ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥

ពីអ្នកដាំបន្លែ កសិករម្នាក់បានប្រែគំនិត ធ្វើដងកាំបិត និងដងពូថៅ មានស្រោបស្ពាន់ លក់បានថ្លៃខ្ពស់

២១ ធ្នូ ២០២២ | ព័ត៌មានជាតិ



ដោយសារតែខ្លួនមានអាយុកាន់តែច្រើន មិនអាចធ្វើចំការបានដូចមុន លោក សឹម គុណ បានរៀនធ្វើដងកាំបិត និងដងពូថៅ លក់។ ដងកាំបិត និងដងពូថៅរបស់លោក សឹម គុណ មានស្រោបស្ពាន់ និងមានឆ្លាក់ក្បូរក្បាច់យ៉ាងស្អាតបន្ថែមទៀត។ ដងកាំបិត និងដងពូថៅទាំងនោះលោកអាចលក់ចាប់ពីតម្លៃ ៣០ដុល្លារ ព្រោះធ្វើពីឈើប្រណិត ដូចជា គ្រញូង នាងនួន និងឈើធ្នង់ ជាដើម។ 


ស្របពេលខ្លួនមានវ័យកាន់តែចាស់ និងមិនអាចធ្វើស្រែចំការ ក៏ដូចជាដាំបន្លែលក់ដូចអ្នកដទៃបាន លោក សឹម គុណ ជាពលរដ្ឋនៅក្នុងស្រុកស្អាងម្នាក់ ដែលពីមុនក៏ធ្លាប់ដាំបន្លែដូចអ្នកដទៃដែរ បានប្រែគំនិតធ្វើដងកាំបិត ដងពូថៅជាច្រើនផ្សេងៗ ដែលមានឆ្លាក់ក្បូក្បាច់ពីស្ពាន់ និងអាចលក់បានតម្លៃថ្លៃ។ 

 

ដងកាំបិត និងដងពូថៅរបស់លោក ប្រើពេលយូរក្នុងការធ្វើ ដែលក្នុងដងមួយលោកប្រើពេល ២ទៅ ៣ថ្ងៃទើបអាចធ្វើបានមួយទៅតាមក្បាច់ដែលភ្ញៀវធ្វើការបញ្ជាទិញ ឬក៏ធ្វើទៅតាមភ្ញៀវត្រូវការជាក់ស្តែង។ ដងកាំបិទ និងពូថៅរបស់លោក ភាគច្រើនធ្វើពីឈើប្រណិត មានដូចជា ឈើក្រញូង នាងនួន និងធ្នង់ជាដើម និងពេលខ្លះគឺភ្ញៀវរបស់លោកបានយកឈើមកឱ្យ ហើយលោកគ្រាន់តែធ្វើការស្រោបស្ពាន់ និងឆ្លាក់រូបរាងបន្ថែមពីលើតែប៉ុណ្ណោះ។ 

 

 

 

លោកថា អតិថិជនដែលជាវដងកាំបិត និងដងពូថៅរបស់លោក ភាគច្រើនជាអ្នកមកពីភ្នំពេញ ដែលពួកគេបានឃើញស្នាដៃរបស់លោកតាមរយៈបណ្តាញសង្គម ដែលកូនក្មួយរបស់លោកបានធ្វើការបង្ហោះ និងមានអ្នកចាប់អារម្មណ៍ ក៏ទាក់ទងបញ្ជាទិញ និងអ្នកខ្លះទៀតកម្មង់ម៉ូតដោយខ្លួនឯងផងដែរ។ 

 

 

បើទោះបីជាដងកាំបិត និងដងពូថៅរបស់លោកអាចលក់បានតម្លៃថ្លៃក្តី ប៉ុន្តែលោកក៏ត្រូវការពេលវេលាច្រើនក្នុងការធ្វើដែរ ហើយក្នុងដំណើរការនៃការធ្វើដងកាំបិត និងដងពូថៅទាំងនោះ ក៏មានភាពស្មុគស្មាញច្រើនផងដែរ។

 

 

ចំណេះនេះ លោកមិនបានចេះដោយខ្លួនឯងនោះទេ គឺលោកបានទៅរៀនពីជីដូនរបស់លោករយៈពេលជាង ១ឆ្នាំទើបចេះធ្វើ ប៉ុន្តែការឆ្លាក់រូប ក៏ដូចជាឆ្លាក់ឱ្យចេញជាម៉ូតផ្សេងៗ គឺលោកព្យាយាមនឹកគិតខ្លួនឯង ហើយមួយចំណែកតូចទៀតលោកបានសិក្សាបន្ថែមពីមជ្ឈដ្ឋានខាងក្រៅ។ 

 

 

ទន្ទឹមនឹងនេះ លោកក៏បានសំណូមពរឱ្យជួយគាំទ្រដល់ស្នាដៃរបស់លោកផង ខណៈនេះគឺជាផលិតផលដែលធ្វើពីដៃសុទ្ធសាតតែម្តង និងត្រូវប្រើពេលដើម្បីសម្រេចបានមួយៗ។ ហើយចំពោះអ្នកដែលមានបំណងចង់ចេះធ្វើដងកាំបិត និងដងពូថៅទាំងនេះ លោកក៏អាចណែនាំបង្រៀនបានបន្ថែមផងដែរ៕
 

 

 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ      រូបភាព៖ និន សុខលី 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025