធីដែលគ្រឹះស្ថានសិក្សាត្រូវបំពេញដើម្បីត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានឧត្តមសិក្សា ទី៧. រៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៣ ដោយផ្អែកតាមស្តង់ដាររបស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា។


  លោក ស្រី នាយិការបញ្ជាក់ទៀតថា សម្រាប់សិក្ខាសាលាដែលដំណើរការរយៈពេល៣ថ្ងៃនេះ មានការចូលរួមពីសមាសភាពគ្រូឧទ្ទេសមានដូចជា៖ លោក បណ្ឌិ ត សាស្រ្តចារ្យ Okade Yoshinori សាស្រ្តាចារ្យនៃសកលវិទ្យាល័យវិទ្យាសាស្រ្ត កីឡា NIP PON នៃប្រទេសជប៉ុន ឯកឧត្តម ស៊ន សេងហុក ប្រធាននាយដ្ឋាននិតិកម្ម ឯកឧត្តម ប៉ែន ស៊ីថុល អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា លោក Nishiyama Naoki អគ្គលេខាធិការ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសប្រចាំប្រទេសជប៉ុន និង លោកស្រី រស់ ចាន់សោភា ប្រធានការរិយាល័យគោលនយោបាយ និងកម្មវិធីសិក្សានៃនាយកដ្ឋានឧត្តមសិក្សា។

 

 

ឯកឧត្តម ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំយុវជននិងកីឡាបានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារថ្មីៗរបស់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសដែលបានជួយគាំទ្រដល់វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ទាំងផ្នែកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រអប់រំកាយនិងកីឡាក្លាយជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញ អាចបណ្តុះបណ្តាលធនធានគ្រូអប់រំកាយ និងកីឡាទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពគោរពតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន និងក្របខណ្ឌគុណវុឌ្ឍិជាតិ។

 

 

ទាំងនេះគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍យុទ្ធសាស្រ្តកំណែទម្រង់ការងារអប់រំកាយ និងកីឡារបស់ក្រសួងអប់រំ យុវជននិងកីឡា ធ្វើជាមុខវិជ្ជាអប់រំកាយ និងកីឡា ត្រូវបានបង្រៀនប្រកបដោយគុណភាព និងប្រសិទ្ធិភាព តាមសាលាមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ដើម្បីឲ្យកុមារកម្ពុជាមានសុខភាពល្អបរិបូរណ៍ កាយសម្បទាមាំមួន ក្លាយជាធនធានមនុស្សដ៏ប្រសើរ ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិកម្ពុជា។

 

 

 

អត្ថបទ និងរូបភាព៖ ប៉ុន សុភាព

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025