ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥
ប្រធានអង្គការសុខភាពពិភពលោកលើកឡើងនៅថ្ងៃពុធ(២១ធ្នូ)ថា អង្គការសុខភាពពិភពលោក(WHO) មានកង្វល់អំពីការកើនឡើងតួលេខអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន និងគាំទ្រដល់រដ្ឋាភិបាលចិនផ្តោតទៅលើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនចាក់វ៉ាក់ស៊ាំងជំងឺកូវីដ១៩ឱ្យប្រជាពលរដ្ឋ ពេលដែលហានិភ័យ មានកម្រិតខ្ពស់នៅទូទាំងប្រទេស។
ការឆ្លងជំងឺកូវីដ១៩ថ្មីៗនេះ បានកើនឡើងខ្ពស់នៅក្នុងប្រទេសចិនដែលជាសេដ្ឋកិច្ចធំបំផុតលំដាប់ទី២ក្នុងពិភពលោក ហើយមានការព្យាករណ៍ជាច្រើនលើក ឡើងថា ប្រទេសចិន អាចមានពលរដ្ឋដល់ទៅជាង១លាននាក់ស្លាប់ដោយសារជំងឺកូវីដ១៩នៅឆ្នាំ២០២៣។
«អង្គការសុខភាពពិភពលោក មានកង្វល់ខ្លាំងលើស្ថានភាពប្រែប្រួលនៅក្នុងប្រទេសចិន ដែលមានតួលេខអ្នកឆ្លងជំងឺកូវីដ១៩កើនឡើង»។ នេះបើតាមការការ លើកឡើងរបស់លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោកថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន។
លោក Tedros បន្តថា អង្គការសុខភាពពិភពលោក ត្រូវការព័ត៌មានលំអិតបន្ថែមទៀត លើស្ថានភាពធ្ងន់ធ្ងររបស់ជំងឺឆ្លងកូវីដ១៩, ការចូលសម្រាកព្យាបាលនៅមន្ទីរ ពេទ្យ, និងតម្រូវការផ្នែកសង្គ្រោះបន្ទាន់ ដើម្បីធ្វើការវាយតម្លៃស្ថានភាពឱ្យបានគ្រប់ជ្រុងជ្រោយ។
ការអត្ថាធិប្បាយពីប្រធានអង្គការសុខភាពពិភពលោកខាងលើ បានធ្វើឡើងនៅពេលរដ្ឋាភិបាលអាលឺម៉ង់ បានញ្ជាក់ថា អាលឺម៉ង់បានបញ្ជូនវ៉ាក់ស៊ាំងជំងឺកូវីដ១៩ BioNTech ក្រុមដំបូងទៅកាន់ប្រទេសចិន ដើម្បីចាក់ឱ្យពលរដ្ឋអាលឺម៉ង់ដែលរស់នៅក្នុងប្រទេសចិន។
ប្រែសម្រួល៖ណាវ័ន្ត